នយោបាយ-កម្ពុជា-អាមេរិក

អាមេរិក​ព្រួយ​បារម្ភ​ចំពោះ​ការ​ចាប់​ខ្លួន​សកម្មជន​អតីត​បក្ស​ប្រឆាំង​នា​ពេល​ថ្មីៗ​នេះ


ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ចាប់​ខ្លួន​សកម្មជន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នា​ពេល​ថ្មីៗ​នេះ និង​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​អ្នក​ទោស​ទាំង​អស់​នោះ និង​ស្តារលទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ នៅ​ក្នុង​ប្រទេស​កម្ពុជា។
លោកស្រី Morgan Ortagus អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក។
ដោយ

តាមរយៈ Twitter, លោកស្រី Morgan Ortagus អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក បាន​និយាយ​នៅ​ក្នុង​សារ​វីដេអូ​ខ្លី យ៉ាង​ដូច្នេះ​ថា ៖ «សហរដ្ឋ​អាមេរិក​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​បង្ក្រាប​ជា​បន្ត​បន្ទាប់​ផ្នែក​នយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា ទៅ​លើ​អតីត​គណបក្ស​សង្គ្រោះជាតិ ឬ CNRP រួមទាំង​ការ​ចាប់​ខ្លួន​អតីត​សកម្មជន CNRP ជាច្រើន​នាក់​ នា​ពេល​ថ្មីៗ​នេះ។»

លោកស្រី Morgan Ortagus បាន​បន្ត​ថា សហរដ្ឋ​អាមេរិក​បន្ត​ជំរុញ​រដ្ឋាភិបាល​កម្ពុជា ឱ្យ​ដក​ការ​រឹត​ត្បិត​ផ្នែក​នយោបាយ​ដែល​មិន​ត្រឹមត្រូវ លើ​មនុស្ស​ទាំង​អស់​នៅ​កម្ពុជា និង​ដោះលែង​អ្នក​ទោស​ទាំងនោះ ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​ខុស​ច្បាប់ រួមទាំង លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្រ្គោះជាតិ​ ផង​ដែរ។

លោកស្រី Morgan Ortagus បាន​និយាយ​ដូច្នេះ​ថា ៖ «យើង​តែងតែ​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​ពហុបក្ស​ពិត​ប្រាកដ ឡើងវិញ និង​ការពារ​សិទ្ធិ​មនុស្ស និង​សេរីភាព​ជា​មូលដ្ឋាន ។ នេះ​រួម​បញ្ចូល​ទាំង​ការ​ដក​ចេញ​នូវ​ការ​រឹតត្បិត​ហួស​ហេតុ​ណា​មួយ​ទៅ​លើ​សកម្មភាព​នយោបាយ​របស់​មេដឹកនាំ​ប្រឆាំង​ទាំង ១១៨​រូប។»

កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ អាជ្ញាធរ​បាន​ចាប់​ខ្លួន​អតីត​សកម្មជន​គណបក្ស​​សង្រ្គោះ​ជាតិ​ចំនួន ៦​នាក់ ក្រោម​ការ​ចោទ​ប្រកាន់​ថា រៀបចំ​ប្រមូល​កម្លាំង​ធ្វើ​ការ​ប្រឆាំង​អាជ្ញាធរ បង្ក​អស្ថិរភាព​សង្គម បើ​សិន​ជា​មេបក្ស​ប្រឆាំង លោក សម រង្ស៊ី វិល​ត្រលប់​មក​វិញ​មែន នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា។ 

យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​អតីត​គណបក្ស​សង្រ្គោះ​ជាតិ ការ​ចាប់​ខ្លួន ៦​នាក់​ចុង​ក្រោយ​នេះ បាន​ធ្វើ​ឲ្យ​ការចាប់​ខ្លួន​សរុប​របស់​សកម្មជន​គណបក្ស​ខ្លួន​ មាន​ចំនួន ២៦​នាក់​ហើយ ក្នុង​ឆ្នាំ​២០១៩​នេះ។

អ្នក​នាំពាក្យ​រដ្ឋាភិបាល មិន​បាន​ឆ្លើយតប​សំណួរ​ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ចំពោះ​សេចក្តីថ្លែងការណ៍​ចុង​ក្រោយ​នេះ​របស់​ក្រសួង​ការបរទេស​អាមេរិក​នោះ​ទេ។

លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៩ ខែ​កញ្ញា​នេះ ថា គណបក្ស​សង្រ្គោះជាតិ​បាន​ក្លាយ​ជា «ខ្មោច» រួច​ហើយ ដូច្នេះ មិន​អាច​រស់​ឡើង​វិញ​បាន​ជា​ដាច់ខាត​ ទោះ​ក្នុង​ករណី​ណា​ក៏​ដោយ។

សម្រាប់​អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នោះ គឺ​ជា​អ្នក​ដែល​បង្ក​ចលាចល​ក្នុង​សង្គម។ ​នេះ​បើ​យោង​តាម​លោក សុខ ឥសាន។

លោក សុខ ឥសាន បាន​និយាយ​ប្រាប់​អ្នក​សារព័ត៌មាន តាមរយៈ​តេឡេក្រាម ដូច្នេះ​ថា ៖ «ការ​ជាប់​គុក​នៃ​មនុស្ស​មួយ​ចំនួន មិនមែន​ដោយ​អុច​ធូប​ទេ តែ​ដោយសារ​ធ្វើ​សកម្មភាព​បង្ក​ចលាចល​និង​បាត់​សណ្តាប់​ធ្នាប់​សាធារណៈ​សង្គម រំខាន​គេ​ឯង។»

នា​យប់​ថ្ងៃ​ពុធ​ទី១៨ ខែ​កញ្ញា​នេះ ផង​ដែរ ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ថ្មី​ប្រចាំ​កម្ពុជា លោក W.Patrick Murphy បាន​មក​ដល់​ប្រទេស​កម្ពុជា​ហើយ​ ដោយ​លោក​បាន​និយាយ​ថា នឹង​ពង្រឹង​ទំនាក់​ទំនង​ទ្វេ​ភាគី​ឡើង​វិញ រវាង​កម្ពុជា​និង​អាមេរិក៕




អត្ថបទបន្ទាប់


ប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ១ លើលោក អាមេរិក នឹងពង្រីកទីផ្សារនាំចេញឧស្ម័នធម្មជាតិរាវមកកាន់តំបន់អាស៊ី និងអឺរ៉ុប

ព័ត៌មាន
ប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ ១នៅលើពិភពលោក សហរដ្ឋអាមេរិក ត្រូវបានគេកត់សម្គាល់ឃើញថា ជាប្រទេសដែលមានការនាំចេញឧស្ម័នធម្មជាតិរាវទៅកាន់ទីផ្សារ…

រដ្ឋ សម្រេចបន្ដឲ្យ ២ឆ្នាំទៀត សម្រាប់ការបង់ពន្ធអចលនទ្រព្យជាកញ្ចប់ ឬហៅថា បង់ពន្ធជាមុនតាមគម្រោង

ព័ត៌មាន
ការបង់ពន្ធអចលនទ្រព្យជាកញ្ចប់ ឬហៅថាការ បង់ពន្ធមុនទៅតាមគម្រោងអភិវឌ្ឍន៍ ត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុញ្ញាតឲ្យបន្តរយៈពេល ២ឆ្នាំបន្ថែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ