អចលនទ្រព្យ

តើតម្លៃអចលនទ្រព្យនៅប៉ែកខាងត្បូងរាជធានីភ្នំពេញនឹងប្រែប្រួលយ៉ាងណា ក្រោយព្រលានយន្តហោះអន្តរជាតិតេជោដាក់ឱ្យដំណើរការ?


នៅប៉ែកខាងត្បូងរាជធានីភ្នំពេញ គឺជាតំបន់សេដ្ឋកិច្ចមួយដ៏សំខាន់ និងស្ថិតក្នុងផែនការអភិវឌ្ឍន៍យ៉ាងមមាញឹករបស់រាជរដ្ឋាភិបាល។ តួរយ៉ាងផ្លូវក្រវាត់ក្រុង និងផ្លូវ៦០ម៉ែត្រ ព្រមទាំងតំបន់ពាណិជ្ជកម្មសំខាន់ៗ និងព្រលានយន្តហោះអន្តរជាតិតេជោ ក៏ស្ថិតនៅប៉ែកខាងត្បូងរាជធានីភ្នំពេញនេះដែរ។ តើតម្លៃអចលនទ្រព្យនៅប៉ែកខាងត្បូងរាជធានីភ្នំពេញនឹងប្រែប្រួលយ៉ាងណា ក្រោយព្រលានយន្តហោះអន្តរជាតិ តេជោ ដាក់ឱ្យដំណើរការ?
អចលនទ្រព្យ
ដោយ

លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា កត់សម្គាល់ឃើញថា តម្លៃអចលនទ្រព្យតែងតែមានការប្រែប្រួលទៅតាមកំណើនសេដ្ឋកិច្ច និងភាពរីកចម្រើននៃវិស័យហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់នីមួយៗ។

ជាក់ស្ដែង តំបន់ស្ថិតក្នុងផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាល នៅប៉ែកខាងត្បូងរាជធានីភ្នំពេញ ដែលកំពុងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន ជាពិសេសអាកាសយានដ្ឋានអន្តរជាតិ តេជោ បាននិងកំពុងទាក់ទាញការវិនិយោគយ៉ាងច្រើនរាប់ចាប់តាំងពីវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងលំនៅឋាន។

បើតាមអ្នកជំនាញរូបនេះ នៅមុនឆ្នាំ២០១៧ តម្លៃដីនៅប៉ែកខាងត្បូងរាជធានីភ្នំពេញ ស្ថិតក្នុងរង្វង់ប្រមាណ១០ដុល្លារក្នុង១ម៉ែត្រការ៉េ តែបច្ចុប្បន្នដីនៅក្នុងតំបន់ខ្លះ មានតម្លៃចន្លោះពី១០០ដុល្លារ ទៅ២០០ដុល្លារ ក្នុង១ម៉ែត្រការ៉េ។

អ្នកជំនាញរូបនេះវាយតម្លៃថា តម្លៃអចលនទ្រព្យនៅប៉ែកខាងត្បូងរាជធានីភ្នំពេញ នឹងមានការកើនឡើងបន្ថែមទៀត នៅពេលមានមនុស្សរស់នៅ និងទទួលបានគម្រោងវិនិយោគកាន់តែច្រើននាពេលខាងមុខ។

​លោកស្រី អាន សុធីតា នាយិកាគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ PropNex សង្កេតឃើញថា គម្រោងដែលរីកដុះដាលនៅប៉ែកខាងត្បូងរាជធានីភ្នំពេញ ភាគច្រើនជាប្រភេទលំនៅឋាន ខណៈអគារពាណិជ្ជកម្មភាគច្រើនស្ថិតនៅលើផ្លូវ៦០ម៉ែត្រ ឬមហាវិថីសម្ដេចតេជោ ហ៊ុន សែន។ បើតាមអ្នកជំនាញរូបនេះ នៅមួយរយៈចុងក្រោយនេះ ស្ថានភាពតម្លៃអចលនទ្រព្យមានការប្រែប្រួលតាមទីកន្លែង។ ជាក់ស្ដែងដីប្រភេទលំនៅឋានមានតម្លៃចន្លោះពី១០០ទៅ២០០ដុល្លារក្នុង១ម៉ែត្រការ៉េ និងដីប្រភេទឧស្សាហកម្មមានតម្លៃចន្លោះពី៥០ដល់១៥០ដុល្លារក្នុង១ម៉ែត្រការ៉េ។

​ជុំវិញស្ថានភាពអចលនទ្រព្យនេះដែរ ឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុន CPL បានលើកទឹកចិត្តឱ្យអ្នកចង់វិនិយោគក្នុងវិស័យអចលនទ្រព្យតែគ្មានជំនាញ គួរពឹងពាក់អ្នកជំនាញ ឬក្រុមហ៊ុន ដែលផ្តល់សេវាកម្មក្នុងវិស័យនេះ ហើយការជ្រើសរើសក្រុមហ៊ុនទៀតសោត ត្រូវស្វែងរកក្រុមហ៊ុនណា ដែលមានអាជ្ញាប័ណ្ណ និងទទួលស្គាល់ពីអាជ្ញាធរត្រឹមត្រូវ ដើម្បីជៀសវាងខាតបង់ថវិកា។

​គួរបញ្ជាក់ថា អាកាសយាន្តដ្ឋានអន្តរជាតិ តេជោ ដែលកំពុងមមាញឹកជាមួយការសាងសង់ ត្រូវបានអភិវឌ្ឍន៍លើផ្ទៃដីទំហំ២,៦០០ហិចតា ដោយមានចម្ងាយប្រមាណ១៩គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ អាកាសយានដ្ឋានអន្តរជាតិលំដាប់ 4F មួយនេះ ត្រូវបានគេរំពឹងថា នឹងក្លាយជាផ្នែកមួយដ៏សំខាន់សម្រាប់បម្រើឱ្យការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការធ្វើពាណិជ្ជកម្មរបស់កម្ពុជា។ គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៤ ព្រលានយន្តហោះដែលមានតម្លៃវិនិយោគប្រមាណ១ពាន់៥រយលានដុល្លារអាម៉េរិកមួយនេះ សម្រេចការសាងសង់បានជិត៧០%ហើយ ដោយគ្រោងដាក់ឱ្យដំណើរការនៅអំឡុងឆមាសទី១ឆ្នាំ២០២៥ ខាងមុខ៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើការរក្សាបានស្ថិរភាពតម្លៃប្រាក់រៀលមានសារសំខាន់យ៉ាងណាសម្រាប់សេដ្ឋកិច្ច និងវិស័យហិរញ្ញវត្ថុកម្ពុជា?

ព័ត៌មាន
ក្រោយកម្ពុជាអាចរក្សាបាននូវស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច រាជរដ្ឋាភិបាលកម្ពុជា និងធនាគារជាតិនៃកម្ពុជា បានដាក់ចេញគោលនយោបាយជាបន្តបន្ទាប់ ដើម្…

តើអត្រាឥណទានមិនដំណើរការនៅក្នុងវិស័យធនាគារ កើនឡើងដល់កម្រិតណាក្នុងឆ្នាំ២០២៣?

ព័ត៌មាន
ប្រធានសមាគមធនាគារនៅកម្ពុជា បានអះអាងថា ទោះបីវិស័យធនាគារនៅកម្ពុជា បានជួបព្យុះភ្លៀងជាបន្តបន្ទាប់ដោយសារកត្តាខាងក្នុង និងខាងក្រៅក៏ដោយ តែវិស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ