អ្នកជំនាញហិរញ្ញវត្ថុថាវិស័យហិរញ្ញវត្ថុនិងធនាគារនៅកម្ពុជានៅតែល្អប្រសើរ

CEO អេ អឹម ខេ អះអាងថា វិស័យហិរញ្ញវត្ថុកម្ពុជានឹងនៅតែល្អប្រសើរ ទោះបន្តស្ថិតក្នុងសម្ពាធឥទ្ធិពលពីខាងក្រៅយ៉ាងណាក្ដី


អ្នកជំនាញក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាកត់សម្គាល់ឃើញថា មកដល់ពាក់កណ្ដាលឆ្នាំ២០២៣ ស្ថានភាពវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជានៅតែរក្សាកំណើនជាវិជ្ជមាន បើទោះជាវិស័យនេះបាននិងកំពុងរងឥទ្ធិពលពីវិបត្តិសាកលក៏ដោយចុះ។ កត្តានេះបានជំរុញឲ្យអ្នកជំនាញមានសុទិដ្ឋិនិយមថា ស្ថានភាពវិស័យធនាគារ និងហិរញ្ញវត្ថុវិស័យហិរញ្ញវត្ថុនៅកម្ពុជានឹងនៅតែបន្តមានលក្ខណៈល្អប្រសើរ និងដំណើរការដោយរលូននៅឆ្នាំនេះ បើទោះបីសេដ្ឋកិច្ចសកល រួមទាំងសេដ្ឋកិច្ចកម្ពុជាបន្តស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ក៏ដោយ។
CEO អេ អឹម ខេ អះអាងថា វិស័យហិរញ្ញវត្ថុកម្ពុជានឹងនៅតែល្អប្រសើរ ទោះបន្តស្ថិតក្នុងសម្ពាធឥទ្ធិពលពីខាងក្រៅយ៉ាងណាក្ដី

លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ កត់សម្គាល់ឃើញថា នៅឆមាសទី១ឆ្នាំ២០២៣ កន្លងទៅ វិស័យធនាគារនិងហិរញវត្ថុនៅកម្ពុជានៅតែដំណើរការជាធម្មតា និងមិនមានការប្រែប្រួលគួរឲ្យកត់សម្គាល់នោះទេ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បើតាមលោក គា បូរាណ ប្រទេសកម្ពុជាក៏មិនខុសពីបណ្ដាប្រទេសដទៃនោះទេ គឺសុទ្ធតែបាន​រងផលប៉ះពាល់ដោយសារវិបត្តិសាកល ដូចជាការរាតត្បាតជំងឺកូវីដ១៩ ការដំឡើងអត្រាការប្រាក់គោល​របស់​ធនាគារកណ្ដាលអាមេរិក ការកើនឡើងអតិផរណាសាកល និងការអូសបន្លាយនៃសង្រ្គាមរុស្សី-អ៊ុយក្រែនជាដើម។ សម្រាប់លោកបញ្ហានេះបានជះឥទ្ធិពលអវិជ្ជមានដល់វិស័យធនាគារ និងហិរញ្ញវត្ថុ រួមទាំងវិស័យផ្សេងៗរបស់កម្ពុជា។

បើទោះជាបែបនេះក្ដី អ្នកជំនាញរូបនេះមានជំនឿថា សម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជានឹងនៅតែមានស្ថានភាពល្អប្រសើរ ដោយសារលោកមើលឃើញពីភាពល្អប្រសើរនៃរំហូរសាច់ប្រាក់ក្នុងវិស័យនេះនៅមានភាពល្អប្រសើរ និងរឹងមាំ។ ម្យ៉ាងវិញទៀត សេដ្ឋកិច្ចកម្ពុជាត្រូវបានគេព្យាករថា នឹងមានកំណើនក្នុងរង្វង់៥.៥%នៅឆ្នាំនេះ ដែលជាស្ថានភាពល្អប្រសើរមួយសម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជា។

ដោយឡែក សម្រាប់លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានគូសបញ្ជាក់ប្រាប់សារព័ត៌មានខេមបូណូមីសថា ស្ថានភាពនៃវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ នៅក្នុងរយៈពេលប៉ុន្មានខែដើមឆ្នាំ២០២៣ ស្ថានភាពឥណទានថ្មីៗ ហាក់មានការថយចុះបើធៀបនឹងឆ្នាំមុន ខណៈដែលឥណទានមានហានិភ័យកើនដល់៤,៨% សម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុទាំងមូល។ ដោយឡែក វិស័យមីក្រូហិរញ្ញវត្ថុ ឥណទានមានហានិភ័យស្ថិតក្នុងកម្រិតជាង ៣% ខណ:តាមស្តង់ដារអន្តរជាតិ ឥណទានមានហានិភ័យក្រោម ៥% ត្រូវបានចាត់ទុកថា ជាកម្រិតល្អប្រសើរនៅឡើយ។

សូមបញ្ជាក់ថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ វិស័យមីក្រូហិរញ្ញវត្ថុ (ដោយមិនរាប់បញ្ចូលធនាគារ) បានផ្តល់ឥណទានជូនប្រជាពរដ្ឋប្រមាណជាង ២លានគណនី ក្នុងទំហំឥណទានសរុបជាង៩ពាន់លានដុល្លារអាមេរិក។ ដោយឡែក ប្រាក់បញ្ញើនៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើទាំង៥ បានកើនឡើងដល់ជាង ៤ពាន់៨រយលានដុល្លារកើនឡើង ២,៨% បើធៀបទៅនឹងត្រីមាសមុន ដោយមានអតិថិជនដាក់ប្រាក់បញ្ញើសរុបជាង ២លាន៧សែនគណនី កើនឡើង១,៧% ធៀបនឹងត្រីមាសមុន។ ដោយឡែក សម្រាប់ឥណទានក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ត្រូវបានផ្តល់ដល់វិស័យក្រុមគ្រួសារមានចំនួន ៣៣,២% ពាណិជ្ជកម្ម និងជំនួញមាន ២៣,៣% កសិកម្ម ១៧,៨% សេវាកម្ម ១៣,៦% និងវិស័យផ្សេងៗទៀត ១២,២%។ នេះបើតាមរបាយការណ៍ដែលផ្ដល់ដោយលោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនងនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា៕​




អត្ថបទបន្ទាប់


ហេតុអ្វីមានតែមេអគ្គពន្ធដារ និងគយប៉ុណ្ណោះ អាចនៅបន្តកាន់តំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបន្ថែមលើមុខងារបច្ចុប្បន្ន?

ព័ត៌មាន
តាមរយៈសារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីចាំផ្ទះ បានអះអាងថា មានតែអគ្គនាយក នៃអគ្គនាយកពន្ធដារ និងអគ្គនាយគយ និងរដ្ឋាករប៉ុណ្ណោះ…

លោកជំទាវ ជា សិរី ត្រូវបានតែងតាំងជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាជំនួសឯកឧត្តម ជា ចាន់តុ ជាឪពុក

ព័ត៌មាន
លោកជំទាវ ជា សិរី ត្រូវបានព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាកម្ពុជាសព្វព្រះរាជហឬទ័យត្រាស់បង្គាប់តែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ