ភាសា និងអក្សរសាស្ត្រខ្មែរ

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ប្រកាសឲ្យប្រើប្រាស់ជាផ្លូវការនូវ វចនានុក្រមខ្មែរ ឆ្នាំ២០២២


ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ វចនានុក្រមខ្មែរ ឆ្នាំ២០២២ ទាំងក្នុងទម្រង់បោះពុម្ពជាសៀវភៅ និងឌីជីថល ដែលរៀបចំឡើងដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា ដោយមានការចូលរួមពី ឯកឧត្តមបណ្ឌិត សភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា, ឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ និងភ្ញៀវកិត្តិយសជាច្រើនទៀត។
Final.00_50_13_22.Still004
ដោយ

នាក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បាន​សម្ដែង​នូវការកោតសរសើរ ជាមួយនឹងមូលវិចារខ្ពស់បំផុត ចំពោះ​រាជបណ្ឌិត្យសភាកម្ពុជា និយាយជារួម និង​​និយាយដោយ​ឡែក ​ចំពោះក្រុមប្រឹក្សាជាតិភាសាខ្មែរ ជាពិសេស ចំពោះ​​គណៈកម្មការរៀបចំ​វចនានុក្រម ទាំង​ ៦៥ អង្គ-នាក់ និង​តួអង្គ​​​​​​​​​​​​ពាក់ព័ន្ធដទៃទៀត ដែលបាន​ចូលរួម​ចំណែកដោយផ្ទាល់ និងប្រយោល ញុំាងធ្វើឱ្យ​​ស្នាដៃ​​​​វណ្ណកម្មភាសា​និង​អក្សរ​​​​​​​​​សាស្ត្រខ្មែរ ដែល​​មា​​​​​ន​តម្លៃ​ជាប្រវត្តិសាស្ត្រនេះអាចលេច​ចេញ​ជារូបរាងឡើងជាស្ថាពរ ក្នុងរយៈពេល ៥ ឆ្នាំ ទោះបីជា​​​​​ត្រូវ​​​​ប្រឈម​នឹង​​បញ្ហា​​​​​មួយ​​​ចំនួនក្តី។

ឯកឧត្តម វង្សី វិស្សុត បាន​លើកឡើងទៀតថា វចនានុក្រុមខ្មែរ ឆ្នាំ២០២២ ដែលមានពាក្យ​សរុបចំនួន ៤៤ ៦៩៧ និងមេពាក្យ ៣១ ០៧៣ នេះ គឺជាសមិទ្ធផលលេចធ្លោ និងជាបង្គោលចរ (milestone) មួយដ៏សំខាន់​ក្នុងប្រវត្តិអក្សរសាស្ត្រខ្មែរ ដែលជាការធ្វើបច្ចុប្បន្នកម្ម​លើវចនានុក្រម​ចាស់របស់សម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ ក្នុងអំឡុងឆ្នាំ១៩៦៧-១៩៦៨ ដើម្បីឱ្យស្របតាមការវិវត្តរបស់សង្គម សេដ្ឋកិច្ចនិងបច្ចេកវិទ្យា ព្រមទាំងដើម្បីធ្វើសុខដុមនីយកម្ម និងស្តង់ដានីយកម្មក្នុងការប្រើប្រាស់ភាសាខ្មែរឱ្យមានការឯកភាពគ្នា។ វចនានុក្រមខ្មែរ ឆ្នាំ២០២២ គឺជាកម្លាំងពង្រឹងអត្តសញ្ញាណជាតិកម្ពុជា ហើយក៏ជាប្រភពមួយដ៏ចំបាច់​សម្រាប់ទ្រទ្រង់​ដល់ការអប់រំ, ការសិក្សា ស្រាវជ្រាវ, កិច្ចការងាររដ្ឋបាល និងទំនាក់ទំនង ក្នុងគ្រប់ស្ថាប័ន​ទាំងវិស័យសាធារណៈ និងវិស័យឯកជន ឱ្យកាន់តែមានភាពងាយស្រួល, ប្រសិទ្ធភាព និងស័ក្កិសិទ្ធិភាពខ្ពស់។ បន្ថែមពីលើនេះ ការរៀបចំវចនានុក្រមខ្មែរ​ជាទម្រង់ឌីជីថល (ដែលអាចប្រើប្រាស់បាននៅលើទូរសព្ទដៃ និង កុំព្យូទ័រ) នឹងផ្ដល់ជាមធ្យោបាយងាយស្រួល​សម្រាប់​សាធារណជន ក្នុងការស្វែងរកពាក្យពេចន៍និងផ្ទៀងផ្ទាត់ អក្ខរាវិរុទ្ធ សម្រាប់ប្រើប្រាស់គ្រប់ពេលវេលានិងគ្រប់ទីកន្លែង បានយ៉ាងឆាប់រហ័ស។ ដូច្នេះ វចនានុក្រមខ្មែរឆ្នាំ២០២២នេះគឺជា សមិទ្ធផលថ្មីដ៏ធំធេងមួយទៀតនៃភាសា និងអក្សរសាស្ត្រខ្មែរបន្ទាប់ពីវចនានុក្រមខ្មែរ បោះពុម្ពគ្រាទី៥ ឆ្នាំ១៩៦៧-៦៨។

បើតាមឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ វចនានុក្រមខ្មែរ ឆ្នាំ២០២២នេះ ជាសមិទ្ធផលដែលកើតឡើងក្នុង អាណត្តិរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងត្រូវបានប្រកាសឱ្យប្រើ​នៅពេលេនេះ ក្នុងអាណត្តិរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីបន្ដការពារ ថែរក្សា និងអភិវឌ្ឍភាសាខ្មែរ។ វចនានុក្រមខ្មែរ នេះ គឺជាឃ្លាំងស្តុកមេពាក្យ វាក្យសព្ទ និងក្បួនខ្នាតវេយ្យាករណ៍​សម្រាប់ប្រើប្រាស់ ដើម្បីធានាបាននូវសង្គតិភាព និងស្ដង់ដារលើការប្រើប្រាស់អក្ខរាវិរុទ្ធឱ្យបានត្រឹមត្រូវ។ ជាមួយគ្នានេះ វចនានុក្រមខ្មែរ ក៏មានតួនាទីសំខាន់ក្នុងការរក្សានូវវប្បធម៌ អត្ដសញ្ញាណ និងព្រលឹងជាតិ។ ក្នុងន័យនេះ ការចងក្រងនិងការធ្វើទំនើបកម្ម វចនានុក្រមខ្មែរពិតជាមានសារៈសំខាន់ក្នុងការលើកកម្ពស់ វប្បធម៌ និងអក្សរសាស្ត្រខ្មែរ ដែលជាឧត្ដមប្រយោជន៍ជាតិយើងស្របតាម ពាក្យស្លោករបស់ខ្មែរ ដែលថា «វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយ​ជាតិថ្កើនថ្កាន»។

ជាមួយគ្នានោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ បាន​គូសរំលេចផងដែរ អំពីប្រវត្តិនៃភាសា​ និងអក្សរសាស្ត្ររបស់ខ្មែរ ដែលធ្លាប់ជា​ប្រជាជាតិមួយ ដែលមានអារ្យធម៌រុងរឿងនៅចុងបូព៌ា ពិសេស​នាសម័យអង្គរ។ ប៉ុន្ដែ ភាសា និងអក្សរខ្មែរបាន​ធ្លាក់ចុះខ្លាំងនាសម័យអណានិគមបារាំង និងសម័យរបរប្រល័យពូជសាសន៍ប៉ុលពត។ ជាភព្វសំណាង ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ភាសា និងអក្សរសាស្ត្រខ្មែរ ចាប់ផ្ដើម​វិវត្ត និងរីកចម្រើនឡើងវិញ ហើយត្រូវបាន​ចារិក​ក្នុងរដ្ឋធម្មនុញថា ជាភាសា និងអក្សរដែលប្រើជាផ្លូវការ ហើយកថាខណ្ឌទី២ នៃមាត្រ៦៩ នៃរដ្ឋធម្មនុញ្ញ ក៏បាន​កំណត់ដែរ រដ្ឋមានកាតព្វកិច្ចការពារនិងពង្រីក​ភាសាខ្មែរឱ្យសមស្រប​នឹងសេចក្ដីត្រូវការ។

លើសពីនេះទៀត ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី សូមលើកទឹកចិត្តឱ្យ​មាន​ការគិតគូរ​ផងដែរ អំពីការប្រើប្រាស់ពាក្យកម្ចីពីបរទេស ជាពិសេសពាក្យបច្ចេកទេសសំខាន់ៗ ដើម្បីធានាសង្គតិភាពនៃខ្លឹមសារដើមនៃពាក្យទាំងនោះឱ្យសមស្របទៅតាមបរិបទ និងការវិវត្តនៃ
ស្ថានភាពសង្គម សេដ្ឋកិច្ចសកល​បានទាន់ពេលវេលា។ ជាមួយគ្នានេះ ឯកឧត្តម បាន​អនុញ្ញាត​ចែក​រំលែក​នូវ​មតិ​យោបល់​គន្លឹះមួយចំនួន ដើម្បីលើកកម្ពស់ការអភិរក្សនិងអភិវឌ្ឍន៍ភាសាខ្មែរ ដូច​ខាង​​ក្រោម៖

ទី១. ក្រុមប្រឹក្សាជាតិភាសាខ្មែរ និង គណៈកម្មាធិការជំនាញរបស់ខ្លួនទាំង១៧ ជាសេនាធិការ ត្រូវបន្ដ​ចងក្រងនិងអភិវឌ្ឍវចនានុក្រមខ្មែរជាប្រចាំ តាម​រយៈ​​ការធ្វើបច្ចុប្បន្ន​កម្មសូរ, សំណេរនិងវាក្យសព្ទឱ្យកាន់តែ​សម្បូរបែប, គ្រប់ជ្រុងជ្រោយនិង​ឆ្លើយ​តប​​នឹង​ការវិវត្ដ​នៃសង្គម, សេដ្ឋកិច្ច, បច្ចេកវិទ្យា, ឌីជីថលនិង​សកលភាវូបនីយកម្ម។

ទី២. គ្រឹះស្ថានអប់រំទាំងអស់ ត្រូវលើកកម្ពស់ការបន្ដប្រើប្រាស់នូវវចនានុក្រមខ្មែរជា​សម្ភារសិក្សា តាមរយៈ​​ការ​បណ្ដុះផ្នត់គំនិត ស្រលាញ់ភាសាខ្មែរ និងប្រើវចនានុក្រមខ្មែរ ដល់គ្រប់សិស្ស និស្សិត​គ្រប់​កម្រិត ដើម្បី​ធានាថា សិស្ស និស្សិតទាំងអស់ ពិតជា​អាចសរសេរអក្ខរាវិវុទ្ធ និង​វេយ្យា​ករណ៍​ខ្មែរ​បាន​ត្រឹម​ត្រូវ​ល្អ​ប្រសើរ។ ក្នុងន័យនេះ, ខ្ញុំក៏សូមលើកទឹកចិត្តឱ្យមានការគិតគូរចែកចាយវចនានុក្រមខ្មែរ ឆ្នាំ២០២២នេះ ឱ្យបានគ្រប់គ្រឹះស្ថានអប់រំទូទៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ទី៣. ជំរុញ និងផ្សព្វផ្សាយជូនដល់សាធារណជន ពិសេសក្រសួង ស្ថាប័ននានា​ក្នុងរាជរដ្ឋាភិបាល ឱ្យចូលរួម​ប្រើប្រាស់​វចនានុ​ក្រម​​ខ្មែរ ដែលរៀបចំឡើងដោយក្រុមប្រឹក្សា​ជាតិភាសាខ្មែរ ឱ្យកាន់តែទូលំទូលាយ ដើម្បីជាមូលដ្ឋាន ក្នុងការផ្ទៀងផ្ទាត់អក្ខរាវិរុទ្ធ, សំណេរ,​ អំណាន និងនិយមន័យ សំដៅចូលរួមចំណែកអភិរក្ស និងអភិវឌ្ឍភាសា និងអក្សរសាស្រ្តខ្មែរ​យើងជាបន្តទៅទៀត។

ទី៤. អំពាវនាវឱ្យដៃគូអភិវឌ្ឍន៍, វិស័យឯកជន និងគ្រប់តួងអង្គពាក់ព័ន្ធ ចូលរួម​ផ្ដល់ការគាំទ្រ ទាំងស្មារតី​ទាំងសម្ភារ បច្ចេកទេស និង​ហិរញ្ញវត្ថុ​ ក្នុង​ការ​បន្ដ​អភិវឌ្ឍ​វចនានុក្រមខ្មែរ ជាពិសេស ការគាំទ្រលើ​ការធ្វើ​ទំនើបកម្មឌីជីថល និង​ឃ្លាំង​ទិន្នន័យ​ភាសា​ខ្មែរ។ ជាមួយគ្នានេះ ខ្ញុំសូមលើកទឹកចិត្តឱ្យមានការរៀបចំកម្មវិធីឌីជីថលសម្រាប់
សន្ទានុក្រមនានា ដែលត្រូវបានរៀបចំឡើងកន្លងមកនេះ សម្រាប់ជាប្រយោជន៍​ដល់អ្នកជំនាញបច្ចេកទេសពីគ្រប់វិស័យ។

ទី៥. លើកទឹកចិត្តបញ្ញវន្ដ និងអ្នកសិក្សាគ្រប់ៗរូបឱ្យមានមនសិការស្រលាញ់ភាសាខ្មែរ និង​ចូល​រួម​ផ្ដល់​មតិ​ស្ថាបនានិងធាតុចូលជាប្រចាំ ដើម្បីធ្វើឱ្យវចនានុក្រម​ខ្មែរថ្មីនេះ កាន់​តែមាន​សុក្រឹត្យ​ភាព, ​ច្បាស់​លាស់ និងមានភាពកាន់តែល្អប្រសើរសម្រាប់ការប្រើប្រាស់ ក៏ដូចជាសម្រាប់ការបោះពុម្ពផ្សាយលើកក្រោយៗទៀត។

ជាចុងក្រោយ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានឆ្លៀតឱកាសនោះ ដើម្បី ឧទ្ទិសស្នាដៃជាមហាកុសលជូនដល់ដួងព្រះវិញ្ញាណក្ខន្ធសម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ និងវិញ្ញាណក្ខន្ធអ្នកប្រាជ្ញភាសា និងអ្នកអក្សរសាស្ត្រជាតិគ្រប់រូប ដែលបានបូជា លះបង់ ផ្តល់វិភាគទាន និងខិតខំគ្រប់បែបយ៉ាង ដើម្បីអភិរក្សនិងអភិវឌ្ឍភាសា និងអក្សរសាស្ត្រជាតិខ្មែរ ឱ្យស្ថិតស្ថេរគង់វង្ស និងមានការរីកចម្រើនជាភិយ្យោភាព​មកដល់បច្ចុប្បន្ន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោក ស៊ី ជិនពីង ចង់ទៅទស្សនកិច្ចនៅកូរ៉េខាងត្បូង ចំពេលទំនាក់ទំនងនៅឧបទ្វីបកូរ៉េកំពុងតានតឹង

ព័ត៌មាន
នៅក្នុងជំនួបមួយកាលពីចុងសប្តាហ៍មុន លោក ស៊ី ជិនពីង ប្រធានាធិបតីចិនបានប្រាប់នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងថា ប្រទេសចិនមានឆន្ទៈធ្វើការជាមួយប្រ…

វិស័យទេសចរណ៍កម្ពុជានឹងបាត់បង់ភាពប្រកួតប្រជែង បើបន្តចាំត្រងភ្ញៀវទេសចរពីប្រទេសជិតខាង

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យទេសចរណ៍បានលើកឡើងថា កន្លងមកភ្ញៀវទេសចរអន្តរជាតិមកកម្សាន្តនៅកម្ពុជាភាគច្រើនចូលតាមរយៈប្រទេសជិតខាង និងប្រទេសនៅតំបន់អាស៊ាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ