សេដ្ឋកិច្ចអឺរ៉ុប

ស្ថានភាពសេដ្ឋកិច្ចនៅអឺរ៉ុប បង្ហាញសញ្ញាជីពចរជីវិតឡើងវិញ ក្រោយធ្លាក់ចុះជាបន្តបន្ទាប់


សេដ្ឋកិច្ចរបស់អឺរ៉ុប ដែលបានធ្លាក់ចុះជាបន្តបន្ទាប់ចាប់តំាងពីផ្ទុះសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានបង្ហាញសញ្ញាជីពចរជីវិតឡើងវិញហើយ។ បើយោងតាមទីភ្នាក់ងារស្ថិតិរបស់សហភាពអឺរ៉ុប (Eurostat) នៅត្រីមាសទី១ ឆ្នាំ២០២៤ នេះ សហភាពអឺរ៉ុប សម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់០,៣% ស្របពេលសម្ពាធអតិផរណា និងបញ្ហាតានតឹងពាក់ព័ន្ធថាមពលមានភាពធូរស្រាល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AP។
សេដ្ឋកិច្ចអឺរ៉ុប
ដោយ

ក្រោយបានធ្លាក់ចុះជាបន្ទាប់បន្ទាប់តាំងពីផ្ទុះជំងឺរាតត្បាតកូវីដ-១៩ ពេលនេះសេដ្ឋកិច្ចអឺរ៉ុប បានបង្ហាញសញ្ញាវិជ្ជមានឡើងវិញហើយ ជាមួយការសម្រេចបានកំណើនសេដ្ឋកិច្ច០,៣ % នៅក្នុងត្រីមាសទី១ឆ្នាំ២០២៤ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ កំណើនសេដ្ឋកិច្ចនៅតំបន់អឺរ៉ុបនេះ បានកើតឡើងក្រោយបន្ទុកអតិផរណាលើអ្នកប្រើប្រាស់មានសភាពធូរស្រាល ស្របពេលសេដ្ឋកិច្ចអាល្លឺម៉ង់ ដែលជាបងធំនៅប្លុកនេះ លែងជួបបញ្ហាជាប់គាំង។ ទោះបីកំណើនសេដ្ឋកិច្ចនៅអឺរ៉ុបមានក្នុងកម្រិតទាបក៏ពិតមែន តែវាជាសញ្ញាជីពចរជីវិតល្អមួយសម្រាប់ប្លុកនេះ។

គួរបញ្ជាក់ថា ក្រោយរុស្ស៊ីកាត់ផ្តាច់ការផ្គត់ផ្គង់ថាមពល សេដ្ឋកិច្ចនៅអឺរ៉ុប បានស្ថិតនៅក្នុងស្ថានភាពនៃការប្រឹងទប់ទល់នឹងអតិផរណា ប៉ុន្តែនៅពេលនេះស្ថានភាពប្រសើរកំពុងតែវិលមកវិញ ក្រោយតម្លៃថាមពលបានធ្លាក់ចុះ រីឯអតិផរណាក៏បានធ្លាក់ចុះមកនៅត្រឹម២,៤% កាលពីខែមេសា កន្លងទៅ។

អត្រាអតិផរណានៅអឺរ៉ុប នៅពេលនេះ នៅមិនឆ្ងាយពីគោលដៅ២% ដែលបានកំណត់ដោយធនាគារកណ្តាលអ៊ឺរ៉ុបនោះទេ ដូច្នេះតាមរយៈលទ្ធផលនេះត្រូវបានគេរំពឹងថា តំបន់ចាយប្រាក់អឺរ៉ូនេះអាចនឹងកាត់បន្ថយអត្រាការប្រាក់គោលរបស់ខ្លួននៅអំឡុងខែមិថុនា ខាងមុខនេះ។

តួរលេខបានបង្ហាញថា សេដ្ឋកិច្ចអាល្លឺម៉ង់ ដែលពីមុនបានធ្លាក់ចុះនោះ បានកើនឡើងក្នុងរង្វង់០,២%នៅត្រីមាសទី១ឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោក ខាស្តេន ប្រ៊ីហ្សេស្គី (Carsten Brzeski )ប្រធានផ្នែកម៉ាក្រូសេដ្ឋកិច្ចពិភពលោកនៅធនាគារ ING បានបង្ហាញការស្វាគមន៍ចំណើនសេដ្ឋកិច្ចរបស់អាល្លឺម៉ង់ ដ្បិតវាជាសញ្ញាល្អសម្រាប់តំបន់អឺរ៉ុប តែយ៉ាងណា លោក ប្រាប់ឱ្យភាគីទាំងអស់ចាំអ៊ុតមើលលទ្ធផលនៅត្រីមាសបន្ត។

ការលើកឡើងបែបនេះក្រោយលោកមើលឃើញថា អាល្លឺម៉ង់កំពុងញាំញីដោយបញ្ហាការិយាធិបតេយ្យហួសហេតុ កង្វះបុគ្គលិកជំនាញ ការវិនិយោគមិនគ្រប់គ្រាន់លើហេដ្ឋារចនាសម្ពន្ធដូចជាបណ្តាញផ្លូវដែក និងអ៊ីនធឺណិតល្បឿនលឿន ក៏ដូចជាការយឺតយ៉ាវនូវការដាក់ចេញបច្ចេកវិទ្យាឌីជីថលនៅក្នុងអាជីវកម្ម និងរដ្ឋាភិបាល៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានកត្តារាំងស្ទះអ្វីនាំឱ្យកម្ពុជាមិនអាចនាំចេញគ្រាប់ស្វាយចន្ទីទៅទីផ្សារចិនដោយផ្ទាល់បានច្រើន?

ព័ត៌មាន
ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានគូសបញ្ជាក់ថា ការនាំចេញផលិតផលគ្រាប់ស្វាយចន្ទីរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ដោយផ្ទាល់ គឺមានចំនួនតិចតួច…

ជនជាតិចិន កំពុងផ្លាស់ប្តូរផ្នត់គំនិតដោយធ្វើដំណើរកម្សាន្តក្នុងស្រុក ដើម្បីកាត់បន្ថយការចំណាយ

ព័ត៌មាន
ភ្ញៀវទេសចរជនជាតិចិន កំពុងផ្លាស់ប្តូរផ្នត់គំនិតដោយងាកមកធ្វើដំណើរកម្សាន្តក្នុងស្រុក ជំនួសឱ្យការធ្វើដំណើរកម្សាន្តនៅក្រៅប្រទេស ដែលពួកគេគិតថា មា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ