ការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស

ការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសសម្រេចបានទំហំវិយោគសរុបជាង ៣០០លានដុល្លារ នៅឆមាសទី១ឆ្នាំនេះ


នៅឆមាសទី១ ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មសរុបចំនួន ១១៣គម្រោង ជាមួយទំហំវិនិយោគសរុបជាង ១ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ មានគម្រោងវិនិយោគចំនួន ២៧គម្រោង ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ជាមួយទុនវិនិយោគសរុបជាង ៣០០លានដុល្លារ និងបង្កើតឪកាសការងាររហូតជាង ២ម៉ឺនកន្លែងសម្រាប់ប្រជាពលរដ្ឋ។
ការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសសម្រេចបានទំហំវិយោគសរុបជាង៣០០លានដុល្លារនៅឆមាសទី១

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកតំបន់សេដ្ឋកិច្ចពិសេសរបស់កម្ពុជា ដើរតួនាទី និងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដោយបានបន្តលើកទឹកចិត្តវិនិយោគិនបង្កើនការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសបន្ថែមទៀត តាមរយៈការអភិវឌ្ឍ និងប្រើប្រាស់តំបន់សេដ្ឋកិច្ចពិសេសដែលមានស្រាប់ទាំងអស់ឲ្យអស់សក្តានុពល និងបានលើកទឹកចិត្តនិងជំរុញអ្នកអភិវឌ្ឍន៍តំបន់ពាណិជ្ជកម្មសេរីក្នុងតំបន់អាស៊ី រួមគ្នាបង្កើតក្រុមប្រឹក្សាអ្នកអភិវឌ្ឍផ្នែកឯកជន ដើម្បីចូលមកវិនិយោគក្នុងការរៀបចំតំបន់សេដ្ឋកិច្ចពិសេសក្នុងតំបន់ ថែមទៀតផង។

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានកត់សម្គាល់ឃើញថា ភាគច្រើននៃគម្រោងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស គឺជាគម្រោងវិនិយោគក្នុងវិស័យកាត់ដេរ ហើយគម្រោងវិនិយោគក្រៅតំបន់សេដ្ឋកិច្ចពិសេស ភាគច្រើនជាគម្រោងវិនិយោគ ក្នុងវិស័យឧស្សាហកម្ម-កែច្នៃ។ យ៉ាងណាក៏ដោយ ឧកញ៉ា លឹម ហេង បានសង្កត់ធ្ងន់ថា រាល់គម្រោងវិនិយោគនៅកម្ពុជាទាំងអស់ សុទ្ធតែមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ច និងសង្គម មិនថានៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ឬក្នុងតំបន់សេដ្ឋកិច្ចពិសេស នោះទេ។

ជាមួយគ្នានោះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានកត់សម្គាល់ឃើញថា ស្ថានភាពវិនិយោគនៅកម្ពុជា នាឆមាសទី១ ឆ្នាំ២០២៣ មានសញ្ញាណវិជ្ជមាន។ បើតាមការអះអាងរបស់អ្នកជំនាញសេដ្ឋកិច្ចរូបនេះ បន្ទាប់ពីស្ថានភាពរាតត្បាតជំងឺកូវីដ១៩នៅកម្ពុជា ធូរស្បើយ និងបានបើកប្រទេសឡើងវិញ កម្ពុជាកាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងពីក្រុមវិនិយោគិនបរទេស ទាំងការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស និងក្រៅតំបន់សេដ្ឋកិច្ចពិសេស។

សូមបញ្ជាក់ថា នៅក្នុងរយៈពេលពេញមួយឆ្នាំ២០២២ CDC បានអនុម័តគម្រោងវិនិយោគថ្មីៗ និងគម្រោងពង្រីកផលិតកម្មក្នុងតំបន់សេដ្ឋកិច្ចពិសេសសរុប ចំនួន ៤៣គម្រោង ជាមួយទុនវិនិយោគសរុបប្រមាណ ៥៨៨លានដុល្លារ ថយចុះជាង ១ពាន់៤រយលានដុល្លារ បើធៀបនឹងឆ្នាំ២០២១។ ដោយឡែក នៅឆមាសទី១ ឆ្នាំ២០២៣ CDC បានអនុម័តគម្រោងវិនិយោគថ្មីៗ និងគម្រោងពង្រីកផលិតកម្មសរុប ចំនួន ១១៣គម្រោង ជាមួយទុនវិនិយោគសរុបជាង ១ពាន់លានដុល្លារ។ ក្នុងនោះ ភាគច្រើនជាគម្រោងវិនិយោគក្នុងវិស័យឧស្សាហកម្ម ដែលមានរហូត ១០២គម្រោង ជាមួយទុនវិនិយោគប្រមាណ ៨៦០លានដុល្លារ។ ដោយឡែក ចំនួន ៧គម្រោង ស្ថិតក្នុងវិស័យកសិកម្ម-កសិឧស្សាហកម្ម, វិស័យទេសចរណ៍ មានចំនួន ៣គម្រោង ជាមួយទុនវិនិយោគជាង ៦៨លានដុល្លារ និងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ ចំនួន ១គម្រោង ជាមួយទុនវិនិយោគ ១៤លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ CDC៕




អត្ថបទបន្ទាប់


អគ្គនាយកដ្ឋានពន្ធដាររំពឹងថា ការប្រមូលចំណូលពន្ធនៅឆ្នាំ២០២៣ នឹងកើនលើសផែនការត្រឹមតែ ៥% ប៉ុណ្ណោះ

ព័ត៌មាន
នៅឆមាសទី១ឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបានជាង ២ពាន់លានដុល្លារ ដែលស្មើនឹងជាង ៥៨% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្…

តើការរាំងស្ទះក្នុងការជ្រើសរើសនាយករដ្ឋមន្ត្រីនៅថៃ អាចជាឱកាសសម្រាប់កម្ពុជាក្នុងការទាក់ទាញភ្ញៀវទេសចរ និងការវិនិយោគឬទេ?

ព័ត៌មាន
គិតមកទល់ពេលនេះមានរយៈពេលប្រមាណពីរខែហើយ ដែលការបោះឆ្នោតជាតិនៅប្រទេសថៃបានកន្លងផុតទៅ តែប្រទេសក្បែរខាងកម្ពុជាមួយនេះមិនទាន់ជ្រើសរើសបាននាយករ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ