ភាគហ៊ុនចិន

ការស្រាវជ្រាវរបស់ធនាគារ Goldman Sachs រកឃើញថា ភាគហ៊ុនចិន ខាតបង់ដល់ទៅ៦ទ្រីលានដុល្លារ ក្នុងពេល៣ឆ្នាំមកនេះ


ការស្រាវជ្រាវរបស់ធនាគារវិនិយោគពហុជាតិសាសន៍ ហ្គោឌិន ស្សាក (Goldman Sachs) បានរកឃើញថា ភាគហ៊ុនចិន បានខាតបង់ធ្ងន់ធ្ងររហូតដល់ទៅ៦ទ្រីលានដុល្លារ ក្នុងពេល៣ឆ្នាំមកនេះ ហើយអះអាងថា ភាគហ៊ុនរបស់ចិន មិនមែនទើបតែមានបញ្ហានៅដើមឆ្នាំ២០២៤ នេះទេ ពោលគឺចាប់ផ្ដើមមានបញ្ហាចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១ មកម៉្លេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN។
ភាគហ៊ុនចិន
ដោយ

ផ្សារហ៊ុនចិន បានហក់ឡើងដល់ចំណុចកំពូលអំឡុងដើមឆ្នាំ២០២១ ប៉ុន្តែចាប់តាំងពីខែកុម្ភៈ ឆ្នាំដដែលបានដាំក្បាលចុះជាបន្តបន្ទាប់ក្នុងរយៈពេល៣ឆ្នាំមកនេះ ដែលបណ្ដាលឱ្យតម្លៃភាគហ៊ុនចិន ខាតបង់រហូតដល់ទៅប្រមាណ៦ទ្រីលានដុល្លារអាម៉េរិក ពីផ្សារហ៊ុនចិន និងផ្សារហ៊ុនក្រុងហុងកុង។

សន្ទស្សន៍ផ្សារហ៊ុនក្រុងហាងសេង (Hang Seng) បានធ្លាក់ចុះដល់ទៅ១០%គ្រាន់តែនៅដើមឆ្នាំ២០២៤ នេះ ខណៈសន្ទស្សន៍ផ្សារហ៊ុនក្រុងសៀងហៃ (Shanghai Composite) បានធ្លាក់ចុះ៧% ចំណែកឯសន្ទស្សន៍ផ្សារហ៊ុនក្រុងស៊ិនជិន (Shenzhen Component) បានធ្លាក់ចុះ១០%។

ការខាតបង់ធ្ងន់ធ្ងរដ៏គួរឱ្យភ្ញាក់ផ្អើល ដែលធ្វើឱ្យគេនឹកឃើញដល់គ្រាដែលផ្សារភាគហ៊ុនចិន ដាំក្បាលចុះធ្ងន់ធ្ងរលើកចុងក្រោយចន្លោះឆ្នាំ២០១៥-២០១៦ នេះ បានឆ្លុះបញ្ចាំងពីវិបត្តិទំនុកចិត្តក្នុងចំណោមវិនិយោគិនដែលព្រួយបារម្ភអំពីអនាគតរបស់ប្រទេសចិន។

ក្រុមអ្នកវិភាគនៅធនាគារពវិនិយោគពហុជាតិសាសន៍របស់សហរដ្ឋអាម៉េរិក ហ្គោឌិន ស្សាក (Goldman Sachs) បានសរសេរនៅក្នុងកំណត់ត្រាស្រាវជ្រាវមួយរបស់ខ្លួនកាលពីថ្ងៃអង្គារ សប្ដាហ៍មុនថា នៅក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ គ្មានអ្វីគួរឱ្យសង្ស័យទេ គឺវាជារយៈពេលដ៏លំបាក និងដ៏គួរឱ្យខកចិត្តសម្រាប់វិនិយោគិន និងអ្នកចូលរួមក្នុងផ្សារហ៊ុនចិន។

ប្រទេសចិន ដែលមានសេដ្ឋកិច្ចធំទី២របស់ពិភពលោក កំពុងញាំញីដោយបញ្ហាច្រើនស្អេកស្កះរាប់ចាប់ពីការដាំក្បាលចុះនៃវិស័យអចលនវត្ថុ បរិត្តផរណា បំណុល អត្រាកំណើតទារកធ្លាក់ចុះ និងការថយចុះកម្លាំងការងារ ក៏ដូចជាការផ្លាស់ប្តូរឆ្ពោះទៅរកគោលនយោបាយជំរុញដោយមនោគមវិជ្ជា ដែលបានធ្វើឱ្យវិស័យឯកជនមានភាពច្របូកច្របល់ និងបំភ័យឱ្យក្រុមហ៊ុនបរទេសរត់ចេញ។

វិបត្តិភាគហ៊ុននេះបានធ្វើឱ្យទីផ្សារចិន ទទួលបានលទ្ធផលអន់ជាងគេគិតមកទល់នឹងដើមឆ្នាំនេះ ផ្ទុយពីផ្សារហ៊ុនពិភពលោកដែលដឹកនាំដោយ Wall Street និងផ្សារហ៊ុនអាស៊ី ដែលដឹកនាំដោយជប៉ុន។

មានសញ្ញាបង្ហាញថា រដ្ឋាភិបាលចិន ចាប់ផ្តើមមានការព្រួយបារម្ភហើយនៅពេលនេះ។ ទីភ្នាក់ងារព័ត៌មានមួយបានរាយការណ៍កាលពីសប្តាហ៍មុនថា ទីក្រុងប៉េកាំងបានចេញសេចក្ដីណែនាំឱ្យធនាគារនានាលក់ចេញប្រាក់ដុល្លារ ដើម្បីគាំទ្រដល់ប្រាក់យន់ (Yuan) របស់ចិន ហើយសារព័ត៌មានដ៏ល្បីល្បាញ Bloomberg បាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍មុនថា រដ្ឋាភិបាលចិន កំពុងត្រៀមធ្វើអន្តរាគមន៍ដោយផ្ទាល់ ដើម្បីគាំទ្រភាគហ៊ុនចិន។

ជាក់ស្ដែង នាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) កាលពីថ្ងៃច័ន្ទសប្ដាហ៍មុនបានបញ្ជាឱ្យមន្ត្រីចាត់វិធានការប្រកបដោយប្រសិទ្ធភាព និងខ្លាំងក្លា ដើម្បីធ្វើឱ្យទីផ្សារមានស្ថិរភាព។ ប៉ុន្តែសំណួរសួរថា តើចិន អាចស្ដារទំនុកចិត្តរបស់វិនិយោគិនឡើងវិញបានដែរ ឬយ៉ាងណា?៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទិន្នផលថាមពលនុយក្លេអ៊ែ អាចនឹងបំបែកកំណត់ត្រាពិភពលោកនៅឆ្នាំ២០២៥

ព័ត៌មាន
ទិន្នន័យបង្ហាញថា ការផលិតថាមពលនុយក្លេអ៊ែទំនងជានឹងបំបែកកំណត់ត្រា នៅក្នុងឆ្នាំ២០២៥ នៅពេលប្រទេសកាន់តែច្រើនបានបោះទុនវិនិយោគលើម៉ាស៊ីនរ៉េអា…

រុស្ស៊ី កំពុងកសាងប្រព័ន្ធសេដ្ឋកិច្ចថ្មី ដើម្បីប្រឆាំងប្រព័ន្ធសេដ្ឋកិច្ចផ្អែកលើប្រាក់ដុល្លារ

ព័ត៌មាន
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានទម្លាយឱ្យដឹងកាលពីថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅថា មហាអំណាចរុស្ស៊ី កំពុងកសា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ