ថាមពលហ្គាស

តម្លៃហ្គាសនឹងធ្លាក់ចុះនៅឆ្នាំ២០២៤ ខណៈពលរដ្ឋអាម៉េរិកកាត់បន្ថយការចំណាយ៣២ពាន់លានដុល្លារលើឥន្ធនៈ


យោងតាមការព្យាកររបស់ក្រុមហ៊ុន GasBuddy បង្ហាញថា តម្លៃហ្គាសនៅក្នុងទីផ្សារសហរដ្ឋអាម៉េរិក នឹងធ្លាក់ចុះនៅឆ្នាំ២០២៤ ខាងមុខ ដែលជាការធ្លាក់ចុះ២ឆ្នាំជាប់ៗគ្នា ខណៈពលរដ្ឋអាម៉េរិកកាត់បន្ថយការចំណាយចំនួន៣២ពាន់លានដុល្លារទៅលើឥន្ធនៈបើធៀបនឹងឆ្នាំ២០២៣។
ថាមពលហ្គាស
ដោយ

ក្រុមហ៊ុនអាម៉េរិក ហ្គាសបាត់ឌី (GasBuddy) បានព្យាករថា តម្លៃហ្គាសក្នុងទីផ្សាររបស់សហរដ្ឋអាម៉េរិក នឹងធ្លាក់ចុះជាមធ្យមមកនៅត្រឹម៣ដុល្លារ៣៨សេន ក្នុងមួយហ្គាឡុង (Gallon) នៅក្នុងឆ្នាំ២០២៤ ខាងមុខ ដែលជាឆ្នាំបោះឆ្នោតដ៏សំខាន់។ ការធ្លាក់ថ្លៃហ្គាសនៅក្នុងឆ្នាំ២០២៤ នេះ ឆ្លុះបញ្ចាំងពីភាពល្អប្រសើរច្រើន បើធៀបនឹងតម្លៃហ្គាសជាមធ្យម៣ដុល្លារ៥១សេន ក្នុងមួយហ្គាឡុងក្នុងឆ្នាំ២០២៣ និងជាមធ្យម៣ដុល្លារ៩៥សេន ក្នុងមួយហ្គាឡុងក្នុងឆ្នាំ២០២២។

តម្លៃហ្គាសបានហក់ឡើងខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងឆ្នាំ២០២២ ខណៈដែលការបើកប្រតិបត្តិការយោធារបស់រុស្ស៊ី ចូលឈ្លានពានប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំនោះបានបង្កការភ្ញាក់ផ្អើលទូទាំងពិភពលោក។ តែយ៉ាងណា បើទោះបីជាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន កាន់តែអូសបន្លាយ និងមានហានិភ័យ ដែលសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ អាចរីករាលដាលក្លាយជាជម្លោះពាសពេញតំបន់យ៉ាងណាក្ដី ក៏ក្រុមហ៊ុន GasBuddy នៅតែមានសុទិដ្ឋិនិយមថា ស្ថានភាពនឹងកាន់តែធូរស្រាលនៅក្នុងឆ្នាំ២០២៤ ខាងមុខ។

ក្រុមហ៊ុន GasBuddy ព្យាករថា ពលរដ្ឋអាមេរិកនឹងកាត់បន្ថយការចំណាយចំនួន៣២ពាន់លានដុល្លារ ទៅលើឥន្ធនៈបើធៀបនឹងឆ្នាំ២០២៣ ឬចំណាយតិចជាងមុនចំនួន៧៩ពាន់លានដុល្លារ បើធៀបនឹងឆ្នាំ២០២២។

ការព្យាករនេះជាសញ្ញាដ៏ល្អសម្រាប់អ្នកប្រើប្រាស់ ដែលនៅតែមានភាពរសើបខ្លាំងចំពោះការប្រែប្រួលនៃថ្លៃចំណាយលើជីវភាពប្រចាំថ្ងៃ ជាពិសេសពាក់ព័ន្ធនឹងតម្លៃហ្គាស ហើយវាក៏ផ្ដល់ហេតុផលសមស្របមួយដែលសេតវិមាន គួរតែបង្ហាញសុទិដ្ឋិនិយមដោយប្រយ័ត្នប្រយែងផងដែរនៅក្នុងការបញ្ជូនសារសេដ្ឋកិច្ចរបស់ខ្លួនទៅកាន់សាធារណជន ដែលនៅមានមន្ទិលសង្ស័យ។

ការធ្លាក់ចុះតម្លៃហ្គាស ក៏ជួយដល់ធនាគារកណ្ដាលអាម៉េរិក មួយផ្នែកផងដែរ ខណៈធនាគារនេះកំពុងប្រឹងប្រែងជំរុញកំណើនសេដ្ឋកិច្ចអាម៉េរិក តាមរយៈការទប់អតិផរណាដោយមិនឱ្យវិបត្តិសេដ្ឋកិច្ចផ្ទុះឡើង​។ តម្លៃហ្គាសត្រូវបានធនាគារកណ្ដាលអាម៉េរិក ឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ប៉ុន្តែមិនត្រូវបានរាប់បញ្ចូលទៅក្នុងរង្វាស់អតិផរណាស្នូលរបស់ខ្លួននោះទេ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកវិភាពថា សង្រ្គាមនៅអ៊ុយក្រែន អាចអូសបន្លាយយ៉ាងយូរ៣ឆ្នាំទៀត

ព័ត៌មាន
សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ដែលបានផ្ទុះក្រោយការឃ្លានពានរបស់រុស្ស៊ី ពេញទំហឹងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ អាចនឹងបិទបញ្ចប់នៅក្នុងរង្វង់ប្រហែ…

ធនាគារអេស៊ីលីដា ដាក់សាខាចំនួន ៧នៅរាជធានីភ្នំពេញ បើកបម្រើអតិថិជនរហូតដល់ម៉ោង៧យប់

ព័ត៌មាន
ធនាគារអេស៊ីលីដា ដែលជាធនាគារពាណិជ្ជដ៏ធំ និងដំបូងគេ ដែលបានបោះផ្សាយលក់ភាគហ៊ុននៅកម្ពុជា នាពេលថ្មីៗនេះ បានប្រកាសដាក់ឲ្យដំណើរការសាខាចំនួ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ