កំណើនការប្រើប្រាស់ឌីជីថល

តើកំណើនការប្រើប្រាស់ឌីជីថល ជំរុញដល់កំណើនសេដ្ឋកិច្ចតំបន់អាស៊ានយ៉ាងណាខ្លះ?


កំណើនដ៏ឆាប់រហ័សនៃអ្នកប្រើប្រាស់ឌីជីថល ត្រូវបានគេរំពឹងថា នឹងជាក្បាម៉ាស៊ីនដ៏សំខាន់មួយ សម្រាប់ជំរុញគាំទ្រដល់កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលតំបន់នេះត្រូវបានព្យាករថានឹងមានកំណើនសេដ្ឋកិច្ច ៤,៧% នៅឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍របស់ក្រុមហ៊ុនប្រឹក្សាយោបល់ YCP Solidiance ដែលបានអះអាងថា តំបន់អាស៊ីអាគ្នេយ៍កំពុងស្ថិតនៅលើផ្លូវ ឆ្ពោះទៅក្លាយជាទីផ្សារដ៏ធំបំផុតនៅឆ្នាំ២០៣០ ជាមួយនឹងលំហូរចូលនៃការវិនិយោគ និងអាជីវកម្ម ដែលសុទ្ធសឹងតែផ្ដល់នូវអត្ថប្រយោជន៍សម្រាប់ឧស្សាហកម្មជាច្រើន រួមទាំងសេដ្ឋកិច្ចឌីជីថលផងដែរ។
កំណើនការប្រើប្រាស់ឌីជីថល ជំរុញដល់កំណើនសេដ្ឋកិច្ចតំបន់អាស៊ាន

ជាមួយនឹងការព្យាករក្នុងអត្រាកំណើនខ្ពស់បំផុតក្នុងពិភពលោក សេដ្ឋកិច្ចឌីជីថលរបស់តំបន់អាស៊ីគ្នេយ៍ ត្រូវបានព្យាករថា នឹងមានដល់ ៣០០ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០២៥ និងដល់១ទ្រីលានដុល្លារនៅឆ្នាំ២០៣០។ នេះបើតាមរបាយការណ៍ស្ដីពី ការវិនិយោគនៅក្នុងតំបន់អាស៊ី២០២៣ ដែលបានចេញផ្សាយដោយអាស៊ាន នៅក្នុងភាពជាដៃគូជាមួយនឹងស្ថាប័ន Allurentis។

ដោយឡែក បើតាមរបាយការណ៍ពីធនាគារអភិវឌ្ឍអាស៊ី (ADB) និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សេដ្ឋកិច្ចតំបន់អាស៊ាន នឹងកើនលើសកំណើនសេដ្ឋកិច្ចពិភពលោកដែលមាន ២,៧% នៅឆ្នាំ២០២៣នេះទៅទៀត។ ទិន្នន័យពី ADB នៅឆ្នាំ២០២២បានបង្ហាញថា សេដ្ឋកិច្ចឌីជីថល គឺមានរួមចំណែកប្រមាណ ៧% នៃផលិតផលក្នុងស្រុកសរុបរបស់សេដ្ឋកិច្ចតំបន់អាស៊ីអាគ្នេយ៍។

យ៉ាងណាមិញ បើតាមក្រុមហ៊ុនប្រឹក្សាយោបល់ YCP Solidiance បានអះអាងថា កម្លាំងជំរុញសម្រាប់ការប្រើប្រាស់ឌីជីថល គឺជាក្រុមមនុស្សវ័យក្មេងៗ ដែលមានប្រមាណ ៧៥% នៃអ្នកប្រើប្រាស់នៅក្នុងតំបន់។

យោងតាមការសិក្សារបស់ធនាគារ HSBC ការធ្វើឌីជីថលនីយកម្ម គឺមានភាពសកម្មខ្លាំងនៅក្នុងវិស័យសាជីវកម្ម ដោយក្រុមហ៊ុននានាមានឆន្ទៈក្នុងការវិនិយោគ នៅក្នុងផ្នែកបច្ចេកវិទ្យា ដើម្បីផ្លាស់ប្ដូរអាជីវកម្មរបស់ពួកគេឲ្យកាន់តែប្រសើរឡើង។ យ៉ាងណាមិញ តាមការស្ទង់មតិ បង្ហាញថា មានពាក់កណ្ដាលនៃអ្នកឆ្លើយតបបាននិយាយថា ពួកគេនឹងវិនិយោគប្រមាណ ៥% ទៅ១០% នៃប្រាក់ចំណេញប្រតិបត្តិការរបស់ខ្លួន ដើម្បីអភិវឌ្ឍយុទ្ធសាស្ត្រឌីជីថលនីយកម្ម ខណៈអ្នកមួយចំនួនទៀតថា ពួកគេនឹងវិនិយោគលើសពីនេះ។

របាយការណ៍ដដែលគូសបញ្ជាក់ទៀតថា អ្នកវិនិយោគដែលមានសក្ដានុពល និងអ្នកចូលទៅក្នុងទីផ្សារ គួរតែពិចារណាពីតួនាទី នៃការសហការរវាងវិស័យរដ្ឋ និងឯកជន ព្រោះវានឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចឌីជីថលរបស់អាស៊ាន។




អត្ថបទបន្ទាប់


ជប៉ុនសន្យាផ្ដល់ការគាំទ្រហិរញ្ញវត្ថុដល់ប្រទេសនៅអាស៊ាន ដើម្បីឈានទៅការបញ្ឈប់ការសាយភាយជាតិកាបូននៅក្នុងបរិយាកាស

ព័ត៌មាន
ប្រទេសជប៉ុនបានសន្យានៅក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីអាស៊ានមួយចំនួននៅក្នុងទីក្រុងតូក្យូកាលពីចុងសប្ដាហ៍មកនេះថា ជប៉ុននឹងផ្ដល់ការគាំទ្រហិរញ្ញវ…

តើរុស្ស៊ីនឹងក្ស័យធនដោយសារសង្រ្គាមជាមួយនឹងអ៊ុយក្រែននៅឆ្នាំ២០២៤ ឬយ៉ាងណា?

ព័ត៌មាន
ការបន្ដអូសបន្លាយនៅក្នុងសង្គ្រាមជាមួយនឹងអ៊ុយក្រែនកាន់តែយូរ នឹងត្រូវធ្វើឲ្យសេដ្ឋកិច្ចរុស្ស៊ីដួលរលំ ដោយសារតែកញ្ចប់ទណ្ឌកម្មរបស់ សហគមន៍អន្តរជាតិន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ