សង្រ្គាមនៅមជ្ឈិមបូព៌ា

អ៊ីស្រាអែលព្រមពន្យារពេលវាយលុកលើហ្កាហ្សា ខណៈមេក្រុមសកម្មប្រយុទ្ធទាំង៣ជួបប្រជុំគ្នា រៀបចំយុទ្ធសាស្ត្រវាយអ៊ីស្រាអែល


យោងតាមរបាយការណ៍មួយចុះផ្សាយនៅថ្ងៃទី២៥ ខែតុលា ដោយស្រង់សម្តីប្រភពពីមន្ត្រីអ៊ីស្រាអែល និងអាម៉េរិក ដោយកាសែត The Wall Street Journal បានឱ្យដឹងថា អ៊ីស្រាអែលបានយល់ព្រមតាមសំណើររបស់វ៉ាស៊ីនតោន ក្នុងការពន្យារពេលវាយលុកចូលតំបន់ Gaza ដើម្បីទុកពេលឱ្យអាម៉េរិកសម្របសម្រួលចរចាររំដោះចំណាប់ខ្មាំងបន្ថែមទៀតតាមតែអាចធ្វើទៅបាន។
សង្រ្គាមនៅមជ្ឈិមបូព៌ា
ដោយ

ទន្ទឹមនឹងការយល់ព្រមពន្យារពេលវាយលុកចូលហ្កាហ្សាពីសំណាក់អ៊ីស្រាអែលនេះ របាយការណ៍របស់កាសែត The Wall Street បានឱ្យដឹងថា អាម៉េរិកប្រាប់ឱ្យអ៊ីស្រាអែលពន្យារពេលវាយលុកសិន មុនពេលដែលប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនត្រូវបានដាក់ពង្រាយរួចរាល់ក្នុងតំបន់នៅសប្តាហ៍នេះ។

ជាមួយគ្នានេះ អ៊ីស្រាអែល ក៏កំពុងពិចារណាផងដែរ អំពីការផ្គត់ផ្គង់ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីដោះលែងចំណាប់ខ្មាំង ដែលនៅក្នុងដៃក្រុមសកម្មប្រយុទ្ធហាម៉ាស។

យ៉ាងណាមិញ កាលពីថ្ងៃពុធ ប្រធានាធិបតី ចូ បៃដិន ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី បានប្រាប់សន្និសីទកាសែតរួមគ្នាមួយនៅទីក្រុងវ៉ាស៊ីនតោនថា អនាគតសម្រាប់អ៊ីស្រាអែល និងប៉ាឡេស្ទីនគួរតែមានដំណោះស្រាយជារដ្ឋពីរ។

លោកបាននិយាយថា អ៊ីស្រាអែលគួរតែធ្វើសមាហរណកម្មជាមួយប្រទេសក្បែរខាងអារ៉ាប់ ផ្សេងទៀត និងរស់នៅស្មើភាពជាមួយប៉ាឡេស្ទីនក្នុងសុខសុវត្តិភាព និងសន្តិភាព​។ លោក ចូ បៃដិន ជឿថា ការវាយប្រហាររបស់ហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា គឺពួកគេមិនចង់ឱ្យទំនាក់ទំនងអ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីត មានភាពល្អប្រសើរឡើងវិញ។

ទោះបីជាមានការលើកឡើងបែបណាក៏ដោយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ណេតាន់យ៉ាហ៊ូ បានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយតាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃពុធថា ការសម្រេចចិត្តរបស់ អ៊ីស្រាអែលក្នុងការចូលទៅកាន់ហ្កាហ្សា គឺមិនបានប្រែប្រួលទេ តែមិនបញ្ជាក់ពីពេលវេលាច្បាស់លាស់ និងព័ត៌មានលម្អិតពីប្រតិបត្តិការយោធានោះដែរ។ គួរជម្រាបថា បច្ចុប្បន្នអ៊ីស្រាអែលកំពុងត្រៀមទ័ពបម្រុងជាង៣៦ម៉ឺននាក់ សម្រាប់វាយចូលហ្កាហ្សា។

នៅឯអង្គការសហប្រជាជាតិវិញកាលពីថ្ងៃពុធ រុស្ស៊ី និងចិន បានបោះឆ្នោវេតូជំទាស់ទៅនឹងដំណោះស្រាយស្នើឡើងដោយអាម៉េរិក នៅក្នុងក្រុមប្រឹក្សាសន្តិសុខ ដែលតម្រូវឱ្យមានបទឈប់បាញ់បណ្តោះអាសន្ន ដើម្បីអនុញ្ញាតឱ្យជំនួយមនុស្សធម៌ដូចជាអាហារ ទឹក ថ្នាំពេទ្យអាចចូលទៅដល់តំបន់ហ្កាហ្សាបាន។

សម្រាប់ទីក្រុងម៉ូស្គូ គឺមិនចង់បានបទឈប់បាញ់បណ្តោះអាសន្ននោះទេ ពោលគឺរុស្ស៊ី បានស្នើឱ្យមានបទឈប់បាញ់សម្រាប់មនុស្សធម៌តែម្តង ប៉ុន្តែសេចក្តីព្រាងស្នើនោះបានទទួលបរាជ័យ ក្រោយមានការគាំទ្រតិចពេក។ ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅអង្គការសហប្រជាជាតិ លោក Zhang Jun បានហៅសេចក្តីព្រាងរបស់អាម៉េរិក គឺមិនមែនជាដំណោះស្រាយបញ្ចប់ជម្លោះនោះទេ។ លោក និងសមភាគីរុស្ស៊ី ក៏ដូចជាប្រមុខ UN ចង់ឱ្យមានបទឈប់បាញ់ទាំងស្រុងតែម្តង។

ខណៈដែលភាពជាប់គាំងក្នុងអង្គការសហប្រជាជាតិបន្តអូសបន្លាយ នៅថ្ងៃពុធដដែលនោះ មេដឹកនាំក្រុមសកម្មប្រយុទ្ធទាំងបីក្រុមគឺហេស្សប៊ូឡា ហាម៉ាស និងអ៊ីស្លាមជីហាដ បានបើកកិច្ចប្រជុំមួយនៅក្នុងទីក្រុង Beirut ប្រទេសលីបង់។

យោងតាមសេចក្តីថ្លែងការណ៍ក្រោយកិច្ចប្រជុំ មេដឹកនាំហេស្សប៊ូឡា លោក ហាសាន ណាស្រាឡា (Hassan Nasrallah) បានយល់ព្រមជាមួយមេដឹកនាំហាម៉ាស លោក ហ្សៀដ អាល់ ណាក្លេ (Ziad al-Nakhleh) និងអ៊ីស្លាមជីហាដ ត្រៀមខ្លួនទប់ទល់នឹងការឈ្លានពានរបស់អ៊ីស្រាអែលនៅហ្កាហ្សា និង West Bank។ ព័ត៌មានលម្អិតបន្ថែមមិនត្រូវបានប្រកាសឱ្យដឹងទៀតនោះទេ ខណៈដែលជំនួបនេះបានកើតបីសប្តាហ៍បន្ទាប់ពីហាម៉ាស បើកការវាយឆ្មក់ទៅលើអ៊ីស្រាអែល៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សហរដ្ឋអាម៉េរិក និងអូស្ត្រាលី ឯកភាពសហការជាមួយជប៉ុន អភិវឌ្ឍន៍យន្តហោះដ្រូនយោធា

ព័ត៌មាន
ក្រុមមេដឹកនាំនៃប្រទេសអូស្ត្រាលី និងសហរដ្ឋអាម៉េរិក បានប្រកាសកាលពីថ្ងៃពុធថា អាម៉េរិក និងអូស្ត្រាលីនឹងចាប់ដៃជាមួយប្រទេសជប៉ុន ដើម្បីបង្កើតយន្…

ទុនវិនិយោគបរទេសថៃធ្លាក់ចុះជិត១៧%នៅ៩ខែឆ្នាំនេះ ខណៈជប៉ុនបោះទុនច្រើនជាងគេ

ព័ត៌មាន
ស្របពេលដែលពិភពលោកកំពុងតែប្រឈមមុខនឹងរលកនៃបញ្ហាថ្មីៗជាបន្តបន្ទាប់ អាជ្ញាធរថៃ បានអះអាងថា លំហូរទុនវិនិយោគបរទេសក្នុងវិស័យផ្សេងៗនៅក្នុងប្រទេស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ