ឧស្សាហកម្ម

ក្រុមហ៊ុនអូស្រ្តាលីមួយ ចង់វិនិយោគលើឧស្សាហកម្មចំណីអាហារនៅកម្ពុជា ដើម្បីនាំចេញ


ក្រុមហ៊ុន SPC Group របស់ប្រទេសអូស្រ្តាលី ដែលជាក្រុមហ៊ុនផ្ដោតលើវិស័យកសិ-ឧស្សាហកម្ម និងមានជំនាញលើការផលិតចំណីអាហារ និងការកែច្នៃវេចខ្ចប់ផ្លែឈើ ដើម្បីនាំចេញទៅបណ្តាទីផ្សារក្នុងតំបន់អាស៊ី និងពិភពលោក បានបង្ហាញបំណងចង់វិនិយោគលើវិស័យឧស្សាហកម្មចំណីអាហារនៅកម្ពុជា។ ការបង្ហាញបំណងបែបនេះធ្វើឡើងពេលលោក Neil Brimacombe ប្រធានក្រុមហ៊ុន SPC Group ជួយពិភាក្សាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។
ឧស្សាហកម្ម
ដោយ

នៅចំពោះមុខសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លោក Neil Brimacombe ប្រធានក្រុមហ៊ុន SPC Group បានបង្ហាញបំណងចង់វិនិយោគលើវិស័យឧស្សាហកម្មចំណីអាហារនៅកម្ពុជា ដែលជាជំនាញរបស់ក្រុមហ៊ុនខ្លួន។

បើតាមការបញ្ជាក់របស់ប្រធានក្រុមហ៊ុនរូបនេះ ក្រុមហ៊ុនSPC Group មានមូលដ្ឋាននៅប្រទេសអូស្ត្រាលី ហើយក៏មានប្រតិបត្តិការអាជីវកម្មនៅតាមបណ្ដាប្រទេសជាច្រើនលើពិភពលោក រួមទាំងតំបន់អាស៊ានផងដែរ។

ក្រុមហ៊ុននេះ ផ្ដោតសំខាន់លើវិស័យកសិ-ឧស្សាហកម្ម ហើយមានជំនាញលើការផលិតចំណីអាហារ និងការកែច្នៃវេចខ្ចប់ផ្លែឈើ ដោយបច្ចុប្បន្នក្រុមហ៊ុននេះមានរោងចក្រកែច្នៃផលិតផលពីផ្លែឈើ ដើម្បីនាំចេញទៅបណ្តាទីផ្សារទាំងក្នុងតំបន់អាស៊ី និងពិភពលោកផងដែរ។ ហើយក្រុមហ៊ុនក៏មាននាំចូលនូវវត្ថុធាតុដើមពីបណ្ដាប្រទេសមួយចំនួន ដើម្បីគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនផងដែរ។ នេះបើតាមការលើកឡើងរបស់ប្រធានក្រុមហ៊ុនខាងលើ។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានស្វាគមន៍ និងលើកទឹកចិត្តឱ្យក្រុមហ៊ុន SPC Group មកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យលទ្ធភាពក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជាដោយសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនានារបស់កម្ពុជា។

នៅក្នុងជំនួបទ្វេភាគីនោះដែរ សម្តេចធិបតី បានបង្ហាញពីភាពទាក់ទាញនៃបរិយាកាសវិនិយោគរបស់កម្ពុជា ដែលមានភាពប្រាកដនិយម អនុគ្រោះ និងបត់បែន ក្រោយរាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយច្បាប់ស្តីពីវិនិយោគនៃកម្ពុជា និងការលើកទឹកចិត្តនានាសម្រាប់វិនិយោគិន និងធុរជន ជាពិសេសលើវិស័យកសិកម្ម។

បើតាមសម្ដេចធិបតី វិស័យកសិកម្មជាវិស័យអាទិភាពមួយ ហើយរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម ដែលរួមមានការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបៗ ការបង្កើតឱ្យមាននូវយន្តការក្នុងការគាំទ្រដល់ប្រជាកសិករ ការបង្កើតនូវសមាគមកសិករទំនើប ការលើកកម្ពស់នូវគុណភាពផលិតផល ដើម្បីពង្រឹងនូវផលិតភាព និងគុណភាពផលិតផលកសិកម្មនៅកម្ពុជា។

ទន្ទឹមនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសរំលេចពីគោលនយោបាយគាំទ្រ និងលើកទឹកចិត្តដល់ការវិនិយោគលើវិស័យកសិកម្ម ដែលរួមមានការលើកលែងពន្ធលើដីកសិកម្ម ពន្ធនាំចូលសម្ភារកសិកម្ម និងពន្ធកសិផលកសិកម្ម ក៏ដូចជាការធានានូវតម្លៃអគ្គិសនី ការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ប្រព័ន្ធធារាសាស្ត្រ ដែលជាកត្តាគន្លឹះជួយកាត់បន្ថយថ្លៃដើមផលិត ដើម្បីរក្សានូវភាពប្រកួតប្រជែងក្នុងទីផ្សារប្រាប់ប្រធានក្រុមហ៊ុនរូបនេះផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អូស្ត្រាលីត្រៀមកញ្ចប់ថវិកាជិត៤២លានដុល្លារ ដើម្បីពង្រឹងសន្តិសុខរួមជាមួយអាស៊ាន

ព័ត៌មាន
នៅមុនពេលដែលមេដឹកនាំអាស៊ាន និងអូស្រ្តាលីដឹកដៃគ្នាចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី ចន្លោះពីថ្ងៃទី៤-៦ មីនា ឆ្នាំ២០២៤ រដ្ឋាភិបា…

ក្រុមហ៊ុន Vietjet ផ្ដល់ជូនតម្លៃសំបុត្រប្រូម៉ូសិនពិសេស ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៖ ទទួលយកការផ្តល់ជូនឥឡូវនេះចាប់ពីសូន្យដុល្លារប៉ុណ្ណោះ!

ព័ត៌មាន
ក្រុមហ៊ុន Vietjet កំពុងផ្តល់ជូននូវតម្លៃប្រូម៉ូសិន និងតម្លៃពិសេសសម្រាប់អតិថិជនរាប់ពាន់នាក់ ដោយបង្កើតអនុស្សាវរីយ៍ការធ្វើដំណើរជាមួយមនុស្ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ