វិស័យទេសចរណ៍

តើកម្ពុជាគួរធ្វើអ្វីខ្លះដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសឱ្យមកលេងកម្សាន្ត?


ការធ្វើកំណែទម្រង់មួយចំនួន ដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍ គឺនៅតែជារឿងសំខាន់សម្រាប់ទាក់ចិត្តដល់ភ្ញៀវទេសចរបរទេសឱ្យចូលមកលេងកម្សាន្ត និងវិនិយោគនៅកម្ពុជា ដ្បិតបញ្ហាប្រឈមទាំងនេះ ត្រូវបានអ្នកជំនាញ និងមន្រ្តីកត់សម្គាល់ថា នៅពុំទាន់មានសកម្មភាពល្អប្រសើរនៅឡើយទេ បើធៀបនឹងប្រទេសជិតខាង។
3
ដោយ

បើតាមអ្នកជំនាញ និងមន្រ្តី ព្រលានយន្តហោះសៀមរាបអង្គរលំដាប់ស្តង់ដារអន្តរជាតិ ដែលទើបសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីពេលថ្មីៗ និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលកំពុងសាងសង់ នឹងក្លាយជាចំណែកមួយក្នុងការជួយទាក់ទាញភ្ញៀវទេសចរបរទេស ប៉ុន្តែគេពុំគួរមើលរំលងពីការធ្វើបដិសណ្ឋារកិច្ចល្អដល់អ្នកធ្វើដំណើរមកដល់កម្ពុជានោះដែរ។

លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមន៍ទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា យល់ឃើញថា សេវាកម្មដឹកជញ្ជូនភ្ញៀវនៅព្រលានយន្តហោះសៀមរាបអង្គរ ទៅកាន់គោលដៅនានា និងភាពចន្លោះប្រហោងមួយចំនួនទៀតនៅពុំទាន់ល្អប្រសើរនៅឡើយទេ ប៉ុន្តែលោកអបអរសាទរចំពោះគម្រោងកែលម្អលើការដឹកជញ្ជូនរបស់រដ្ឋាភិបាល ដែលបានដាក់ចេញនាពេលកន្លងមកនេះ។ សម្រាប់អ្នកជំនាញរូបនេះ ដើម្បីទាក់ទាញអ្នកធ្វើដំណើរឱ្យចូលមកកម្ពុជា រដ្ឋាភិបាលគួរពិនិត្យលទ្ធភាពតភ្ជាប់ជើងហោះហើរផ្ទាល់ពីប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា និងប្រទេសឥណ្ឌា ក៏ដូចជាប្រទេសរុស្ស៊ី និងបណ្ដាប្រទេសមួយចំនួនទៀតនៅតំបន់អឺរ៉ុបផងដែរ ព្រោះបណ្ដាប្រទេសទាំងនេះមានពលរដ្ឋច្រើន ដែលអាចផ្ដល់ភាពងាយស្រួលសម្រាប់ការធ្វើដំណើរ។

ក្រៅពីនេះ អ្នកជំនាញក្នុងវិស័យទេសចរណ៍រូបនេះ បានរំលេចឱ្យរដ្ឋាភិបាល គួរពិនិត្យមើលលទ្ធភាពទាក់ទាញភ្ញៀវទេសចរលើផ្នែកទេសចរណ៍បែបប្រពៃណី និងទេសចរណ៍សាសនា តាមរយៈការកំណត់ភូមិសាស្រ្តជាក់លាក់ជាដើម។

ជាមួយគ្នានេះ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានគូសបញ្ជាក់ថា កម្ពុជាមានវិសាលភាពគ្រប់គ្រាន់ក្នុងការប្រគួតប្រជែងជាមួយអាកាសយានដ្ឋាននៅតាមបណ្ដាប្រទេសជឿនលឿន ព្រោះសកម្មភាពគ្រប់គ្រងជើងហោះហើរ និងការធ្វើទំនើបកម្មនាពេលបច្ចុប្បន្នបានធ្វើឡើងប្រកបដោយសុវត្ថិភាពខ្ពស់ ស្របពេលអាកាសយានដ្ឋានភ្នំពេញថ្មីនឹងក្លាយជាមេដែកសម្រាប់ទាក់ទាញភ្ញៀវទេសចរបរទេស។ មន្រ្តីជាន់ខ្ពស់រូបនេះបានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំអាកាសចរណ៍ស៊ីវិល បានចរចាជាមួយបណ្ដាប្រទេសទាំងក្នុងតំបន់ និងក្រៅតំបន់ ដើម្បីបើកផ្លូវហោះហើរ ដោយផ្ដល់នូវលក្ខខណ្ឌច្រើនជម្រើស និងបង្កភាពងាយស្រួល ក៏ប៉ុន្តែកិច្ចការខ្លះត្រូវការពេលវេលា និងការជជែកគ្នារកយុទ្ធសាស្រ្តបន្ថែមទៀត។ បើតាមឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បញ្ហាបដិសណ្ឋារកិច្ច និងគោលនយោបាយទាក់ទាញរបស់បណ្ដាប្រទេសជិតខាង ក៏ជាផ្នែកមួយធ្វើឱ្យបាត់បង់ភ្ញៀវទេសចរខ្លះដែរ ហើយករណីនេះក៏ត្រូវបានធ្វើការកែសម្រួលជាបន្តបន្ទាប់ដើម្បីទាក់ទាញអ្នកទេសចរឡើងវិញ។

ជុំវិញការស្ដារ និងការលើកស្ទួយ ការអភិវឌ្ឍវិស័យទេសចរណ៍នេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដាក់ចេញវិធានការសំខាន់ៗចំនួន៨ចំណុច ដែលក្នុងនោះក៏មានការរៀបចំឡើងវិញនូវក្រុមប្រឹក្សាទេសចរណ៍ ដែលក្រុមប្រឹក្សានេះត្រូវបានរំពឹងថា នឹងអាចដោះស្រាយបាននូវបញ្ហាប្រឈមនានានៅក្នុងវិស័យទេសចរណ៍ ព្រមទាំងជួយជំរុញឱ្យវិស័យទេសចរណ៍ឱ្យមានសម្ទុះឡើងវិញនៅឆ្នាំ២០២៤ខាងមុខផងដែរ៕

អត្ថបទ៖ បូ ដូឡា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះធ្វើឱ្យប្រាក់ចំណេញរបស់កំពង់ផែស្វយ័តភ្នំពេញធ្លាក់ចុះជិត៣៥% នៅ៩ខែឆ្នាំនេះ?

ព័ត៌មាន
កំពង់ផែស្វយ័តភ្នំពេញទទួលបានប្រាក់ចំណូលសរុបជាង២៦លានដុល្លារអាម៉េរិក នៅ៩ខែនេះ ធ្លាក់ចុះជាង៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ ក្នុង…

ក្រុមហ៊ុនអាកាសចរណ៍មួយចំនួននឹងបង្កើនជើងហោះហើរចិន-កម្ពុជា ស្របពេលកម្ពុជាដាក់ចេញ«ផែនការពិសេស» ដើម្បីទាក់ទាញភ្ញៀវទេសចរ

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines នឹងបន្ថែមជើងហោះហើរត្រង់មកកាន់ប្រទេសកម្ពុជា ចំនួន៤ជើង ក្នុងមួយសប្តាហ៍លើមូលដ្ឋាននៃជើងហោះហើរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ