សហភាពអឺរ៉ុប និងអាស៊ាននឹងបើកកិច្ចប្រជុំកំពូលនៅខែធ្នូ

សហភាពអឺរ៉ុប និងអាស៊ាននឹងបើកកិច្ចប្រជុំកំពូលនៅខែធ្នូ ដើម្បីអភិវឌ្ឍខ្សែចង្វាក់ផ្គត់ផ្គង់រវាងប្លុកទាំងពីរ


សហភាពអឺរ៉ុប និង សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នឹងបើកកិច្ចប្រជុំកំពូលនៃមេដឹកនាំជាតិរវាងប្លុកទាំងពីរ នៅខែធ្នូ ឆ្នាំនេះជាលើកដំបូង ដើម្បីពិភាក្សាអំពីការពង្រីកពាណិជ្ជកម្ម និង ជំនួយហេដ្ឋារចនាសម្ព័ន្ធ ខណៈដែលសហភាពអឺរ៉ុបកំពុងស្វែងរកការពង្រឹងទំនាក់ទំនងជាមួយតំបន់អាស៊ី ដើម្បីកាត់បន្ថយឥទ្ធិពលរុស្ស៊ី និង ចិន។ នេះបើតាមការចុះផ្សាយសារព័ត៌មានជប៉ុន Nikkei។
សហភាពអឺរ៉ុប និងអាស៊ាននឹងបើកកិច្ចប្រជុំកំពូលនៅខែធ្នូ ដើម្បីអភិវឌ្ឍខ្សែចង្វាក់ផ្គត់ផ្គង់រវាងប្លុកទាំងពីរ

មន្ត្រីសហភាពអឺរ៉ុបបាននិយាយថា​កិច្ចប្រជុំកំពូលអន្តរប្លុកទាំង ២ នេះនឹងធ្វើឡើងនៅថ្ងៃទី ១៤ ខែធ្នូ នៅទីក្រុងព្រុចសែល។ កិច្ចប្រជុំលើក​នេះ ប្រមុខ​រដ្ឋ និង ​ថ្នាក់​ដឹក​នាំប្រទេស​មក​ពី​បណ្តា​ប្រទេស​អាស៊ាន និង ​សហភាព​អឺរ៉ុប នឹង​ចូល​រួមក្នុងកិច្ចប្រជុំនេះ​។ ប៉ុន្តែ មេដឹកនាំប្រទេសមីយ៉ាន់ម៉ា លោកឧត្តមសេនីយ Min Aung Hlaing ទំនងជាមិនត្រូវបានអញ្ជើញឲ្យ​ចូលរួមក្នុងកិច្ចប្រជុំកំពូលនោះទេ ដោយសារតែសកម្មភាពដ៏អាក្រក់​នៃការធ្វើរដ្ឋប្រហារបស់មេដឹកនាំយោធា​រូបនេះ​នៅក្នុងតំបន់ធ្វើឱ្យសមាជិកអាស៊ាន និង សហភាពអឺរ៉ុប​មានការថ្កោលទោសជាខ្លាំង ។

កិច្ចប្រជុំកំពូលឆ្នាំនេះ គឺចំពេលខួបលើកទី ៤៥ នៃសហគមន៍សេដ្ឋកិច្ចអ៊ឺរ៉ុប​ដែលបានបង្កើតទំនាក់ទំនងផ្លូវការជាមួយអាស៊ាន។ ការបើកកិច្ចប្រជុំកំពូល​រវាងប្លុកទាំង ២ នេះឡើង​ចំពេលភាពតានតឹងកាន់តែខ្លាំងឡើងរវាងសហភាពអឺរ៉ុប និង រុស្ស៊ី ក៏ដូចជាទំនាក់ទំនងកាន់តែរង្គះរង្គើររវាងប្លុកអឺរ៉ុប និង ចិន ដែលទីក្រុងកាំងពេលនេះ​កំពុងខិតទៅកាន់តែជិតស្និតខ្លាំងឡើងជាមួយទីក្រុងម៉ូស្គូ។ ក្នុងនោះ សម្រាប់បញ្ហាទាំងនេះ អាស៊ាននឹងត្រូវយកចិត្តទុកដាក់​កាន់តែខ្លាំង ​ចំពោះអឺរ៉ុប​លើផ្នែកសេដ្ឋកិច្ច ការទូត និង សន្តិសុខ ដើម្បីរក្សាគោលជំហ​របស់ខ្លួន​មិនលំអៀង​ទៅផ្នែកណាមួយ។

លោក Josep Borrell អ្នកតំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និង គោលនយោបាយសន្តិសុខរបស់សហភាពអឺរ៉ុប​បាននិយាយក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីកាលពីថ្ងៃទី ៤ ខែសីហា ជាមួយសមភាគីអាស៊ានថា ប្លុកអឺរ៉ុបប្តេជ្ញាក្នុងការចូលរួម​នៅក្នុងតំបន់ ហើយមើលឃើញសមាជិកអាស៊ាន​ជាដៃគូយុទ្ធសាស្ត្ររបស់ខ្លួន។ ទន្ទឹមនឹងនោះ សហរដ្ឋ​អាមេរិក​ក៏​បាន​យល់​ព្រម​លើក​កម្ពស់​ទំនាក់​ទំនង​ជាមួយ​អាស៊ាន​ទៅ​ជាភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយក្នុង​អំឡុង​កិច្ច​ប្រជុំ​កំពូល​ក្នុង​ខែ​ឧសភា​ដែលធ្វើឡើងនៅ​សហរដ្ឋអាមេរិកផ្ទាល់ផងដែរ។

នៅក្នុងកិច្ចប្រជុំរវាងសហភាពអឺរ៉ុប និងអាស៊ាន ដែលនឹងធ្វើឡើងនៅខែធ្នូ ចុងឆ្នាំ ២០២២ នេះ សហភាពអឺរ៉ុប និងអាស៊ាន​គ្រោងនឹងពិភាក្សាអំពីការបង្កើត​ខ្សែចង្វាក់ផ្គត់ផ្គង់​នៅក្នុង​កិច្ចប្រជុំ និង​បញ្ហាជំងឺរាតត្បាតកូវីត ១៩ ការនាំចូល​ផលិតផលវេជ្ជសាស្រ្ត និង គ្រឿងបន្លាស់រថយន្តសម្រាប់ប្លុកអឺរ៉ុប ដែលត្រូវបានគេរំពឹងថា នឹងផ្តល់ជំនួយផ្នែកហេដ្ឋារចនាសម្ព័ន្ធ និង កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​សេដ្ឋកិច្ចសម្រាប់បណ្តាប្រទេស​អាស៊ីអាគ្នេយ៍​បន្ថែមទៀត។

អឺរ៉ុបនឹងលើកទឹកចិត្តអាស៊ីអាគ្នេយ៍​ឱ្យបំពេញតួនាទីដ៏សំខាន់​នៅក្នុងខ្សែ​ចង្វាក់ផ្គត់ផ្គង់​សម្រាប់លោកខាងលិច ដោយផ្អែកលើគំនិតនៃការពង្រឹង​មិត្តភាព​ ក្នុងចំណោមប្រទេស​ដែលមាន​គុណតម្លៃរួម។

គួររំឮកថា សហភាពអឺរ៉ុប​មានកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​ជាធរ​មានជាមួយសមាជិកអាស៊ានរួចទៅហើយ រួមមាន សិង្ហបុរី និង វៀតណាម ខណៈពេលដែលកំពុងសម្លឹងរកមើលការពន្លឿនការចរចាស្រដៀងគ្នា​ជាមួយឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ាឡេស៊ី និង ថៃផងដែរ។

គួរជម្រាបថា ទិន្នន័យរបស់អង្គការសហប្រជាជាតិបង្ហាញថា ប្លុកអឺរ៉ុប និង ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍បានជួញដូរទំនិញមានតម្លៃ ២៥០ ពាន់លានដុល្លារកាលពីឆ្នាំមុន។ អាស៊ានគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយសម្រាប់សហភាពអឺរ៉ុប​នៅពេលរួមបញ្ចូល​គ្នា​នូវសមាជិកទាំង ១០ របស់អាស៊ាន ទោះបីជាតួលេខសរុបនៅតែតិចជាងប្រទេសចិន សហរដ្ឋអាមេរិក និង រុស្ស៊ីក្នុងឆ្នាំ ២០២១ ក៏ដោយ៕




អត្ថបទបន្ទាប់


មេហ្គាឌីស (Megadis) បញ្ចុះតម្លៃពិសេសរហូតដល់៧០% លើទំនិញគ្រប់មុខ ក្នុងឱកាសកែលម្អរហាងថ្មីនៅផ្សារទំនើបអ៊ីអន ២ ជាប់កាហ្វេប្រោន

ព័ត៌មាន
ឥលូវនេះ មេហ្គាឌីស (Megadis) មានការបញ្ចុះតម្លៃរហូតដល់៧០% សម្រាប់ទំនិញរបស់ខ្លួន ក្នុងឱកាសនៃការបើកដំណើរការឡើងវិញ នៃហាងនៅក្នុងផ្សារទំនើប…

ក្រុមហ៊ុនយក្ស Apple រើសយកប្រទេសឥណ្ឌាសម្រាប់ការផលិត iPhone 14

ព័ត៌មាន
ក្រុមហ៊ុន Apple ដែលជាក្រុមហ៊ុនមានតម្លៃបំផុតនៅក្នុងពិភពលោកនោះ ចាប់ងាកមុខព្រួយផលិតកម្មរបស់ខ្លួនដែលធ្លាប់បាញ់ឆ្ពោះទៅរកប្រទេសចិននោះ ទៅរកប្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ