វិស័យទេសចរណ៍

វិស័យទេសចរណ៍កម្ពុជា ចាប់ផ្ដើមទទួលសញ្ញាវិជ្ជមាននៅរយៈពេល៣ខែដើមឆ្នាំ២០២៤


មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ និង អ្នកជំនាញទេសចរណ៍ ក្នុងវិស័យឯកជន អះអាងថា រយៈពេល៣ខែដើមឆ្នាំ២០២៤នេះ ចរន្តភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានដើរកម្សាន្តនៅកម្ពុជា មានការកើនឡើងគួរឲ្យកត់សម្គាល់។ មន្ត្រី និង អ្នកជំនាញ បានកត់សម្គាល់ឃើញថា ការកើនឡើងនេះ ដោយសារតែការធ្វើដំណើរតាមយន្តហោះមានការកើនឡើងជាងការធ្វើដំណើរតាមផ្លូវគោក បើធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២៣ ឬ មុនពេលមានវិបត្តិជំងឺកូវីដ-១៩។
វិស័យទេសចរណ៍
ដោយ

ឯកឧត្តម សូ ម៉ារ៉ា រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បានលើកឡើងថា ចរន្តភ្ញៀវទេសចរដើរកម្សាន្តចាប់ផ្ដើមមានការកើនឡើងជាបន្តបន្ទាប់។ ជាក់ស្ដែងគ្រាន់តែនៅក្នុងខេត្តសៀមរាប អាជីវករចាប់ផ្ដើមមមាញឹកលក់ដូរដាច់ជាងមុន ដែលនេះបង្ហាញពីសញ្ញាវិជ្ជមានចំពោះវិស័យទេសចរណ៍។

មន្រ្តីជាន់ខ្ពស់រូបនេះ បានគូសបញ្ជាក់ថា បញ្ហាសង្រ្គាមនៅប៉ែកអឺរ៉ុប និងបញ្ហាភូមិសាស្រ្តនយោបាយ ពុំបានជះឥទ្ធិពលខ្លាំងមកលើវិស័យទេសចរណ៍កម្ពុជាទេ ប៉ុន្តែពេលខ្លះវាក៏ក្លាយជាឱកាសទៅវិញ ដោយសារតែមានភ្ញៀវទេសចរបរទេសខ្លះមកលេងកម្សាន្ត តែពុំចង់វិលត្រលប់ទៅវិញ។ ឯកឧត្តម សូ ម៉ារ៉ា បន្តថា នៅពេលមានការតភ្ជាប់ជើងហោះហើរត្រង់ច្រើន នាពេលខាងមុខកម្ពុជានឹងទទួលបានភ្ញៀវទេសចរកាន់តែច្រើន ខណៈបច្ចុប្បន្នការធ្វើដំណើររបស់ភ្ញៀវបរទេសភាគច្រើន គឺចុះចតនៅក្នុងប្រទេសទី២ រួចទើបបន្តដំណើរចូលមកលេងនៅកម្ពុជា។

​ជាមួយគ្នានេះ លោក ជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានទទួលស្គាល់ចំពោះភាពប្រសើរឡើងវិញនៃវិស័យទេសចរណ៍។តែយ៉ាងណាអ្នកជំនាញរូបនេះ កត់សម្គាល់ថា មធ្យោបាយធ្វើដំណើររបស់អ្នកទេសចរមកកម្ពុជា មានការប្រែប្រួលខ្លះ ដោយក្នុងនោះ ការធ្វើដំណើរតាមយន្តហោះមានការកើនឡើង ជាងការធ្វើដំណើរតាមផ្លូវគោក បើធៀបនឹងរយៈពេលដូចគ្នា មុនពេលមានវិបត្តិជំងឺកូវីដ-១៩។

ការធ្វើដំណើរតាមផ្លូវអាកាសដែលមានការកើនឡើងនេះ ត្រូវបានប្រធានសមាគមទេសចរណ៍កម្ពុជា ចាត់ទុកថា ជាការឆ្លុះបញ្ចាំងពីការកើនឡើងនៃជើងហោះហើរ ដែលសបញ្ជាក់ថា អ្នកធ្វើដំណើរមកពីបណ្ដាប្រទេសឆ្ងាយៗមានការកើនឡើងដែរ។

ទន្ទឹមនេះ លោក ជំទាវ ឆាយ ស៊ីវលីន បានលើកឡើងថា វិស័យទេសចរណ៍នៅតែមានការប្រឈមបញ្ហាមួយចំនួន ដោយសារការតភ្ជាប់ជើងហោះហើរត្រង់នៅមានកម្រិត។ក្រៅពីនេះ ការផ្សព្វផ្សាយ និងការចូលរួមពីស្ថាប័នពាក់ព័ន្ធ ក៏ដូចជាផលិតផលសេវាកម្មទេសចរណ៍ និងការជួយជ្រោមជ្រែងដល់សហគមន៍ទេសចរណ៍ នៅមូលដ្ឋាន ក៏នៅមានកម្រិតដែរ​។តែយ៉ាងណាក៏ដោយ អ្នកជំនាញវិស័យទេសចរណ៍រូបនេះ ដាក់ក្ដីសង្ឃឹមថា វិស័យទេសចរកម្ពុជា ក្នុងឆ្នាំ២០២៤នេះ មានទទួលបានភាពប្រសើរច្រើន តាមរយៈការដាក់ចេញគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា។

​ជុំវិញជើងហោះហើរនេះដែរ បើគ្មានការប្រែប្រួលទេ កម្ពុជា-ឥណ្ឌានឹងបើកការហោះហើរត្រង់ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ជាមួយការហោះហើរក្នុង១សប្តាហ៍ ចំនួន៤ជើង។តាមរយៈការតភ្ជាប់នេះ ត្រូវបានគេរំពឹងថា វានឹងកាន់តែផ្តល់ភាពងាយស្រួលជាងមុន ក្នុងការជួយជំរុញការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់វិស័យទេសចរណ៍ វិនិយោគ និងទំនាក់ទំនងការទូតផ្សេងៗផងដែរ៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ព្រះមហាក្សត្រ៖ ព្រឹទ្ធសភាត្រូវរួមចំណែកធ្វើឱ្យអំណាចរដ្ឋប្រព្រឹត្តទៅបានល្អ និងមានតុល្យភាព

ព័ត៌មាន
ព្រះមហាក្សត្រនៃកម្ពុជាមានព្រះរាជបន្ទូលថា ព្រឹទ្ធសភាត្រូវរួមចំណែកធ្វើឱ្យអំណាចរដ្ឋប្រព្រឹត្តទៅបានល្អប្រសើរ និងមានតុល្យភាព ដើម្បីការពារសន្តិភាព ឯករ…

ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន ស្នើឱ្យក្រសួងរៀបចំដែនដី ចេញមុខជួយដោះស្រាយបញ្ហាប្រឈមនៅក្នុងវិស័យសំណង់ និងអចលនទ្រព្យ

ព័ត៌មាន
ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានអះអាងថា បើទោះបីជាសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានរួមចំណែកជួយអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅកម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ