វិស័យសេដ្ឋកិច្ច

ជប៉ុនគេចផុតពីការធ្លាក់ចូលវិបត្តិសេដ្ឋកិច្ច ក្រោយមានការកែប្រែកំណើនសេដ្ឋកិច្ចប្រចាំត្រីមាសឡើងវិញ


កាលពីដើមឡើយមានការប៉ាន់ប្រមាណថា ប្រទេសជប៉ុននឹងមានការធ្លាក់ចុះសេដ្ឋកិច្ច០.៤% ប៉ុន្តែផ្ទុយទៅវិញ ទិន្នន័យរបស់រដ្ឋាភិបាលប្រទេសជប៉ុន បានបង្ហាញនៅដើមសប្តាហ៍នេះថា សេដ្ឋកិច្ចរបស់ជប៉ុនបានកើនឡើងក្នុងកម្រិតប្រចាំឆ្នាំ០.៤% នៅក្នុងត្រីមាសចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២៣ បើធៀបនឹងត្រីមាសមុននោះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យសេដ្ឋកិច្ច
ដោយ

ការកែប្រែតួលេខសម្រាប់ផលិតផលក្នុងស្រុកសរុប(GDP) ដែលចេញផ្សាយដោយការិយាល័យខុទ្ទកាល័យរបស់ជប៉ុននេះ បានធ្លាក់ចុះតិចតួចពីការព្យាករជាមធ្យមរបស់ក្រុមសេដ្ឋវិទូ ដែលរំពឹងសម្រេចបានកំណើន១,១% ដែលត្រូវបានធ្វើឡើងក្នុងការស្ទង់មតិមួយ។ ទិន្នន័យថ្មីនេះ បានបង្ហាញថា សេដ្ឋកិច្ចរបស់ជប៉ុន ដែលឥឡូវនេះជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទី៤ ក្នុងពិភពលោក បានជៀសផុតពីការធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច ដោយសារតែការចំណាយខ្លាំងជាងការរំពឹងទុករបស់ក្រុមហ៊ុនទៅលើរោងចក្រ និងឧបករណ៍មួយចំនួន។

ជាមួយគ្នានេះ ការចំណាយមូលធនរបស់ជប៉ុន បានកើនឡើង២% នៅត្រីមាសទី៤ ឆ្នាំ២០២៣ បើធៀបនឹងត្រីមាសមុននោះ ដោយមានភាពល្អប្រសើរជាងការប្រកាសរបស់រដ្ឋាភិបាលនៅមុននោះ ដែលថានឹងមានការធ្លាក់ចុះ០,១%។ ប៉ុន្តែវានៅតែទាបជាងការព្យាករទីផ្សារដែលថា ជាមធ្យមនឹងមានកំណើន២,៥%។

ការកែប្រែតួលេខកំណើនរបស់ជប៉ុននេះ បានកើតឡើងចំពេលមានការរំពឹងទុករបស់ទីផ្សារកាន់តែខ្លាំងឡើងថា ធនាគារកណ្តាលជប៉ុន អាចលុបចោលអត្រាការប្រាក់អវិជ្ជមានឆាប់បំផុតនៅខែនេះ និងមួយផ្នែកដោយសារសមាជិកក្រុមប្រឹក្សាលើកឡើងថា ប្រទេសជប៉ុន កំពុងឆ្ពោះទៅរកគោលដៅអតិផរណា២% តាមការកំណត់របស់ធនាគារកណ្តាល។ ធនាគារកណ្ដាលជប៉ុន គ្រោងនឹងបើកកិច្ចប្រជុំកំណត់គោលនយោបាយរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមីនា។

ទន្ទឹមនឹងនេះ ការប្រើប្រាស់ឯកជនដែលបង្កើតបានប្រហែល៦០%នៃសេដ្ឋកិច្ចរបស់ជប៉ុននោះបានធ្លាក់ចុះ០,៣% នៅក្នុងត្រីមាសចាប់ពីខែតុលា ដល់ខែធ្នូ ពោលគឺបានធ្លាក់ចុះទាបជាងការប៉ាន់ប្រាមាណពីដំបូងទៅទៀត ដែលថានឹងមានការធ្លាក់ចុះត្រឹមតែ០.២%ប៉ុណ្ណោះ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លុយរីងហ្គីតរបស់ម៉ាឡេស៊ីធ្លាក់ថ្លៃខ្លាំង មិនធ្លាប់មានក្នុងរយៈពេល២៦ឆ្នាំកន្លងមកនេះ

ព័ត៌មាន
រីងហ្គីតដែលជារូបិយប័ណ្ណជាតិរបស់ម៉ាឡេស៊ី និងជាលុយដែលថ្លៃបំផុតមួយនៅតំបន់អាស៊ាន នៅពេលនេះកំពុងប្រឈមនឹងការធ្លាក់ចុះដល់កម្រិតទាបបំផុតមិន…

ហ្វតតេ ចុះអនុស្សរណៈនៃការយោគយល់ជាមួយ គម្រោង នើឆ័រ លើការផ្ដល់បណ្ណសន្យារ៉ាប់រងដំណាំទៅកាន់កសិករ

ព័ត៌មាន
ក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) បានចាប់ដៃគ្នាសហការផ្ដល់ការគាំទ្រដល់កសិករខ្នាតតូចដែលងាយរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ ដោយចុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ