ប្រជុំកំពូលអាស៊ានG20និងAPEC

រឿងរ៉ាវចំនួន៥ សំខាន់ៗបានកើតឡើង ក្រោយជំនួបកំពូលៗចំនួន៣ត្រូវបានបញ្ចប់នៅខែវិច្ឆិកានេះ


អស់រយៈពេល១២ថ្ងៃក្នុងខែវិច្ឆិកានេះ តំបន់អាស៊ីអាគ្នេយ៍បានក្លាយទៅជាចំណុចកណ្តាល ជាទីលានដែលមេដឹកនាំមហាអំណាចធំៗមកជំនុំគ្នា និងខ្លះថែមទាំងប្រឈមមុខដាក់គ្នាថែមទៀត។ ជាក់ស្តែង មេដឹកនាំមកពីសហរដ្ឋអាមេរិក ចិន ឥណ្ឌា និងប្រទេសផ្សេងទៀតបានជួបប្រជុំគ្នាក្នុងតំបន់សម្រាប់កិច្ចប្រជុំកំពូលចំនួន៣។ ចំណុចគួរកត់សម្គាល់មួយ គឺនៅត្រង់ថា ភាគីរុស្ស៊ីកាន់តែឯកោជាងមុនទៀតក្នុងកិច្ចប្រជុំទាំងបី ដោយសារតែការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន។
ប្រជុំកំពូលអាស៊ានG20 និងAPECបិទបញ្ចប់ហើយនរណាឈ្នះនរណាចាញ់?

ទីក្រុងម៉ូស្គូបានត្រឹមបញ្ជូនមន្ត្រីការទូត​ឱ្យចូលរួមប៉ុណ្ណោះ ជាជាងការចូលរួមដោយផ្ទាល់របស់​ប្រធានាធិបតីពូទីន។

ន្ទឹមនេះ មេដឹកនាំផ្សេងៗបានឈ្លៀតឱកាសពង្រឹងឥទ្ធិពល និងពង្រីកការកសាងភាពជាដៃគូ ជាមួយបណ្ដាប្រទេសក្នុងតំបន់​ដែលកំពុងតែ​លេចធ្លោមួយនេះ។

នៅខែវិច្ឆិកានេះ ជាពេលវេលាដ៏មមាញឹក​សម្រាប់​តំបន់អាស៊ីអាគ្នេយ៍ដែលបានរៀបចំ​កិច្ចប្រជុំកំពូលសំខាន់ៗបន្ដកន្ទុយគ្នា រួមមានដូចជា​កិច្ចប្រជុំកំពូល​សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន នៅរាជធានី ភ្នំពេញ ដែលបានធ្វើឡើងពីថ្ងៃទី៨ដល់ថ្ងៃទី១៣ខែវិច្ឆិកា បន្ទាប់មកទៀត កិច្ចប្រជុំកំពូលក្រុមប្រទេសG20 នៅកោះបាលី និងចុងក្រោយ គឺវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកនៅទីក្រុងបាងកក ប្រទេសថៃដែលទើបបានបញ្ចប់កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។

តាមរយៈកិច្ចប្រជុំកំពូល​ទាំង៣ ដែលបាន​ធ្វើឡើងនេះ យើងមើលឃើញថា មានរឿងរ៉ាវ​ ៥​ចំណុចសំខាន់ៗ ដែលមានប្រទេសខ្លះ​ទទួលបានផលចំណេញអំពីកិច្ចប្រជុំទាំងនេះ និងអ្នកខ្លះក៏ខាតបង់ផងដែរ។ តើរឿងរ៉ាវសំខាន់ៗទាំង៥ចំណុចនោះ មានអ្វីខ្លះ?

ចំណុចសំខាន់ទី១, កិច្ចប្រជុំទាំងនេះ អាចជួយបញ្ចៀសភាពតានតឹង

មានការបារម្ភនៅមុនកិច្ចប្រជុំ, បារម្ភនៅត្រង់ថា គេមិនអាចមានសេចក្តីថ្លែងការណ៍រួមនៅក្រោយកិច្ចប្រជុំ ដោយសារតែការខ្វែងគំនិតគ្នា ពិសេសការខ្វែងគំនិតថា នឹងមានម្ខាង​ដែលមានទំនោរទៅសហរដ្ឋអាមេរិក និងម្ខាងទៅចិន នៅលើសំណុំរឿងជាច្រើនរាប់ចាប់ពីវិស័យបច្ចេកវិទ្យា រហូតដល់សំណុំរឿងតៃវ៉ាន់ ការមិនយល់ស្របគំនិតគ្នាអំពីសង្គ្រាមនៅអ៊ុយក្រែន ដែលជាបញ្ហារសើបជាងគេរាល់កិច្ចប្រជុំនានា នៅពេញមួយឆ្នាំ២០២២នេះ។​

ផ្ទុយពីការគិតទុកទាំងនេះ ប្រទេសដែលមកចូលរួមប្រជុំ បានដាក់ចុះភាពមិនយល់ស្របគ្នា​របស់ពួកគេមួយឡែក ឬយ៉ាងហោចណាស់អាចប្រើវោហាសាស្ត្រសម្តែងក្តីបារម្ភរបស់គេ ហើយនៅចុងក្រោយក៏យល់ព្រម លើសេចក្តីប្រកាសរួមដែល សំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសមាហរណកម្ម។

ជាក់ស្តែង សេចក្តីប្រកាសរួមរបស់មេដឹកនាំ APEC បានជំរុញឱ្យបណ្តាខឿនសេដ្ឋកិច្ចពិភពលោកដែលជាសមាជិក ធ្វើការឆ្ពោះទៅរកកិច្ចការតំបន់ប្រកបដោយគុណភាពខ្ពស់ និងទូលំទូលាយ ដោយបានទាញចំណាប់អារម្មណ៍លើបញ្ហាពាណិជ្ជកម្ម ស្តង់ដារការងារ សិទ្ធិមនុស្ស កម្មសិទ្ធិបញ្ញា ច្បាប់ស្តីពីសហគ្រាសរដ្ឋ និងលើសេដ្ឋកិច្ចឌីជីថល ជាដើម។

ជាការពិតណាស់ វាមិនអាចជឿសរួចពីការខ្វែងគំនិត ឬប្រទាំងប្រទើសគ្នាខ្លះទេ ដោយហេតុថាប្រទេសមហាអំណាចទាំងពីរគឺចិន និងអាមេរិក តែងទស្សនៈខុសគ្នាយ៉ាងខ្លាំងអំពីរបៀបដើម្បីបន្តសម្រេចគោលដៅសេដ្ឋកិច្ចដែលបានរៀបរាប់ខាងលើ។

ចំណុចសំខាន់ទី២, រុស្ស៊ីជាអ្នកចាញ់?

តាម​រយៈ​ជំនួប​កំពូល​ទាំង​បី រុស្ស៊ី​បានក្លាយជា​អ្នក​ចាញ់​យ៉ាង​ច្បាស់។ ជាក់ស្តែង G-20 និង APEC បានអនុម័តសេចក្តីថ្លែងការណ៍រួម ដែលមានសំណេរស្រដៀងគ្នា ថ្កោលទោសការឈ្លានពានរបស់ទីក្រុងមូស្គូមកលើអ៊ុយក្រែន ទោះបីជាកន្លែងខ្លះ​ហាក់រៀបរាប់បែបប្រយោលក៏ដោយ។ សេចក្តីថ្លែងការណ៍ទាំងពីរបាននិយាយថា «សមាជិកភាគច្រើន​បានថ្កោលទោស​យ៉ាងខ្លាំងចំពោះសង្រ្គាមនៅអ៊ុយក្រែន» ហើយកត់សម្គាល់ទៀតថា «មានទស្សនៈផ្សេងទៀត និងការវាយតម្លៃផ្សេងៗ​គ្នា​អំពីស្ថានភាព និងការដាក់ទណ្ឌកម្មផងដែរ»។

អ្នកជំនាញវិទ្យាសាស្ត្រនយោបាយនៅសកលវិទ្យាល័យប្រទេសជប៉ុនមួយរូប និយាយថា រុស្ស៊ីគឺជាអ្នកចាញ់ ក្រោយជំនួបធំៗបិទបញ្ចប់ទៅ។ ចាញ់ក៏ដោយសារតែប្រទេសស្ទើរតែទាំងអស់ បាននាំគ្នាចេញសេចក្តីថ្លែងការរួមថ្កោលទោស មិនពេញចិត្តនិងរុស្ស៊ី។ ទោះបីសេចក្តីថ្លែងការណ៍នោះ មិនសូវជាដាក់ការស្តីបន្ទោសខ្លាំងក៏ដោយ ប៉ុន្តែដែលអាចចេញសេចក្តីថ្លែងការណ៍រួមបាន គឺជារឿងសំខាន់។

គួរជម្រាបថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មិនបានបង្ហាញខ្លួននៅក្នុងកិច្ចប្រជុំកំពូលណាមួយនោះទេ។ ជំនួសមកវិញ គាត់បានបញ្ជូនរដ្ឋមន្ត្រីការបរទេស Sergey Lavrov មកចូលរួម។

ចំណុចសំខាន់ទី៣, ឥណ្ឌាជាអ្នកនៅពីក្រោយការរួបរួមគ្នាឱ្យចេញសេចក្តីថ្លែងការណ៍រួម

ការចេញសេចក្តីថ្លែងការណ៍រួមដោយជោគជ័យមួយផ្នែក គឺបានមកពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងនៅពីក្រោយដោយប្រទេសឥណ្ឌូនេស៊ីដែលជាប្រធាន G20 សម្រាប់ឆ្នាំ២០២២ និងឥណ្ឌាដែលនឹងធ្វើជាប្រធាននៅឆ្នាំក្រោយ។ នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានជំរុញឱ្យសមាជិក G-20 ស្វែងរកចំណុចរួម ដោយព្រមានថា ការបែងចែកក្រុមគ្នា អាចធ្វើឱ្យគេធ្លាក់ចូលទៅក្នុងភាពមិនដំណើរការ មិនអាចធ្វើអ្វីបានដូចក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

បើតាម អ្នកនាំពាក្យសេតវិមានអាមេរិកលោកស្រី ខារីន ហ្សង់ព្យែរ(Karine Jean-Pierre) បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍មុនថា ប្រទេសឥណ្ឌាបានដើរតួយ៉ាងសំខាន់ក្នុងការចរចារលើសេចក្តីប្រកាសរួមនៃកិច្ចប្រជុំកំពូលG20។ នាយករដ្ឋមន្ត្រី Modi បានបញ្ជាក់យ៉ាងច្បាស់ថាសម័យបច្ចុប្បន្ននេះ គេមិនត្រូវឱ្យមានសង្រ្គាមឡើយ។

ចំណុចសំខាន់ទី៤, វឌ្ឍនភាពតិចតួចនៅមីយ៉ាន់ម៉ា

វិបត្តិនយោបាយដែលអូសបន្លាយក្នុងប្រទេសមីយ៉ាន់ម៉ា គឺជាអាទិភាពក្នុងកិច្ចប្រជុំកំពូលអាស៊ាន ក៏ប៉ុន្តែសំណុំរឿងនេះហាក់ទទួលបានការយកចិត្តទុកដាក់តិចជាងរឿងសង្រ្គាមនៅអ៊ុយក្រែន និយាយជារួម ទោះបីជារបបយោធានៅតែបន្តការធ្វើទុក្ខបុកម្និញលើជនស៊ីវិលក៏ដោយ។ នេះទំនងដោយសារបញ្ហានៅមីយ៉ាន់ម៉ាជាបញ្ហាតំបន់ ខណៈសង្គ្រាមនៅអ៊ុយក្រែនជាបញ្ហាសកល ហើយជះផលមិនល្អដល់អ្នកគ្រប់គ្នា ពិសេសវិស័យសេដ្ឋកិច្ច។​

ទោះយ៉ាងណា ក្រោយកិច្ចប្រជុំកំពូលនេះ កាលពីថ្ងៃព្រហស្បត្តិ៍ទី១៧វិច្ឆិកាសប្តាហ៍មុន អាជ្ញាធរមីយ៉ាន់ម៉ាបានប្រកាសដោះលែងអតីតអ្នកការទូតអង់គ្លេស អ្នកកាសែតជប៉ុន និងសេដ្ឋវិទូអូស្ត្រាលីម្នាក់ ជាមួយនឹងការលើកលែងទោសរួមគ្នា ជាមួយនឹងអ្នកទោសនយោបាយប្រហែលជិត ៦.០០០នាក់។ ។

ប្រេសិតពិសេសនៃប្រធានអាស៊ាន ឯកឧត្តម​ប្រាក់ សុខុន​​ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយបានស្វាគមន៍ការដោះលែងអ្នកទោសទ្រង់ទ្រាយធំនាពេលថ្មីៗនេះ និងបានចាត់ទុកការដោះលែងនេះថាជាកាយវិកាដ៏ត្រឹមត្រូវ ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ចាប់ផ្ដើមដំណើរការសន្ទនា ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់នៅ មីយ៉ាន់ម៉ា។

ចំណុចសំខាន់ទី៥, កិច្ចប្រជុំទាំង៣ផ្តល់ឱកាសឱ្យមានជំនួបការទូតទល់មុខគ្នា

មែនទែនទៅ កិច្ចប្រជុំ​កំពូលទាំងនេះ​មិនមែន​គ្រាន់តែដើម្បីចេញ​សេចក្តីប្រកាស ឬសេចក្តីថ្លែងការណ៍រួម​ប៉ុណ្ណោះ​ទេ​។ មុខងារសំខាន់មួយទៀត គឺផ្តល់ឱកាសសម្រាប់មេដឹកនាំ និងអ្នកការទូតដើម្បីបង្កើតទំនាក់ទំនងផ្ទាល់ខ្លួនជាមួយសមភាគីរបស់ពួកគេដែលមកពីប្រទេសផ្សេងទៀត តាមរយៈកិច្ចប្រជុំទ្វេភាគី និងក្រៅផ្លូវការ ដោយអង្គុយទល់មុខគ្នាតែម្តង។ ការជួបគ្នាដោយផ្ទាល់ ងាយស្រួលបង្កើនទំនាក់ទំនង ជាងការជួបប្រជុំដោយប្រព័ន្ធអនឡាញ។​

សូមជម្រាបថា​ក្នុងចំណោមកិច្ចប្រជុំទ្វេភាគី និងក្រៅផ្លូវការទាំងអស់ ជំនួបរវាងប្រធានាធិបតី Joe Biden ជាមួយប្រធានាធិបតីចិន ស៊ី ជីនពីងក្រៅកិច្ចប្រជុំ G20 ជាកិច្ចប្រជុំលេចធ្លោជាងគេ ពោលគឺជាជំនួបផ្ទាល់លើកដំបូងចាប់តាំងពីលោក Biden ឡើងជាប្រធានាធិបតីអាមេរិក៕




អត្ថបទបន្ទាប់


បំណុលសាធារណៈ និងឯកជនប្រទេសឡាវនឹងហក់ឡើងលើស ១០០% នៃGDP នៅឆ្នាំ២០២២

ព័ត៌មាន
បើទោះបីជាការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចនៅដើមឆ្នាំ២០២២ក្ដី ប៉ុន្ដែ បើតាមរបាយការណ៍ថ្មីចុងក្រោយមួយរបស់ធនាគារពិភពលោក ប្រទេសឡាវនៅតែប្រឈមនឹងប…

អាមេរិកស្នើប្រធានក្រុមប្រឹក្សាសន្តិសុខUN ចេញសេចក្ដីថ្លែងការណ៍ ចំពោះការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង

ព័ត៌មាន
សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទបានអំពាវនាវឱ្យមានសេចក្តីថ្លែងការណ៍របស់ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីឱ្យកូរ៉េខាងជើងទទួលខុសត្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ