ការអភិវឌ្ឍន៍គម្រោងខុនដូថ្មី

អ្នកជំនាញ៖ ការអភិវឌ្ឍន៍គម្រោងខុនដូថ្មី បានដាំក្បាលចុះយ៉ាងគំហុក នៅមួយរយៈចុងក្រោយ


អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានអះអាងថា វិស័យខុនដូនៅតែបន្តរងផលប៉ះពាល់ដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ បើទោះបីបច្ចុប្បន្នការឆ្លងថ្មីនៅកម្ពុជាមានស្ថានភាពថយ ហើយរាជរដ្ឋាបានបើកប្រទេសនិងបន្ធូរបន្ថយវិធានការកូវីដ-១៩ សម្រាប់អ្នកដំណើរចូលមកកម្ពុជាក៏ដោយ។ បើតាមអ្នកជំនាញ នៅក្នុងរយៈពេលប្រមាណ៦ខែចុងក្រោយនេះ ពុំមានក្រុមហ៊ុនណាមួយបោះទុនអភិវឌ្ឍគម្រោងថ្មីៗលើវិស័យខុនដូនោះទេ។
សំណង់អាគារខ្ពស់ៗក្នុងរាជធានីភ្នំពេញ (រូបភាព៖ ហេង ភារម្យ)

យ៉ាងណា​ក៏​ដោយ​ចុះ ជំនាញ​សង្កេត​ឃើញ​ថា ម្ចាស់​គម្រោង​ខុន​ដូ​បច្ចុប្បន្ន​ហាក់​មាន​ភាព​បត់បែន​ខ្ពស់ តាម​រយៈ​ការ​សម្រួល​លក្ខខណ្ឌ​បង់ប្រាក់ និង​បញ្ចុះតម្លៃ ដែល​ធ្វើ​ឲ្យ​អតិថិជន ដែល​ចង់​វិនិយោគ​លើ​វិស័យ​នេះ មានឱកាស​ចំណេញ​ខ្ពស់​។ អ្នកជំនាញ​បាន​គូសបញ្ជាក់​ថា ឆ្នាំ​២០២២ ជា​ឆ្នាំ​ដែល​វិស័យ​អចលនទ្រព្យ​កម្ពុជា​ពឹងផ្អែក​ខ្លាំង​មែនទែន លើ​ទីផ្សារ​ក្នុងស្រុក ខណៈ​ទីផ្សារ​ក្រៅប្រទេស​កំពុង​ជាប់​គាំង​។

ការ​អភិវឌ្ឍន៍​គម្រោង​ថ្មី​ៗ ក្នុង​វិស័យ​ខុន​ដូ​នៅ​កម្ពុជា បាន​ដាំ​ក្បាល​ចុះ​យ៉ាង​ខ្លាំង​នៅ​មួយ​រយៈ​ចុង​ក្រោយ បើ​ទោះបី​កម្ពុជា បាន​បើក​សកម្មភាព​សេដ្ឋកិច្ច សង្គម​លើ​គ្រប់​វិស័យ​ឡើង​វិញ និង​បន្ធូរបន្ថយ​វិធានការ​កូ​វី​ដ​-១៩ សម្រាប់​អ្នកដំណើរ​ចូល​មក​កម្ពុជា​ក៏​ដោយ​។ បើ​តាម​ការ​បញ្ជាក់​របស់​លោក ងួ​ន ឆាយ​លាង អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Pointer នៅ​ក្នុង​រយៈពេល​៦​ខែ​កន្លង​មកនេះ​ពុំ​មាន​ក្រុមហ៊ុន​ក្នុងស្រុក ឬ​ក្រៅ​ស្រុក​ណាមួយ​បោះទុន​វិនិយោគ​អភិវឌ្ឍន៍​លើ​គម្រោង​ខុន​ដូ​ថ្មី​ៗ​នៅ​កម្ពុជា​នោះ​ទេ​។ ប៉ុន្តែ​លោក​កត់សម្គាល់​ឃើញ​ថា ចរន្ត​ទិញ​លក់​ក្នុង​វិស័យ​នេះ​នៅ​កន្លែង​ដែល​មាន​សក្តានុពល​នៅ​តែ​មានការ​ទិញ​លក់​ជា​រឿង​ៗ​។ ប៉ុន្តែ​ការ​ទិញ​លក់​នេះ​នៅ​មាន​ចំនួន​តិចតួច​នៅឡើយ​បើ​ធៀប​នឹង​ការ​ទិញ​លក់​ក្នុង​វិស័យ​ផ្ទះល្វែង និង​អចលនទ្រព្យ​ផ្សេង​ៗ​។

មិន​ខុស​គ្នា​ពី​លោក ងួ​ន ឆាយ​លាង នោះ​ទេ លោកស្រី អាន សុធី​តា នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន​អចលនទ្រព្យ PropNex ក៏​កត់សម្គាល់​ឃើញ​បែប​នេះ​ដែរ ពោល​គឺ​គ្មាន​គម្រោង​ខុន​ដូ​ថ្មី​ៗ​ត្រូវ​បាន​អភិវឌ្ឍន៍​ឡើង​នោះ​ទេ​។ ប៉ុន្តែ​អ្នកជំនាញ​រូប​នេះ​សង្កេត​ឃើញ​ថា ម្ចាស់​គម្រោង​ខុន​ដូ​ដែល​មាន​ស្រាប់​នា​ពេល​បច្ចុប្បន្ន​ហាក់​មាន​ភាព​បត់បែន​ច្រើន​ជាង​មុន តាម​រយៈ​លក់​បញ្ចុះតម្លៃ​និង​បន្ធូរបន្ថយ​លក្ខខណ្ឌ​ក្នុង​ការ​បង់ប្រាក់​ជាដើម ដើម្បី​ជំរុញ​ការ​លក់​របស់​ពួក​គេ​។ សម្រាប់​លោកស្រី អាន សុធី​តា ការ​អនុវត្ត​បែប​នេះ វា​ជា​ឱកាស​សម្រាប់​អតិថិជន ដែល​មាន​បំណង​ចង់​វិនិយោគ​លើ​វិស័យ​នេះ ដ្បិត​វា​អាច​ផ្តល់​ប្រាក់​ចំណេញ​ត្រឡប់​ខ្ពស់​។

របាយការណ៍​សិក្សា​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន CBRE Cambodia បង្ហាញ​ឃើញ​ថា នៅ​ត្រីមាស​ទី​១​ឆ្នាំ​២០២២ មាន​គ​ម្រោ​ន​ខុន​ដូ​ចំនួន​៣​ប៉ុណ្ណោះ ដែល​បាន​បញ្ចប់​ការ​សាងសង់ ហើយ​ពុំ​មានការ​អភិវឌ្ឍ​លើ​គម្រោង​ខុន​ដូ​ថ្មី​ៗ​នោះ​ទេ​។ របាយការណ៍​ដដែល​បាន​គូសបញ្ជាក់​ថា កត្តា​ដែល​ធ្វើ​ឲ្យ​មានការ​យឺតយ៉ាវ​លើ​ការ​អភិវឌ្ឍន៍​គម្រោង​ខុន​ដូ​ថ្មី​ៗ គឺ​ដោយសារ​ទីផ្សារ​ខុន​ដូ​កំពុង​ព្យាយាម​ស្រូប​ទាញ​ឲ្យ​អតិថិជន​មក​ទិញ​ខុន​ដូ​ដែល​មាន​ស្រាប់​នៅ​កម្ពុជា​។ តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់ CBRE នៅ​ឆ្នាំ​២០២២ គេ​រំពឹង​ថា ខុន​ដូ​ចំនួន​១​ម៉ឺន​៣​ពាន់​យូ​នី​ត​នឹង​ត្រូវ​បាន​ផ្គត់​ផ្គត់ ខណៈ​គិត​ត្រឹម​ត្រីមាស​ទី​១​មាន​ខុន​ដូ​តែ​៥% ប៉ុណ្ណោះ​ត្រូវ​បាន​ផ្គត់ផ្គង់​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនកម្ពុជា និងជប៉ុនសរុបជាង៥០ក្រុមហ៊ុន ជួបគ្នាស្វែងរកឱកាសវិនិយោគ និងពាណិជ្ជកម្ម

ព័ត៌មាន
លោក Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) បានដឹកនាំអ្នកវិនិយោគជប៉ុន ចំនួន ២៤ក្រុមហ៊ុន ដើម្បីជួបជុំគ្នាដោះដូរគំនិតយោបល់ជ…

ថៃកំពុងខ្នះខ្នែងទប់ស្កាត់តម្លៃទំនិញដែលកំពុងកើនឡើង ចំពេលមានសម្ពាធអតិផរណកាន់តែខ្លាំង

ព័ត៌មាន
ក្រសួងពាណិជ្ជកម្មថៃបានប្តេជ្ញាថា នឹងខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីគ្រប់គ្រងការកើនឡើងតម្លៃទំនិញប្រើប្រាស់នៅពេលដែលតម្លៃលក់រាយប្រេងម៉ាស៊ូតត្រូវបា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ