អាល្លឺម៉ង់រិះគន់ធ្ងន់ៗទៅលើលោកពូទីន

អាល្លឺម៉ង់រិះគន់ធ្ងន់ៗពីការប្រើ «យុទ្ធវិធីយោធាពិសពុល» របស់ពូទីនក្នុងសង្គ្រាម ខណៈសហភាពអឺរ៉ុបកំពុងសិក្សាពីការកំណត់តម្លៃប្រេង


អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz នៅថ្ងៃទី ២០ ខែតុលា បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននឹងកំពុងប្រើប្រាស់យុទ្ធវិធីក្នុងការកាត់ផ្តាច់ថាមពល និងស្បៀងអាហារជាអាវុធ ដើម្បីធ្វើឱ្យសណ្តាប់ធ្នាប់ពិភពលោករង្គោះរង្គើ ប៉ុន្តែទីក្រុងម៉ូស្គូបានបរាជ័យក្នុងការបំបែកបំបាក់សាមគ្គីភាពរបស់បស្ចិមលោក ដោយលោកបានសង្កត់ធ្ងន់ថា លោក ពូទីននឹងមិនអាចសម្រេចគោលដៅសង្គ្រាមឈ្លានពាន តាមរយៈការប្រើយុទ្ធសាស្រ្តដ៏ពិសពុលនេះជាដាច់ខាត។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
អាល្លឺម៉ង់រិះគន់ធ្ងន់ៗពីការប្រើ «យុទ្ធវិធីយោធាពិសពុល»!

ថ្លែងទៅកាន់សភារបស់ខ្លួន លោក Scholz អធិការបតីអាល្លឺម៉ង់ក៏បាននិយាយផងដែរថា ប្រទេសអាល្លឺម៉ង់​បានរំដោះខ្លួន​ពីការពឹងផ្អែកលើ​ឧស្ម័នរបស់រុស្ស៊ី ហើយបាននឹងកំពុងធ្វើការដើម្បីឱ្យតម្លៃថាមពលធ្លាក់ចុះ ប៉ុន្តែលោកបានព្រមានថា សហភាពអឺរ៉ុបដែលកំពុង​ព្យាយាមកំណត់តម្លៃឧស្ម័នឲ្យមានការធ្លាក់ចុះ ឬឲ្យនៅថេរនោះ នឹងជួបហានិភ័យជះត្រឡប់មកវិញផងដែរ។

ក្នុងរយៈពេល​ប៉ុន្មានថ្ងៃ​ថ្មីៗនេះ កងទ័ពរុស្ស៊ី​បានវាយប្រហារលើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​របស់អ៊ុយក្រែន​ជាច្រើន ដែលបណ្តាល​ឱ្យដាច់​ចរន្តអគ្គិសនី និងជំរុញ​ឱ្យអ៊ុយក្រែន​ដាក់ចេញ​នូវវិធានការទប់ស្កាត់ និងកាត់បន្ថយ​ការប្រើប្រាស់​អគ្គិសនី​ជាលើកដំបូង​ចាប់តាំង​ពីការឈ្លានពាន​ក្នុង​ខែកុម្ភៈមក។

ការណ៍នេះដែរ លោក Scholz បានប្រាប់សភាថា «អាល្លឺម៉ង់​នឹងមិន​អនុញ្ញាតឲ្យ​ការពង្រីក​ជម្លោះរបស់ទីក្រុងម៉ូស្គូធ្វើឡើង​ដោយមិនមានការឆ្លើយ​តប​នោះទេ​ ហើយយុទ្ធវិធីយោធាប្រកបដោយភាព​ពិសពុលនឹងមិនជួយឲ្យរុស្ស៊ីឈ្នះសង្គ្រាម​ជាដាច់ខាត ផ្ទុយទៅវិញវាជួយនឹង​ពង្រឹងការរួបរួម និងការពួតដៃគ្នាកាន់តែខ្លាំងឡើយជាមួយសម្ព័ន្ធមិត្តរបស់យើង​ក្នុងការជួយអ៊ុយក្រែនតែប៉ុណ្ណោះ»។

ចំពេលជាមួយគ្នានេះ នៅចំពោះមុខការកើនឡើងតម្លៃ​ថាមពលខ្ពស់បំផុត​មិនធ្លាប់មាន​ ដែលបង្កឡើងដោយសង្គ្រាមរុស្ស៊ី-អ៊ុយក្រែននេះដែរ​ សហភាពអឺរ៉ុប​ដែលមានសមាជិក២៧ប្រទេស​របស់ខ្លួនបានរៀបចំកិច្ចប្រជុំជាលើកទីពីរ​ក្នុងរយៈពេលពីរសប្តាហ៍នេះ ដើម្បីព្យាយាមធ្វើឱ្យតម្លៃថាមពលធ្លាក់ចុះ ទោះបីជាការបែកបាក់នៅតែបន្តកើតមាន​ជុំវិញការផ្លាស់ប្តូរតម្លៃ​ឧស្ម័នក៏ដោយ។ ហើយប្លុកអឺរ៉ុបទាំង២៧ប្រទេសនេះត្រូវបានគេរំពឹងថា នឹងគាំទ្រតម្លៃគោល​ដើម​ដែលត្រូវបានជំនួស​សម្រាប់​ឧស្ម័នធម្មជាតិរាវ និងការទិញឧស្ម័នរួមគ្នាផងដែរ។

ទោះបីជាបែបនេះក្តី ប្រទេសខ្លះនៅតែមានការខ្វែងគំនិតគ្នាពី​របៀប​កំណត់​តម្លៃ​ឧស្ម័ន ​ដើម្បី​ទប់ស្កាត់​អតិផរណា​ខ្ពស់​ និងការ​ទប់ទល់​​នឹង​​វិបត្តិ​សេដ្ឋកិច្ច បន្ទាប់ពី​រុស្ស៊ី​​បាន​កាត់បន្ថយ​​លំហូរ​ឧស្ម័ន​នៅចំពោះមុខរដូវរងា​ដែលរៀបនឹងឈានចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ។

ប្រទេសចំនួន១៥ រួមទាំងប្រទេសបារាំង និងប៉ូឡូញបានជំរុញឱ្យមានរូបមន្តមួយចំនួនដើម្បីកំណត់តម្លៃថាមពល ខណៈដែលពួកគេបានប្រឈមមុខនឹងការប្រឆាំងយ៉ាង​ខ្លាំងពី​ប្រទេសអាល្លឺម៉ង់ និងហូឡង់ ដែលជាប្រទេសសេដ្ឋកិច្ចធំបំផុតរ​បស់អឺរ៉ុប ហើយក៏ជាប្រទេសនាំចូលឧស្ម័ន និងជាមជ្ឈមណ្ឌលពាណិជ្ជកម្មឧស្ម័ន​ដ៏​ធំនៅអឺរ៉ុបផងនោះ។

ទាក់ទិននឹងរឿងនេះដែរ អធិការបតីអាល្លឺម៉ង់ លោកអូឡាហ្វ ស្កូលហ្ស (Scholz) បាននិយាយថា គម្លាតតម្លៃឧស្ម័ន​ដែលបានកំណត់ដោយសហភាពអឺរ៉ុបនោះ វាប្រថុយដែលអាចនឹងជំរុញ​ឲ្យអ្នកផលិត និងលក់ឧស្ម័នរបស់ពួកគេ​ទៅកន្លែងផ្សេង ដែលមានន័យថា អឺរ៉ុបអាចទទួលបានផលឧស្ម័នតិចទៅវិញទេជាលទ្ធផលជាក់ស្តែង។

ផ្ទុយទៅវិញ លោកបានគូសបញ្ជាក់ថា៖ «​សហភាព​អឺរ៉ុប​ត្រូវ​តែ​សម្របសម្រួល​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​អ្នក​ប្រើ​ហ្គាស​ផ្សេង​ទៀត​ដូច​ជា​ជប៉ុន និង​កូរ៉េខាងត្បូង ដើម្បី​កុំ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ ដោយក្នុងពេលជាមួយគ្នានេះ អាល្លឺម៉ង់ក៏កំពុងពិភាក្សា​ជាមួយអ្នកផលិតអំពី​តម្លៃសមរម្យមួយ ដោយលោកជឿជាក់ថា ប្រទេសដូចជាសហរដ្ឋអាមេរិក កាណាដា និងន័រវេស ដែលឈរខាងអ៊ុយក្រែន នឹងមានឆន្ទៈក្នុងការដោះស្រាយវិបត្តិថាមពលជាក់ជាមិនខានឡើយ»៕




អត្ថបទបន្ទាប់


រដ្ឋមន្រ្តីហិរញ្ញវត្ថុ APEC បារម្ភពីវិបត្តិសេដ្ឋកិច្ចសាកល និងសម្រេចរើសយកឌីជីថលនីយកកម្ម ជាឧបករណ៍ដោះស្រាយ

ព័ត៌មាន
រដ្ឋមន្រ្តីហិរញ្ញវត្ថុ និងតំណាងជាន់ខ្ពស់នៃប្រទេសជាសមាជិក APEC បានរួមគ្នាស្វែងរកដំណោះស្រាយបញ្ហាសេដ្ឋកិច្ចសកល ដែលកើតឡើងបន្ត នៅក្រោយពីវិបត្តិកូ…

ហ្វីលីពីន ងាកមករកទិញឧទ្ធម្ភាគចក្រយោធាពីអាមេរិកវិញ ក្រោយលុបចោលកិច្ចព្រមព្រៀងជាមួយរុស្ស៊ី

ព័ត៌មាន
ប្រទេសហ្វីលីពីនដែលមានភាពល្អក់កករខ្លះៗជាមួយអាមេរិក កាលពីជំនាន់ប្រធានាធិបតីមុននោះ ពេលនេះប្រទេសទាំងពីរហាក់វិលមកភាពល្អូកល្អិននឹងគ្នាវិញហើ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ