ស្ថានភាពបំណុលរបស់បណ្ដារដ្ឋក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

ស្ថានភាពបំណុលរបស់បណ្ដារដ្ឋក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក កើនខ្ពស់មិនធ្លាប់មានក្នុងរយៈពេល១៨ឆ្នាំ


ការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា កម្រិតបំណុលជាមធ្យមរបស់រដ្ឋាភិបាលនានានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក គឺស្ថិតក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាននារយៈពេល ១៨ ឆ្នាំកន្លងទៅ។ ប្រទេសកំពុងអភិវឌ្ឍន៍ភាគច្រើននៅក្នុងតំបន់នេះកំពុងព្យាយាមរក្សាស្ថិរភាពបំណុលឱ្យស្ថិតនៅក្នុងកម្រិតបច្ចុប្បន្ននៅត្រឹមឆ្នាំ២០២៧។
ស្ថានភាពបំណុលរបស់បណ្ដារដ្ឋក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

ការស្ទង់មតិដោយគណៈកម្មាធិការសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក បានបង្ហាញថា ចំនួនប្រទេសនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានហានិភ័យខ្ពស់ចំពោះមុខវិបត្តិបំណុល បាននិងកំពុងកើនឡើង ដំណាលគ្នានឹងកំណើនបំណុលសាធារណៈ និងកំណើនបន្ទុកចំណាយលើថ្លៃសេវាកម្មបំណុល។

នៅក្នុងឆ្នាំ២០១៩ ផលធៀបមធ្យមរវាងបំណុលនឹងផលិតផលក្នុងស្រុកសរុប របស់រដ្ឋាភិបាលនៅតាមបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក គឺមានកម្រិតខ្ពស់មិនធ្លាប់មាន ពោលគឺរហូតដល់ ៤០,៦% ក្នុងរយៈពេល ១១ ឆ្នាំមកហើយ។

បន្ទាប់មក តួលេខនេះបានកើនឡើងដល់ ៤៩,៥% នៃផលិតផលក្នុងស្រុកសរុប ក្នុងឆ្នាំ២០២១ដោយសារតែការបញ្ចេញកញ្ចប់ជំនួយដ៏ធំធេង និងដោយសារតែការធ្លាក់ចុះនៃប្រាក់ចំណូលរបស់រដ្ឋាភិបាល បណ្ដាលមកពីជំងឺកូវីដ ក្នុងនោះ ២ ភាគ ៣ នៃប្រទេសក្នុងតំបន់នេះ បានឈានដល់ការជំពាក់បំណុលកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០០៨មក។

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គូធឺរ៉េស (Antonio Guterres) បាននិយាយនៅក្នុងរបាយការណ៍នោះថា ការកើនឡើងបំណុលសាធារណៈនៅក្រោយសម័យកាលជំងឺកូវីដ គួបផ្សំនឹងការព្យាករអំពីកំណើនសេដ្ឋកិច្ចកាន់តែខ្សោយ និងកំណើនកាន់តែខ្ពស់នៃអត្រាការប្រាក់ បានបង្កើនហានិភ័យនៃវិបត្តិបំណុលសាធារណៈនៅទូទាំងតំបន់។

ផ្អែកតាមឯកសាររួមរបស់ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ ស្ដីពីក្របខ័ណ្ឌនិរន្តរភាពបំណុលសម្រាប់ប្រទេសដែលមានចំណូលទាប ឬពិន្ទុឥណទានសមមូល គឺមាន ១៩ ប្រទេសនៅក្នុងតំបន់ ដែលត្រូវបានវាយតម្លៃថាមានហានិភ័យខ្ពស់ចំពោះមុខវិបត្តិបំណុល។

ការព្យាករចុងក្រោយរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ បានបង្ហាញថា ត្រឹមឆ្នាំ២០២៧ ប្រទេសកំពុងអភិវឌ្ឍន៍ភាគច្រើននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ត្រូវបានគេរំពឹងថានឹងធ្វើឱ្យអត្រាបំណុលសរុបរបស់រដ្ឋាភិបាលមានស្ថិរភាពក្នុងកម្រិតបច្ចុប្បន្ន លើកលែងតែប្រទេសចិន និងប្រទេសកោះកំពុងអភិវឌ្ឍមួយចំនួនប៉ុណ្ណោះ។

ប្រទេសចំនួន ៥ មានបំណុលទូទៅសរុបរបស់រដ្ឋាភិបាល លើសពី ១០០% នៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ២០២១។ ក្នុងចំណោមនោះ ប្រទេសជប៉ុនបានជាប់ចំណាត់ថ្នាក់កំពូលក្នុងអត្រាបំណុល ២៦២% បន្ទាប់មកគឺប្រទេសសិង្ហបុរីមានអត្រាបំណុល ១៦០% ហើយប្រទេសប៊ូតង់មានបំណុល ១៣២% ប្រទេសម៉ាល់ឌីវមានបំណុល ១២៥% និងប្រទេសស្រីលង្កាមានបំណុល ១០៣%។

ទន្ទឹមនឹងនេះ បំណុលទូទៅសរុបរបស់រដ្ឋាភិបាលនៅប្រទេសហ្វីជី ឥណ្ឌា ឡាវ និងម៉ុងហ្គោលី ក៏បានកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់ផងដែរ គឺរហូតលើសពី ៨០% នៃផលិតផលក្នុងស្រុកសរុបផងដែរ៕




អត្ថបទបន្ទាប់


GDP របស់ប្រទេសចិននៅត្រីមាសទី ១ កើនលើសពីការរំពឹងទុក ក្នុងអត្រា ៤,៥%

ព័ត៌មាន
ទិន្នន័យផ្លូវការបានបង្ហាញនៅថ្ងៃអង្គារនេះថា សេដ្ឋកិច្ចរបស់ប្រទេសចិនបានកើនឡើងក្នុងអត្រាមួយលឿនជាងការរំពឹងទុកនៅក្នុងត្រីមាសទី ១ ដោយមានកំណើន …

ហេតុអ្វីអ្នកស្រាវជ្រាវបានប្រាប់ធនាគារកណ្ដាលអឺរ៉ុបឱ្យចៀសវាងពឹងផ្អែកលើរបាយការណ៍សរសេរដោយធនាគារ?

ព័ត៌មាន
ធនាគារកណ្ដាលអឺរ៉ុបបាននិងកំពុងច្របាច់បញ្ចូលគ្នា រវាងការវិភាគរបស់ខ្លួននិងរបាយការណ៍សរសេរដោយធនាគារផ្ទាល់ ដើម្បីកំណត់អំពីលក្ខខណ្ឌតម្រូវចំពោ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ