ក្រុមហ៊ុន H&M ស៊ើបអង្កេតការរំលោភបំពានរបស់រោងចក្រមីយ៉ានម៉ាខណៈសម្ពាធកើនឡើងខ្លាំង

ក្រុមហ៊ុនសម្លៀកបំពាក់ដ៏ធំលំដាប់ទី២ក្នុងពិភពលោក កំពុងស៊ើបអង្កេតការរំលោភបំពានរបស់រោងចក្រមីយ៉ានម៉ាខណៈសម្ពាធកើនឡើងកាន់តែខ្លាំង


ក្រុមហ៊ុនសម្លៀកបំពាក់ដ៏ធំមួយ H&M នៅប្រទេសស៊ុយអែតកំពុងស៊ើបអង្កេតករណីចោទប្រកាន់ចំនួន២០នៃការរំលោភបំពានការងារនៅរោងចក្រកាត់ដេរមីយ៉ាន់ម៉ាដែលបានផ្គត់ផ្គង់ក្រុមហ៊ុនលក់រាយម៉ូដដ៏ធំបំផុតទី២ក្នុងពិភពលោកមួយនេះនៅក្រោយពេលប៉ុន្មានសប្តាហ៍បន្ទាប់ពីគូប្រជែងដ៏កំពូលរបស់ខ្លួនគឺក្រុមហ៊ុន Inditex បាននិយាយថា ខ្លួននឹងបញ្ឈប់ការទិញសម្លៀកបំពាក់ពីប្រទេសមីយ៉ាន់ម៉ា។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
ក្រុមហ៊ុន H&M ស៊ើបអង្កេតការរំលោភបំពានរបស់រោងចក្រមីយ៉ានម៉ាខណៈសម្ពាធកើនឡើងខ្លាំង
ដោយ

ក្រុមអ្នកតស៊ូមតិខាងសិទ្ធិមនុស្សមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានតាមដានករណីរំលោភបំពានសិទ្ធិកម្មករចំនួន១៥៦ករណីនៅរោងចក្រកាត់ដេរមីយ៉ាន់ម៉ាចាប់ពីខែកុម្ភៈ ឆ្នាំ២០២២ដល់ខែកុម្ភៈ ឆ្នាំ២០២៣ ពោលគឺកើនឡើងពី៥៦ករណីកាលពីអំឡុងពេលមួយឆ្នាំមុននេះដែលបង្ហាញពីការធ្លាក់ចុះសិទ្ធិកម្មករចាប់តាំងពីរដ្ឋប្រហារយោធាក្នុងខែកុម្ភៈ ឆ្នាំ២០២១។
នេះបើយោងតាមរបាយការណ៍របស់អង្គការមិនមែនរដ្ឋាភិបាលគឺមជ្ឈមណ្ឌលធនធានធុរកិច្ច និងសិទ្ធិមនុស្ស (BHRRC) បានឱ្យដឹងថា ការកាត់បន្ថយប្រាក់ឈ្នួល និងការលួចប្រាក់ឈ្នួលគឺជាការចោទប្រកាន់ដែលគេបានរាយការណ៍ញឹកញាប់បំផុតបន្ទាប់មកគឺការបណ្តេញចេញពីការងារដោយអយុត្តិធម៌ អត្រាការងារអមនុស្សធម៌ និងការបង្ខំឱ្យថែមម៉ោងជាដើម។
ក្រុមហ៊ុន H&M បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ករណីដូចបានលើកឡើងនៅក្នុងរបាយការណ៍របស់មជ្ឈមណ្ឌល BHRRC ទាំងនេះកំពុងត្រូវបានតាមដាន និងជាចំណុចដែលចាំបាច់កែលម្អតាមរយៈក្រុមមូលដ្ឋានរបស់ពួកគេប្រចាំការនៅទីនោះ និងតាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ។
ក្រុមហ៊ុនលក់រាយរបស់ស៊ុយអែតនេះបាននិយាយថា ពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍វិវិត្តន៍ចុងក្រោយបង្អស់នៅមីយ៉ាន់ម៉ា ហើយពួកគេមើលឃើញការកើនឡើងនូវបញ្ហាប្រឈមក្នុងប្រតិបត្តិការរបស់ពួកគេស្របតាមស្តង់ដារ និងតម្រូវការរបស់ពួកគេ។

មជ្ឈមណ្ឌល BHRRC បានតាមដានការចោទប្រកាន់ពីការរំលោភសិទ្ធិកម្មករនៅរោងចក្រកាត់ដេរមីយ៉ាន់ម៉ាចាប់តាំងពីរបបយោធាបានឡើងកាន់អំណាចដោយធ្វើឱ្យប្រទេសនេះធ្លាក់ក្នុងវិបត្តិនយោបាយ និងមនុស្សធម៌។ មជ្ឈមណ្ឌលនេះបានរួមបញ្ចូលករណីរំលោភបំពាននៅរោងចក្រចំនួន១២៤ដាច់ឡែកពីគ្នា។
មជ្ឈមណ្ឌល BHRRC បានតាមដានករណីរំលោភបំពានតាមការចោទប្រកាន់ពីប្រភពនានា រួមទាំងមេដឹកនាំសហជីព ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដូចជា Myanmar Labour News ជាដើម និងស្វែងរកការផ្ទៀងផ្ទាត់របាយការណ៍នេះដោយពិនិត្យមើលម៉ាកយីហោ និងការសម្ភាសន៍កម្មករផងដែរ។
ក្រុមហ៊ុន Inditex បានរកឃើញករណីរំលោភបំពានចំនួន២១ករណីដែលពាក់ព័ន្ធនឹងរោងចក្រផ្គត់ផ្គង់របស់ខ្លួនក្នុងរយៈពេល២ឆ្នាំមកនេះ ហើយ២០ករណីទៀតគឺពាក់ព័ន្ធនឹងរោងចក្រផ្គត់ផ្គង់របស់ក្រុមហ៊ុន H&M ប៉ុន្តែក្រុមហ៊ុន Inditex បានបដិសេធធ្វើអត្ថាធិប្បាយពីរបាយការណ៍នេះ។ ហើយមកដល់ពេលនេះមិនទាន់មានប្រតិកម្មតបណាមួយពីមន្ត្រីរដ្ឋាភិបាលមីយ៉ាន់ម៉ាជុំវិញករណីចោទប្រកាន់ទាំងអស់នេះទេ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ការហាមឃាត់ការនាំចេញអង្កររបស់ប្រទេសឥណ្ឌាកំពុងបង្កឱ្យមានការរង្គោះរង្គើដល់ទីផ្សារស្រូវអង្ករនៅប្រទេសថៃ

ព័ត៌មាន
ការជួញដូរអង្ករនៅប្រទេសថៃដែលជាអ្នកនាំចេញអង្ករដ៏ធំបំផុតទី២របស់ពិភពលោកបន្ទាប់ពីប្រទេសឥណ្ឌានោះកំពុងតែមានភាពវឹកវរហើយខណៈដែលការហាមឃាត់នាំច…

ក្រុមអ្នកវិភាគថា ទាហាន Wagner និងអ៊ីរ៉ង់ អាចកំពុងប្រែក្លាយបេឡារុស្សទៅជាសមរភូមិថ្មីនៅអឺរ៉ុប

ព័ត៌មាន
បេឡារុស្សកំពុងលេចចេញជាសមរភូមិថ្មីសម្រាប់សង្គ្រាមនៅអឺរ៉ុប។ ប្រទេសប៉ូឡូញ លីទុយអានី និងឡាតវី ដែលសឹងជាប្រទេសសមាជិកណាតូបានប្រញាប់ប្រញាល់បញ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ