អចលនទ្រព្យ

ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន ស្នើឱ្យក្រសួងរៀបចំដែនដី ចេញមុខជួយដោះស្រាយបញ្ហាប្រឈមនៅក្នុងវិស័យសំណង់ និងអចលនទ្រព្យ


ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានអះអាងថា បើទោះបីជាសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានរួមចំណែកជួយអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅកម្ពុជា ដែលជាផ្នែកមួយនៃឆ្អឹងខ្នងរបស់សេដ្ឋកិច្ចជាតិ ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់យ៉ាងណាក្តី ប៉ុន្តែដោយសារឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចសកល និងបញ្ហាសង្រា្គមនានា ដែលបន្តកើតមានលើសកលលោក បានធ្វើឱ្យសមាគមជួបប្រទះនូវផលប៉ះពាល់ និងឧបសគ្គមួយចំនួនផងដែរ។
អចលនទ្រព្យ
ដោយ

តាមរយៈបញ្ហានេះ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានស្នើឱ្យក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជួយសម្របសម្រួល និងដោះស្រាយនូវបញ្ហាប្រឈមដែលវិស័យអចលនទ្រព្យនិងសំណង់នៅកម្ពុជា កំពុងជួបប្រទះផងដែរ។

នាពិធីសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤ កាលពីថ្ងៃទី ០២ ខែមេសា ឆ្នាំ២០២៤ អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានមានប្រសាសន៍ថា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានរួមចំណែអភិវឌ្ឍន៍វិស័យអចលនទ្រព្យកម្ពុជាឱ្យមានភាពរីកចម្រើនឥតឈប់ឈរ ដោយបានប្រែក្លាយដីដែលបោះបង់មិនសូវមានតម្លៃ ទៅជាដីមានតម្លៃ ពោរពេញទៅដោយសំណង់ អគារទំនើបៗ បុរីលំនៅឋាន ផ្ទះល្វែង មជ្ឈមណ្ឌលពាណិជ្ជកម្ម អគារការិយាល័យ និងផ្សារទំនើបជាដើម។ ហើយក៏បានរួមចំណែកជួយលើកកម្ពស់ជីវភាពប្រជាជនរស់នៅឱ្យបានសមរម្យ ជួយបង្កើតការងារ និងរួមចំណែកជួយជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។

បើទោះបីជា​សមាគម សម្រេចបានលទ្ធផលជាវិជ្ជមានយ៉ាងណាក្ដី តែអ្នកឧកញ៉ា លី ហួរ បានអះអាងថា ដោយសារវិបត្តិសេដ្ឋកិច្ចសកលធ្លាក់ចុះ និងការកើតមាននូវសង្គ្រាមនានា វាបានជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចកម្ពុជាទាំងមូល ជាពិសេសលើវិស័យអចលនទ្រព្យនេះតែម្តង។

ជាក់ស្តែង បើតាមថ្នាក់ដឹកនាំសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា អ្នកឧកញ៉ា លី ហួរ បញ្ជាក់អះអាងថា ការលក់ផ្ទះនៅតាមគម្រោងបុរី និងខុនដូ បានធ្លាក់ចុះយ៉ាងគំហុក, អតិថិជនមួយចំនួនបានពន្យាពេលបង់ប្រាក់ និងមួយចំនួនទៀតមិនមានលទ្ធភាពបង់ប្រាក់តែម្តង ហើយធនាគារពាណិជ្ជក៏បានតម្លើងអត្រាការប្រាក់ និង រឹតបន្តឹងការផ្ដល់ឥណទានលំនៅឋានជូនអតិថិជន និងផ្អាកផ្តល់ឥណទានលើការវិនិយោគលើវិស័យសំណង់ផងដែរ។

មិនតែប៉ុណ្ណោះ ក្រសួងស្ថានប័នរដ្ឋ ដែលពាក់ព័ន្ធមានការយឺតយ៉ាវក្នុងការផ្តល់សេវាកម្ម រឹតបន្តឹងលើការអនុវត្តផ្លូវច្បាប់ និងមានការផាកពិន័យជាប្រាក់ដល់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានផងដែរ ដែលធ្វើឱ្យក្រុមហ៊ុនមួយចំនួនមានវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ ដោយក្រុមហ៊ុនមួយចំនួនផ្អាកការសាងសង់ បិទគម្រោងទាំងមូល និងឈានទៅដល់ក្ស័យធនផងដែរ។ ក្នុងន័យនេះ អ្នកឧកញ៉ា លី ហួរ ស្នើឱ្យក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជួយសម្របសម្រួល និងដោះស្រាយនូវបញ្ហាប្រឈមដែលវិស័យអចលនទ្រព្យកម្ពុជាកំពុងជួបប្រទះនៅពេលនេះ។

​ឆ្លើយតបទៅនឹងបញ្ហាខាងលើនេះ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្នុងនាមជាប្រធានស្ថាប័នដែលជាអាណាព្យាបាល បានចាត់ទុកកង្វល់របស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ក៏ជាកង្វល់របស់ក្រសួងដូចគ្នាដែរ។ បើតាម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បញ្ហាទាំងនេះ ក៏មិនអាចដោះស្រាយដាច់ដោយឡែកបានដែរ ដូចច្នេះហើយក្រសួង និងសមាគម នឹងស្វែងរកយុទ្ធសាស្ដ្រ រួមគ្នា សម្រាប់ដើរទៅមុខលើវិថីមួយដ៏ត្រឹមត្រូវទាំងអស់គ្នា ដើម្បីដោះស្រាយបញ្ហាដែលកំពុងកើតមាននេះ។

​សូមជម្រាបថា សន្និបាតបូកសរុបការងាររបស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា រៀបចំឡើងក្នុងគោលបំណងបង្ហាញអំពីលទ្ធផលការងារសមាគមដែលបានអនុវត្តក្នុងឆ្នាំ២០២៣កន្លងទៅ និងដើម្បីរឹតចំណងសាមគ្គីភាពរវាងសមាជិកសមាជិកាសមាគម ជាមួយវិស័យឯកជន និងស្ថាប័នរដ្ឋពាក់ព័ន្ធ ម្យ៉ាងទៀត គឺដើម្បីគោរពទៅតាមលក្ខន្តិកៈរបស់សមាគមផងដែរ។ ជាមួយគ្នានេះ សមាគមក៏បានកំណត់ទិសដៅ និងផែនការការងារអនុវត្តសម្រាប់ឆ្នាំ២០២៤ ចំនួន៨ចំណុច ដើម្បីធ្វើឱ្យសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាកាន់តែមានភាពរីកចម្រើន និងបន្តចីរភាពថែមទៀត។

សូមបញ្ជាក់ផងដែរថា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា គឺជាស្ថាប័នមួយប្រមូលផ្តុំទៅដោយអ្នកវិនិយោគ អ្នកអភិវឌ្ឍគ្រាក់ៗ ល្បីៗ ដែលបាននឹងកំពុងអភិវឌ្ឍន៍គម្រោងអគារទំនើបៗ បុរីលំនៅឋាន ផ្ទះល្វែង ខុនដូរ មជ្ឈមណ្ឌលពាណិជ្ជកម្ម អគារការិយាល័យ ផ្សារទំនើប និង សំណង់អគារផ្សេងៗជាច្រើនទៀត ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិស័យទេសចរណ៍កម្ពុជា ចាប់ផ្ដើមទទួលសញ្ញាវិជ្ជមាននៅរយៈពេល៣ខែដើមឆ្នាំ២០២៤

ព័ត៌មាន
មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ និង អ្នកជំនាញទេសចរណ៍ ក្នុងវិស័យឯកជន អះអាងថា រយៈពេល៣ខែដើមឆ្នាំ២០២៤នេះ ចរន្តភ្ញៀវទេសចរជាតិ និងអន្តរជាតិ បា…

តើអ្នកជំនាញយល់យ៉ាងណាចំពោះការបង្កើតគណៈកម្មាធិការជំរុញការដោះស្រាយបញ្ហាវិស័យឯកជន?

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មាធិការជំរុញការដោះស្រាយបញ្ហាវិស័យឯកជន ដើម្បីសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈម ឬសំណូមពររបស់វិស័យ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ