សមយុទ្ធក្បែរកោះជម្លោះក្នុងសមុទ្រចិនខាងត្បូង

ឥណ្ឌូនេស៊ីបញ្ជាក់ជាថ្មីថា អាស៊ាននឹងធ្វើតាមផែនការ ដោយបន្ដធ្វើសមយុទ្ធក្បែរកោះជម្លោះក្នុងសមុទ្រចិនខាងត្បូង


សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន កំពុងដើរឆ្ពោះទៅអនុវត្តផែនការធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នានៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមការអះអាងកាលពីថ្ងៃ២០ខែមិថុនា ដោយយោធានៃប្រទេសឥណ្ឌូណេស៊ី ដែលជាប្រធានប្ដូរវេនអាស៊ាន។ វាជាសមយុទ្ធជើងទឹករួមរបស់ប្រទេសសមាជិកអាស៊ានលើកដំបូងបំផុត នៅជិតដែនទឹកជម្លោះក្នុងសមុទ្រចិនខាងត្បូង ទោះបីជាមិនទាន់មានការបញ្ជាក់អំពីការចូលរួមពីសមាជិកមួយចំនួនដូចជា កម្ពុជាក្តី។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន AP។
ប្រធានអាស៊ានថាសមយុទ្ធរួមនឹងធ្វើតាមផែនការ តែជំហរកម្ពុជានិងមីយ៉ាន់ម៉ាមិនច្បាស់
ដោយ

លោកឧត្តមនាវីឯក យ៉ូដូ ម៉ាហ្កូណូ (Yudo Margono) បាននិយាយកាលពីដំបូងថា សមយុទ្ធនេះនឹងធ្វើឡើងនៅតំបន់មួយក្នុងសមុទ្រចិនខាងត្បូង ដែលឥណ្ឌូនេស៊ីហៅតំបន់នោះថា សមុទ្រនូតាណា។ លោកបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីកិច្ចប្រជុំប្រមុខការពារជាតិអាស៊ាននៅកោះបាលីកាលពីថ្ងៃទី៧ ខែមិថុនា ថា សមយុទ្ធនេះនឹងផ្តោតទៅលើសន្តិសុខដែនសមុទ្រ និងការជួយសង្គ្រោះគ្រាអាសន្ន មិនមែនជាការហាត់ត្រៀមប្រយុទ្ធឡើយ។ លោក ម៉ាហ្កូណូ ថា វានឹងបង្ហាញពីជំហរកណ្តាលរបស់អាស៊ាននៅចំពោះមុខជម្លោះរវាងសហរដ្ឋអាមេរិកនិងប្រទេសចិន។

យោងតាមសេចក្តីថ្លែងការណ៍ថ្មីមួយរបស់យោធាឥណ្ឌូនេស៊ីកាលពីថ្ងៃអង្គារ សមយុទ្ធនេះកំពុងស្ថិតក្រោមការរៀបចំផែនការដើម្បីឱ្យវាលេចចេញជារូបរាងនៅសមុទ្រនូតាណាខាងត្បូង ដែលស្ថិតនៅក្បែរដែនទឹកដែលចិនទាមទារថាជារបស់ខ្លួន។ យោធាឥណ្ឌូនេស៊ីបានប្រាប់APថា សមាជិកអាស៊ានផ្សេងទៀត ដូចជាកម្ពុជានិងមីយ៉ាន់ម៉ាជាដើម ដែលរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រទេសចិន បានបដិសេធការចូលរួមក្នុងកិច្ចប្រជុំរៀបចំផែនការនេះ។

សូមរំលឹកថា បន្ទាប់ពីប្រធានប្តូរវេនឥណ្ឌូណេស៊ីបានប្រកាសកាលពីដើមខែនេះ អំពីផែនការធ្វើសមយុទ្ធរួមគ្នាក្នុងចំណោមសមាជិកអាស៊ានទាំង១០ប្រទេស, កម្ពុជាបាននិយាយថាមិនទាន់បានសម្រេចលើរឿងនេះឡើយ។ យោងតាមសេចក្តីថ្លែងការណ៍របស់អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ធ កាលពីថ្ងៃទី៨ ខែមិថុនា កន្លងទៅ, បន្ទាប់ពីកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី២០ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី កម្ពុជាពុំទាន់សម្រេចលើរឿងសមយុទ្ធយោធារួមគ្នារបស់អាស៊ាននៅឡើយទេ។

ជាមួយគ្នានេះ ក្រសួងការពារជាតិកម្ពុជាក៏មិនទាន់បានឆ្លើយតបចំពោះសំណើរសុំការបំភ្លឺបន្ថែមពីទីភ្នាក់ងារសារព័ត៌មានAP ទាក់ទិននឹងផែនការសមយុទ្ធនេះដែរ។ សេចក្តីថ្លែងការណ៍របស់កងយោធពលខេមរភូមិន្ធកាលពីថ្ងៃទី៨ ខែមិថុនា បានបញ្ជាក់ថា អគ្គមេបញ្ជាការកងទ័ពឥណ្ឌូណេស៊ីបានស្នើសុំយោបល់ពីអគ្គមេបញ្ជាការកងទ័ពកម្ពុជា ប៉ុន្តែភាគីកម្ពុជាបានឆ្លើយតបថា ខ្លួននឹងចាត់តាំងក្រុមការងារោឱ្យសិក្សាអំពីសមយុទ្ធយោធានោះ ហើយនឹងស្នើសុំគោលការណ៍សម្រេចពីក្រសួងការពារជាតិ។

មែនទែនទៅ សមយុទ្ធយោធារបស់ប្រទេសអាស៊ានមិនមែនជារឿងប្លែកនោះទេ ព្រោះប្លុកមួយនេះតែងធ្វើសមយុទ្ធជារឿយៗជាមួយសហរដ្ឋអាមេរិក និងប្រទេសចិន។ ប៉ុន្តែសមយុទ្ធដែលគ្រោងធ្វើឡើងពីថ្ងៃទី១៨ ដល់ថ្ងៃទី២៥ ខែកញ្ញាខាងមុខនេះ ហាក់ធ្វើឱ្យគេផ្តោតអារម្មណ៍ខ្លាំង ព្រោះវាជាសមយុទ្ធក្នុងចំណោមប្រទេសអាស៊ានប៉ុណ្ណោះ ហើយវាក៏កំពុងបញ្ជូនសញ្ញារួមគ្នាទៅកាន់ប្រទេសចិនដោយសមាជិកភាគច្រើននៃសមាគមនេះ។

លោក ទើគុ រ៉េហ្សាស្សីស្យ៉ា (Teuku Rezasyah) អ្នកជំនាញទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ ប៉ាដចាចារ៉ាន (Padjajaran) របស់ឥណ្ឌូនេស៊ី បាននិយាយថា ឥណ្ឌូនេស៊ីចាំបាច់ត្រូវពន្យល់លម្អិតអំពីផែនការនៃសមយុទ្ធនេះ ដើម្បីជៀសវាងការយល់ច្រលំអំពីសារណាមួយ ប្រសិនបើមាន ដែលកំពុងព្យាយាមផ្ញើទៅកាន់ទីក្រុងប៉េកាំង។ លោកបានបន្តថា គេត្រូវតែពន្យល់ជាសាធារណៈ បើមិនអញ្ចឹងទេ ការណ៍នេះនឹងធ្វើឱ្យចិនមិនសប្បាយចិត្ត ព្រោះការចល័តរបស់កងទ័ពជើងទឹកក្បែរសមុទ្រនូតាណានោះ អាចនឹងបំពានលើដែនទឹក៩ចំណុចដែលប្រទេសចិនទាមទារថាជារបស់ខ្លួន៕




អត្ថបទបន្ទាប់


វៀតណាមនាំចេញទុរេនបានជាង៥០០លានដុល្លារនៅ៥ខែដំបូងឆ្នាំនេះ កើនឡើងយ៉ាងគំហុក

ព័ត៌មាន
ប្រទេសវៀតណាម កំពុងប្រជែងគ្នាយ៉ាងស្វិតស្វាញជាមួយប្រទេសថៃក្នុងការនាំចេញទុរេនទៅកាន់ទីផ្សារចិន។ តួយ៉ាង នៅ៥ខែដំបូងនៅឆ្នាំនេះ ការនាំចេញទុរេ…

EU បង្ហាញយុទ្ធសាស្ត្រ«បំបាត់ហានិភ័យ»ដែលពឹងចិនតិចជាងមុន ប៉ុន្តែសមាជិកខ្វែងមតិគ្នា

ព័ត៌មាន
គណៈកម្មាធិការអឺរ៉ុបកាលពីថ្ងៃអង្គារទី២០មិថុនា បានគូសបញ្ជាក់អំពីយុទ្ធសាស្ត្រ«បំបាត់ហានិភ័យ» ដែលបង្កើតឡើងដើម្បីអភិវឌ្ឍសេដ្ឋកិច្ចឱ្យបានរឹងមាំ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ