ការបិទរោងចក្រ

ការបិទរោងចក្រ និងអាជីវកម្មនៅមីយ៉ាន់ម៉ា ជះឥទ្ធិពលអវិជ្ជមានដល់ សុខុមាលភាពសង្គម


តាំងពីជួបភាពវឹកវរ ក្នុងខែកុម្ភៈដើមឆ្នាំ២០២១ ដោយសាររដ្ឋប្រហារយោធាមក សេដ្ឋកិច្ចប្រទេសមីយ៉ាន់ម៉ា រងគ្រោះយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឲ្យរោងចក្រ និងអាជីវកម្មជាច្រើន សម្រេចផ្អាកដំណើរការបណ្តោះអាសន្ន ហើយខ្លះឈានទៅដល់ការបិទទ្វារតែម្តង ដែលជាបញ្ហាអវិជ្ជមានសម្រាប់សុខុមាលភាពសង្គម ស្របពេលដែលស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗបានព្យាករកំណើនសេដ្ឋកិច្ចប្រទេសភូមាសម្រាប់ឆ្នាំ២០២១ ថានឹងមានការដាំក្បាលចុះដល់ទៅ -១៨%ឯណោះ។
កម្មកររោងចក្រកំពុងតែធ្វើការដេរខោ អាវ
ដោយ

តាម​សារព័ត៌មាន​ក្នុងស្រុក​មី​យ៉ា​ន់​ម៉ា Eleven Media Group ចេញផ្សាយ​នៅ​ថ្ងៃនេះ ឲ្យ​ដឹង​ថា អាជ្ញាធរ​នៃ​តំបន់ឧស្សាហកម្ម​ជា​ច្រើន​តំបន់ ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា សុទ្ធតែ​បង្ហាញ​ពី សញ្ញា​អវិជ្ជមាន​នៃ​ដំណើរការ​វិនិយោគ​ក្នុង​តំបន់ ដោយ​អះអាង​ពី​ការ​បិទ​អាជីវកម្ម និង​រោងចក្រ​ជា​ច្រើន​ពិសេស​នៅ​ក្នុង​វិស័យ កែ​ច្នៃ និង​វេច​ខ្ចប់ ដោយសារ​តែ​គ្មាន​ការ​បញ្ជា​ទិញ​ពី​ក្រៅប្រទេស​។

អាជ្ញាធរ​នៃ​តំបន់ឧស្សាហកម្ម ស្វា​ថា​ន​វី​ន បាន​បញ្ជាក់​ឲ្យ​ដឹង​ថា រោងចក្រ​កាត់ដេរ​កាន់កាប់​ដោយ​ចិន ដែល​មាន​បុគ្គលិក​ជាង ១​ពាន់​នាក់ បាន​ប្រកាស​បិទ​ជា​ផ្លូវការ​នៅ​ខែមិថុនា កន្លង​ទៅ​នេះ ដោយសារ​តែ​កង្វះខាត​វត្ថុធាតុដើម និង​ពុំ​មានការ​បញ្ជា​ទិញ ហើយ​អាជ្ញាធរ​បញ្ជាក់​ថា កត្តា​សំខាន់​គឺ​បណ្តាល​មក​ពី អ​ស្ថិរភាព​នយោបាយ​។

កាលពី​ថ្ងៃ​ទី ២១ ខែកញ្ញា​កន្លង​ទៅ​ថ្មី​ៗ​នេះ រោងចក្រ​កាត់ដេរ​មួយ​របស់​មី​យ៉ា​ន់​ម៉ា នៅ​ក្នុង​តំបន់ ឡា​ង​ថា​រី បាន​ផ្អាក​ដំណើរការ​បណ្តោះអាសន្ន បន្ទាប់​ពី​បើក​ដំណើរការ​ជាង ៥​ឆ្នាំទៅ​ហើយ​នោះ ដោយ​តំណាង​រោងចក្រ បកស្រាយ​ថា ការ​ផ្អាក​នា​ពេល​នេះ គឺ​ដោយសារ​តែ​វិបត្តិ​មេរោគ​កូ​វី​ដ​១៩ គ្មាន​ការ​បញ្ជា​ទិញ និង​ជា​ពិសេស​គឺ បញ្ហា​នយោបាយ​។

គណៈកម្មការ​តំបន់ ឡា​ង​ថា​រី បាន​លើក​ឡើង​ថា គិត​ចាប់តាំងពី​ខែកុម្ភៈ ដែល​មាន​បញ្ហា​រដ្ឋប្រហារ​មក រោងចក្រ​ក្នុង​តំបន់​បាន​បិទទ្វារ​ជា​បន្តបន្ទាប់ គិត​មក​ទល់​ពេល​នេះ មាន ២៩​រោងចក្រ​ហើយ ដោយ​ពួក​គេ​បាន​ផ្តល់​សំណង​ទៅ​ដល់​កម្មករ​ដោយ​អនុលោម​ទៅ​តាម​ច្បាប់​របស់​ប្រទេស​មី​យ៉ា​ន់​ម៉ា​។

មន្ត្រី​នៃ​តំបន់ឧស្សាហកម្ម​ស្វា​លី​ន​បែន ក៏​បាន​អះអាង​ដែរ​ថា ក្នុង​តំបន់​ស្វា​លី​ន​បែន មាន​រោងចក្រ​បិទទ្វារ​ជា​បណ្តោះអាសន្ន​ចំនួន ៣០ និង​រោងចក្រ ៥​ទៀត​បិទទ្វារ​ជា​អចិន្ត្រៃយ៍​តែ​ម្តង​។

ជា​រួម គ្រាន់តែ​ការ​បិទ​រោងចក្រ​ក្នុង​តំបន់ឧស្សាហកម្ម​ទាំង ៣​ខាងលើ បាន​ធ្វើ​ឲ្យ​បាត់បង់​ការងារ​ជាង ២​ម៉ឺន​កន្លែង ដែល​ពួក​គេ ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា​លំបាក​ក្នុង​ជីវភាព ហើយ​ចំពោះ​រោងចក្រ​ដែល​នៅ​ដំណើរការ ក៏​កំពុង​ជួប​ប្រទះ​នូវ បញ្ហា​ជា​ច្រើន​ផង​ដែរ​។

វិស័យ​កាត់ដេរ ដែល​ដើរតួ​នាទី​យ៉ាង​សំខាន់ នៅ​ក្នុង​កំណើនសេដ្ឋកិច្ច​ប្រទេស​មី​យ៉ា​ន់​ម៉ា និង​ជា​ទំនិញ​នាំ​ចេញ​ច្រើន​ជាងគេ​បំផុត​ក្នុង​ឆ្នាំ ២០១៩​កន្លង​ទៅ បាន​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ ធ្វើ​ឲ្យ​បាត់បង់​ការងារ​ជា​ច្រើន​ម៉ឺន​កន្លែង​។

បើ​តាម​ទិន្នន័យ​ពី សមាគម​រោងចក្រ​កាត់ដេរ​មី​យ៉ា​ន់​ម៉ា បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ ២០១៩​កន្លង​ទៅ មី​យ៉ា​ន់​ម៉ា មាន​រោងចក្រ​កាត់ដេរ​ប្រមាណ ៦០០​កន្លែង ដែល​មាន​កម្មករ​ជាង ៥០​ម៉ឺន​នាក់ ហើយ​ផលិតផល​នាំ​ចេញ មាន​ទំហំ​ជាង ៤​ពាន់ ៣​រយ​លាន​ដុល្លារ​អា​មេ​រិ​ក​។

សូម​ជម្រាប​ដែរ​ថា ដោយសារ​តែ​បញ្ហា​រដ្ឋប្រហារ​យោធា និង​ការ​ផ្ទុះ​ឡើង​វិញ​នូវ មេរោគ​ឆ្លង​កូ​វី​ដ​១៩ ធនាគារពិភពលោក បាន​ព្យាករណ៍​ថា សេដ្ឋកិច្ច​ប្រទេស​មី​យ៉ា​ន់​ម៉ា អាច​នឹង​ធ្លាក់​ចុះ​ដល់​ទៅ ១៨% ហើយ​ធនាគារពិភពលោក បាន​បន្ថែម​ទៀត​ថា ការ​ធ្លាក់​ចុះ​នូវ​សេដ្ឋកិច្ច​នា​ពេល​នេះ មាន​ន័យ​ថា សេដ្ឋកិច្ច​ប្រទេស​មី​យ៉ា​ន់​ម៉ា គឺ​តូច​ជាង​មុន ៣០% ធៀប​នឹង​សេដ្ឋកិច្ច កាលពី​មិន​ទាន់​មាន​កូ​វី​ដ​១៩ និង​រដ្ឋប្រហារ​ដោយ​យោធា​៕

អត្ថបទ​៖ វណ្ណ វុ​ឌ្ឍ​វិវឌ្ឍន៍ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើវៀតណាមនឹងត្រូវថវិកាប៉ុន្មានទៀត ដើម្បីគាំទ្រដល់ពលរដ្ឋ និងអាជីវកម្មរងគ្រោះដោយសារកូវីដ១៩ និងការស្ដារសេដ្ឋកិច្ច?

ព័ត៌មាន
វៀតណាម ជាប្រទេសមួយស្ថិតនៅក្នុងចំណោមប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលកំពុងមានករណីឆ្លងរីករាលដាលកូវីដ១៩ធ្ងន់ធ្ងរជាងគេ ជាមួយនឹងករណីឆ្លងថ្…

ផ្ទះលំហែបែបស្រុកស្រែ «ក្រៀលរីសត» លាក់ខ្លួនក្បែរតំបន់ទេសភាពជាយដែនស្រស់ត្រកាលនាខេត្តកំពត ដែលភ្ញៀវទេសចរមិនគួរមើលរំលង

ព័ត៌មាន
«ក្រៀល- The Crane Resort» គឺជារីសតផ្ទះលំហែបែបធម្មជាតិថ្មីសន្លាងមួយ ហ៊ុមព័ទ្ធដោយទេសភាពស្រស់បំព្រង នៃតំបន់ទល់ដែនខេត្តកំពត ដោយផ្តល់ឱ្យនូវប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ