ទីផ្សារហិរញ្ញវត្ថុសកល

ទីផ្សារហិរញ្ញវត្ថុសកលប្រឈមនឹងភាពមិនច្បាស់លាស់កាន់តែខ្លាំងនៅឆ្នាំ២០២៣


ទីផ្សារហិរញ្ញវត្ថុទូទាំងពិភពលោកប្រឈមនឹងភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើងថែមទៀតនៅឆ្នាំក្រោយនេះ ដោយសារគោលនយោបាយរូបិយវត្ថុតឹងតែងរបស់ធនាគារកណ្តាលសំខាន់ៗ និងការបន្ថយកំណើនសេដ្ឋកិច្ចពិភពលោកនៅក្នុងឆ្នាំ២០២៣។ នេះបើតាមការព្យាករដោយទេសាភិបាលធនាគារកណ្តាលរបស់ប្រទេសថៃ ដែលត្រូវបានចុះផ្សាយដោយកាសែតថៃបាងកកប៉ុស្តិ៍។
ទីផ្សារហិរញ្ញវត្ថុសកលប្រឈមនឹងភាពមិនច្បាស់លាស់កាន់តែខ្លាំងនៅឆ្នាំ២០២៣

លោក Sethaput Suthiwartnaruput បាននិយាយថា អត្រាអតិផរណាពិភពលោកត្រូវគេរំពឹងថានឹងនៅតែបន្តស្ថិតក្នុងកម្រិតខ្ពស់ដដែល ហើយធនាគារកណ្តាលភាគច្រើននៅទូទាំងពិភពលោកនឹងរក្សាគោលនយោបាយរូបិយវត្ថុតឹងរ៉ឹងដើម្បីរក្សាតម្លៃនៅឆ្នាំ២០២៣។

លោក Sethaput បានមានប្រសាសន៍ថា អត្រាការប្រាក់កាន់តែខ្ពស់បានបង្ហាញពីការប្រែប្រួលសម្រាប់ទីផ្សារហិរញ្ញវត្ថុទូទាំងពិភពលោក ដែលធ្វើឲ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះនៅឆ្នាំក្រោយ។

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករពីកំណើន GDP សកលសម្រាប់ឆ្នាំ២០២៣មាន ត្រឹមតែ ៣,២% និងឆ្នាំ២០២៤ មានចំនួន ២,៧% ប៉ុណ្ណោះ។ នេះបើតាមលោក Sethaput បាននិយាយនៅក្នុងសិក្ខាសាលាមួយដែលរៀបចំធ្វើដោយទស្សនាវដ្តី Money and Banking កាលពីចុងសប្ដាហ៍មុន។

ទេសាភិបាលធនាគារកណ្ដាលថៃរូបនេះ បាននិយាយថា សេដ្ឋកិច្ចថៃនៅឆ្នាំក្រោយនេះនឹងរងផលប៉ះពាល់ដោយការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក ក្នុងវិស័យមួយចំនួនរួមទាំងវិស័យនាំចេញផងដែរ ហើយក៏អាចប្រឈមនឹងការដំឡើងថ្លៃថាមពល និងនិន្នាការដំឡើងអត្រាការប្រាក់ដុល្លារអាមេរិកផងដែរ។

លោកបាននិយាយថា ទោះជាយ៉ាងណា ទ្រនាប់ការពាររបស់ប្រទេសថៃ គឺមានភាពរឹងមាំគ្រប់គ្រាន់ដើម្បីដោះស្រាយភាពមិនប្រាកដប្រជាបានខ្ពស់ ដោយសារមានទុនបម្រុងអន្តរជាតិដ៏រឹងមាំដែលជាប្រព័ន្ធហិរញ្ញវត្ថុមួយដ៏មានស្ថិរភាព និងកម្រិតទាបនៃបំណុលក្រៅប្រទេស។

លោក Sethaput បាននិយាយថាសេដ្ឋកិច្ចក្នុងស្រុកនៅតែមានដំណើរការធម្មតា ហើយធនាគារកណ្តាលថៃប៉ាន់ប្រមាណអត្រាកំណើនផលិតផលក្នុងស្រុកសរុបនៅក្នុងកម្រិត ៣,២% ក្នុងឆ្នាំ២០២៣មុនពេលកើនឡើងដល់ ៣,៧% ក្នុងឆ្នាំ២០២៤។

ដោយសារហានិភ័យខាងក្រៅកើនខ្ពស់ចំពេលមានសញ្ញាកាន់តែច្បាស់លាស់ពីការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោកនោះ ធនាគារកណ្តាលបានព្យាករថា ការនាំចេញនឹងកើនឡើងត្រឹមតែ ១% នៅឆ្នាំក្រោយនេះ។

ទេសាភិបាលលោក Sethaput បាននិយាយថា ការពង្រីកសេដ្ឋកិច្ចរបស់ប្រទេសថៃភាគច្រើននឹងបានមកពីការរួមចំណែកពីវិស័យទេសចរណ៍ និងការប្រើប្រាស់ក្នុងស្រុក។

ធនាគារកណ្តាលបានព្យាករថា ការមកដល់របស់ភ្ញៀវទេសចរបរទេសនឹងមានចំនួនសរុប ១០លាន៥ សែននាក់ក្នុងឆ្នាំ២០២២ និងកើនឡើងដល់ ២២ លាននាក់នៅក្នុងឆ្នាំ២០២៣ដែល គាំទ្រប្រាក់ចំណូលកាន់តែប្រសើរឡើងសម្រាប់ទីផ្សារការងារទាំងមូល។

ជាមួយគ្នានេះ អត្រាអតិផរណាបានឡើងដល់កំពូលក្នុងត្រីមាសទី៣ឆ្នាំនេះ ហើយត្រូវបានព្យាករថា នឹងធ្លាក់ចុះជាបណ្តើរៗដល់កម្រិតគោលដៅពី ១% ទៅ៣%នៅឆមាសទី២ឆ្នាំ២០២៣៕

អត្ថបទ ៖ សុខ ជា




អត្ថបទបន្ទាប់


កសិដ្ឋានចិញ្ចឹមគោពូជពីបរទេសធំមួយ សហការជាមួយក្រសួងកសិកម្ម បង្កាត់គោពូជល្អៗជូនពលរដ្ឋដោយឥតគិតថ្លៃ

ព័ត៌មាន
ដើម្បីរួមចំណែកជួយអភិវឌ្ឍន៍វិស័យចិញ្ចឹមសត្វនៅកម្ពុជា កសិដ្ឋានចិញ្ចឹមគោពូជនាំចូលពីបរទេស i7 នឹងសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេ…

អាជីវកម្មប្រេងរបស់ចិននៅមជ្ឈិមបូព៌ាបង្កើនការដោះដូរពាណិជ្ជកម្មជាប្រាក់យ័នកាន់តែច្រើន

ព័ត៌មាន
អ្នកវិភាគទីផ្សារបានព្យាករណ៍ថា ផែនការរបស់ប្រទេសចិនក្នុងការពង្រីកការប្រើប្រាស់រូបិយបណ្ណរបស់ខ្លួនសម្រាប់ការជួញដូរប្រេងជាមួយបណ្តាប្រទេសមជ្ឈិមបូ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ