ក្រុមហ៊ុន Meta

ប្រាក់ចំណេញក្រុមហ៊ុនមេរបស់ហ្វេសប៊ុកកើនឡើងខ្ពស់ក្រោយកាត់បន្ថយបុគ្គលិក


ក្រុមហ៊ុន មេតា (Meta) ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Facebook កាលពីថ្ងៃពុធ ទី២៥ បានបង្ហោះពីរបាយការណ៍ប្រាក់ចំណូលរបស់ខ្លួនកើនឡើងយ៉ាងខ្លាំងសម្រាប់ត្រីមាសទី៣ឆ្នាំនេះ ដែលក្រុមហ៊ុននេះបាននិយាយថា បានមកពីការផ្សាយពាណិជ្ជកម្មកើនឡើង និងការចំណាយទាបបន្ទាប់ពីខ្លួនបានបញ្ឈប់បុគ្គលិករាប់ពាន់នាក់។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ក្រុមហ៊ុន Meta
ដោយ

លទ្ធផលគាប់ប្រសើរជាងការរំពឹងទុកនេះបានកើតឡើងក្រោយពីក្រុមហ៊ុនមេរបស់ ហ្គោហ្គល់ គឺក្រុមហ៊ុន អាល់ហ្វាបេត (Alphabet) កាលពីថ្ងៃអង្គារ ទី២៤ ខែតុលា បានរាយការណ៍ពីការស្ទុះងើបឡើងវិញនូវប្រាក់ចំណូល និងកំណើនប្រាក់ចំណូល ជាសញ្ញាមួយ ដែលទីផ្សារផ្សាយពាណិជ្ជកម្មតាមអ៊ីនធឺណិតកំពុងកើនឡើង បន្ទាប់ពីការធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ក្រុមហ៊ុន មេតា មានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា បាននិយាយថា ក្រុមហ៊ុននេះរកបានចំណូលជិត១២ពាន់លានដុល្លារ ឬជាង៤ដុល្លារ ក្នុងមួយភាគហ៊ុននៅក្នុងត្រីមាសពីខែកក្កដា ដល់ខែកញ្ញា ពោលគឺបានកើនឡើងពីចំណូលជាង៤ពាន់លានដុល្លារ ឬជិត២ដុល្លារក្នុងមួយភាគហ៊ុនក្នុងពេលដូចគ្នាកាលពីឆ្នាំមុន ហើយប្រាក់ចំណូលឆ្នាំនេះបានកើនឡើង២៣% ឡើងដល់ចំនួនជាង៣៤ពាន់លានដុល្លារនៅឆ្នាំនេះ បើធៀបនឹងឆ្នាំមុន ដែលមានចំនួនជិត២៨ពាន់លានដុល្លារ។

បើតាមការស្ទង់មតិរបស់ក្រុមហ៊ុន FactSet បានឱ្យដឹងថា ក្រុមអ្នកវិភាគរំពឹងថា ក្រុមហ៊ុន មេតា នឹងរកប្រាក់ចំណូលបានជាមធ្យម៣.៦៤ដុល្លារ ក្នុងមួយភាគហ៊ុនទៅលើប្រាក់ចំណូលចំនួនជិត៣៤ពាន់លានដុល្លារ។

លោក ជេរ៉េមី ហ្គូលម៉េន (Jeremy Goldman) អ្នកវិភាគនៅក្រុមហ៊ុន Insider Intelligence បាននិយាយថា ទោះជាមានការប្រែប្រួលទីផ្សារបច្ចេកវិទ្យាកាន់តែទូលំទូលាយក៏ដោយ ក៏ប៉ុន្តែក្រុមហ៊ុន មេតា នៅតែបន្តបំពេញតាមការរំពឹងទុករបស់ខ្លួនដដែល ហើយថា ក្រុមហ៊ុន មេតា ឥឡូវនេះបានកំណត់ផ្លូវកំណើនដ៏មិននឹកស្មានដល់ជាមួយនឹងគន្លងផ្លូវដែលកើនឡើងប្រកបដោយនិរន្តរភាព ការចូលរួមរបស់អ្នកប្រើប្រាស់មានភាពរឹងមាំ និងការបង្កើនប្រសិទ្ធភាពចំណាយជាយុទ្ធសាស្ត្រផងដែរ។

ក្រុមហ៊ុន មេតា បាននិយាយថា ចំនួនអ្នកប្រើប្រាស់សកម្មនៅលើ Facebook គឺមានចំនួនជាង៣ពាន់លាននាក់ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា គឺបានកើនឡើង៣% បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំមុន។

ចំនួនអ្នកប្រើប្រាស់សកម្មប្រចាំខែនៅលើប្រព័ន្ធអេបរបស់ក្រុមហ៊ុននេះ ដែលរួមមាន Facebook, Instagram, WhatsApp និង Messenger មានចំនួនជិត៤ពាន់លាននាក់ គិតត្រឹមដំណាច់ត្រីមាសទី៣ គឺបានកើនឡើង៧% បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែក្រុមហ៊ុន មេតា មិនបានបង្ហាញពីតួលេខអ្នកប្រើរបស់ខ្លួន សម្រាប់កម្មវិធីផ្សេងទៀតក្រៅពី Facebook ប្រចាំត្រីមាសនោះទេ។

នាយកប្រតិបត្តិក្រុមហ៊ុន មេតា គឺលោក ម៉ាក ហ្សាក់ឃឺប៊ឺក (Mark Zuckerberg) បាននិយាយនៅក្នុងសន្និសីទតាមទូរសព្ទជាមួយក្រុមអ្នកវិភាគថា កម្មវិធី ស្រេត (Threads) របស់ក្រុមហ៊ុន មេតា ដែលបានចាប់ផ្តើមកាលពីខែកក្កដា មានអ្នកប្រើប្រាស់សកម្មប្រចាំខែចំនួន១០០លាននាក់។

លោកបានបន្ថែមថា លោកបានគិតជាយូរមកហើយថា វាគួរតែមានកម្មវិធីសន្ទនាសាធារណៈ រាប់ពាន់លាននាក់ដែលមានលក្ខណវិជ្ជមានជាងនេះ ហើយថា ប្រសិនបើពួកគេអាចទ្រាំចាំពីរបីឆ្នាំទៀតបាន លោកជឿថា កម្មវិធីស្រេត អាចជាឱកាសល្អក្នុងការក្លាយជាកម្មវិធីបែបនោះបាន។

សូមរំលឹកថា ការចំណាយសរុបរបស់ក្រុមហ៊ុន មេតា មានចំនួនជាង២០ពាន់លានដុល្លារ គឺធ្លាក់ចុះ៧% បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ហើយឥឡូវក្រុមហ៊ុននេះមានបុគ្គលិកចំនួនជិត៧ម៉ឺននាក់គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ពោលគឺថយចុះ២៤% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ សម្រាប់ត្រីមាសទី៤នេះ ក្រុមហ៊ុន មេតា កំពុងព្យាករពីប្រាក់ចំណូល ដែលអាចរកបានចន្លោះពីជាង៣៦ពាន់លានដុល្លារទៅ៤០ពាន់លានដុល្លារ ប៉ុន្តែអ្នកវិភាគរំពឹងថា នឹងមានចំនួនជិត៣៩ពាន់លានដុល្លារ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រធានសភាអាម៉េរិកថ្មីឱ្យចេញច្បាប់គាំទ្របន្ថែមដល់អ៊ីស្រាអែល ខណៈភាពជាប់គាំងក្នុងសភាត្រូវបានបញ្ចប់

ព័ត៌មាន
ក្រោយភាពជាប់គាំងនយោបាយបីសប្តាហ៍នៃការអវត្តមានប្រធានសភា នៅទីបំផុតស្ថាប័ននីតិប្បញ្ញត្តិរបស់អាម៉េរិកមួយនេះជ្រើសបានប្រធានសភាថ្មីហើយកាលពីថ្ងៃព…

មជ្ឈមណ្ឌលភាសា Aii៖ បន្តត្រួសត្រាយការអប់រំប្រកបដោយគុណភាពនៅកម្ពុជា

ព័ត៌មាន
ជាសញ្ញាណបង្ហាញពីឧត្តមភាពផ្នែកអប់រំនៅក្នុងប្រទេសកម្ពុជា មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អាមេរិកាំង មានក្តីសោមនស្សក្នុង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ