វិស័យទេសចរណ៍កម្ពុជា

កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជិត១លាន៦សែននាក់នៅត្រីមាសទី១ តែអ្នកជំនាញថា នៅមិនទាន់ជាសញ្ញាល្អនៅឡើយ


កម្ពុជាស្រូបទាញភ្ញៀវទេសចរបរទេសបានសរុបជិត១លាន៦សែននាក់នៅត្រីមាសទី១ឆ្នាំនេះ មានការកើនឡើងជាង២២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អ្នកជំនាញក្នុងវិស័យទេសចរណ៍យល់ឃើញថា កំណើននេះនៅតែមិនទាន់បានបង្ហាញសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់នៅឡើយទេ ដ្បិតថា ស្ថានភាពទេសចណ៍សកល រួមទាំងកម្ពុជានៅតែស្ថិតក្នុងភាពមិនទាន់ច្បាស់លាស់នាពេលបច្ចុប្បន្ននេះ ដោយសារបញ្ហាវិបត្តិសកលនានា។
វិស័យទេសចរណ៍កម្ពុជា
ដោយ

យោងតាមទិន្នន័យរបស់ក្រសួងទេសចរណ៍ នៅក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០២៤នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបជិត១លាន៦សែននាក់ មានការកើនឡើងជាង២២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ និងមានការថយចុះប្រមាណ១៥% បើធៀបនឹងឆ្នាំ២០១៩ ជាពេលមុនពេលមានវិបត្តិកូវីដ-១៩ រាតត្បាត។ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិទាំងនេះ ភ្ញៀវទេសចរថៃបានឈរកំពូលតារាង ដែលបានមកកម្សាន្តនៅកម្ពុជាច្រើនជាងគេ ហើយតាមពីក្រោយដោយទេសចរវៀតណាម និងចិន។

លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជាយល់ឃើញថា តួលេខភ្ញៀវទេសចរអន្តរជាតិដែលកម្ពុជាទទួលបាននៅត្រីមាសទី១ឆ្នាំនេះនៅមិនទាន់អាចបញ្ជាក់ថា មានសញ្ញាល្អនៅឡើយទេសម្រាប់វិស័យទេសចរណ៍កម្ពុជា។ យ៉ាងណាមិញ លោក ជឿជាក់ថា ប្រសិនបើគ្មានបញ្ហារំខានពីខាងក្រៅណាមួយកើតមានទេនោះ វិស័យទេសចរណ៍កម្ពុជានៅឆ្នាំនេះ នឹងមានភាពប្រសើរដូចការរំពឹងទុករបស់រាជរដ្ឋាភិបាល តាមរយៈយន្តការនានាដែលដាក់ចេញសម្រាប់ទាក់ទាញ និងជំរុញវិស័យទេសចរណ៍។ តែយ៉ាណាអ្នកជំនាញរូបនេះអះអាងថា វិស័យទេសចរណន៍សកលរួមទាំងនៅកម្ពុជាបន្តស្ថិតក្នុងស្ថានភាពស្រពេចស្រពិលនៅឡើយ ដោយសារបន្តរងការរំខានពីបញ្ហាសង្គ្រាមនៅមជ្ឈឹមបូព៌ា បញ្ហាសង្គ្រាមនៅអ៊ុយក្រែន បាតុភូតធម្មជាតិ និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយរវាងប្រទេសមហាអំណាចធំៗ។

ជាការកត់សម្គាល់របស់លោក ហូ វណ្ឌី ភ្ញៀវទេសចរអន្តរជាតិដែលបានចូលមកកម្សាន្តនៅកម្ពុជានៅដើមឆ្នាំនេះ ភាគច្រើនចូលមកកម្សាន្តនៅខេត្តសៀមរាប រាជធានីភ្នំពេញ និងខេត្តជាប់មាត់សមុទ្រ ប៉ុន្តែសម្រាប់ខាងភូមិភាគឦសានវិញ នៅមានភាពស្ងប់ស្ងាត់នៅឡើយ។ ភាពស្ងប់ស្ងាត់នេះ ក៏ដោយសារកត្តារាំងស្ទះនៃការធ្វើដំណើរ ពោលគឺត្រូវការចំណាយពេលយូរ ដែលទាមទារឱ្យមានការសាងសង់ព្រលានយន្តហោះ និងតភ្ជាប់ជើងហោះហើរនៅតំបន់នោះឱ្យបានឆាប់រហ័ស សម្រាប់ជួយស្រោចស្រង់វិស័យទេសចរណ៍របស់កម្ពុជា។

សូមបញ្ជាក់ថា តាមការំពឹងទុករបស់ក្រសួងទេសចរណ៍ ចរន្តភ្ញៀវទេសចរអន្តរជាតិដែលចូលមកកម្ពុជានៅក្នុងឆ្នាំ២០២៤នេះ នឹងអាចត្រឡប់ដូចមុនពេលមិនទាន់មានវិបត្តិកូវីដ-១៩ ដែលមានចំនួនប្រមាណ ៦លាន៦សែននាក់។ កាលពីឆ្នាំ២០២៣កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៥លាន៥សែននាក់ កើនឡើងជិត១៥០% បើធៀបនឹងឆ្នាំ២០២២ និងថយចុះប្រមាណជិត២០% បើធៀបនឹងពេលមុនមានវិវបត្តិកូវីដ-១៩៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេច ហ៊ុន ម៉ាណែត ចាត់ទុកថាមពលជាវិស័យអាទិភាព ក្នុងការធានាភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់ និងលើពិភពលោក

ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាស្នើឱ្យភាគីឡាវពិចារណា និងរិះរកដំណោះស្រាយសមស្របនានា ដើម្បីធ្វើយ៉ាងណាអាចធានាបាននូវការផ្គត់…

តើកម្ពុជានឹងខាតបង់ប្រយោជន៍អ្វីខ្លះបើសិនជាមិនលុបបំបាត់អំពើចារកម្មតាមអនឡាញ និងល្បែងស៊ីសង?

ព័ត៌មាន
តើកម្ពុជានឹងខាតបង់ប្រយោជន៍អ្វីខ្លះបើសិនជាមិនលុបបំបាត់អំពើចារកម្មតាមអនឡាញ និងល្បែងស៊ីសង? អាជ្ញាធរកម្ពុជា ទើបបណ្ដេញចេញជនបរទេសរាប់រយនាក់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ