កម្លាំងពលកម្មនៅក្នុងវិស័យទេសចរណ៍

ក្រោយបើកប្រទេសឡើងវិញ តើកម្លាំងពលកម្មនៅក្នុងវិស័យទេសចរណ៍អាចជួបបញ្ហាខ្វះខាតធ្ងន់ធ្ងរដែរឬទេ?


អស់រយៈពេលជិត ២ឆ្នាំមកនេះ មានអាជីវកម្មទេសចរណ៍ជាច្រើន បានផ្អាកសកម្មភាពរបស់ខ្លួនបណ្ដោះអាសន្ន។ ប្រការនេះ បានធ្វើឲ្យអ្នកធ្វើការនៅក្នុងវិស័យនេះជាច្រើន បានប្ដូរការងារទៅរកធ្វើការនៅក្នុងវិស័យផ្សេងវិញ។
ភ្ញៀវទេសចរចិន កំពុងដើរទស្សនានៅព្រះបរមរាជវាំង

ពាក់ព័ន្ធ​នឹង​ការ​ផ្លាស់​ប្ដូរ​ការងារ​របស់​អ្នក​ប្រកបការងារ​នៅ​ក្នុង​វិស័យ​ទេសចរណ៍​នេះ​ដែរ ក៏​ធ្លាប់​ត្រូវ​បាន​អ្នកជំនាញ​ក្នុង​វិស័យ​ទេសចរណ៍ មាន​ក្ដី​បារម្ភ​ខ្លាំង​ដែរ បារម្ភ​នៅ​ត្រង់​ថា  កម្លាំង​ពលកម្ម​នៅ​ក្នុង​វិស័យ​ទេសចរណ៍​អាច​នឹង​មានការ​ខ្វះខាត ប្រសិនបើ​វិស័យ​នេះ​ចាប់ផ្ដើម​មាន​សន្ទុះ​ងើប​វិញ​។ ថ្មី​ៗ​នេះ​ដែរ រាជរដ្ឋាភិបាល​កម្ពុជា ទើបតែ​បាន​ប្រកាស​ថា បើក​ប្រទេស​លើ​គ្រប់​វិស័យ​ឡើង​វិញ និង​មាន​ផែនការ​បើក​ទទួល​ទេសចរ​វ៉ាក់សាំង​នៅ​ចុងខែ​វិច្ឆិកា​នេះ​ផង​ដែរ​។ តើ​វិស័យ​ទេសចរណ៍​កម្ពុជា អាច​នឹង​ជួ​បញ្ហា​កង្វះ​កម្លាំង​ពលកម្ម​ធ្ងន់ធ្ងរ​ដែរ ឬ​យ៉ាង ក្រោយ​ពេល​រាជរដ្ឋាភិបាល​បើក​ប្រទេស​ឡើង​វិញ?

ក្រោយ​ពេល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​បើក​ប្រទេស​ឡើង​វិញ​លើ​គ្រប់​វិស័យ និង​កំពុង​ត្រៀម​ទទួល​ទេសចរ​វ៉ាក់សាំង​នោះ លោក​ជំទាវ ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទេសចរណ៍​កម្ពុជា បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​នៃ​ការ​ខ្វះខាត​កម្លាំង​ពលកម្ម ក្នុង​វិស័យ​ទេសចរណ៍​នៅ​ពេល​ខាង​មុខ​។ អ្នកជំនាញ​រូប​នេះ បាន​បញ្ជាក់​ទៀត​ថា បើ​ទោះបី​កម្ពុជា កំពុង​ខ្វះ​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​ទេសចរណ៍ ក៏​ពិតមែន ក៏​ប៉ុន្តែ មិន​បាន​បង្ក​ជា​ក្ដី​ព្រួយបារម្ភ​ពេក​នោះ​ទេ ព្រោះ​រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​បើក​ប្រទេស ជា​ជំហាន​ៗ មិន​បាន​បើក​ទាំងស្រុង​នោះ​ទេ​។ 

យ៉ាងណា​ក៏​ដោយ​ចុះ ប្រធាន​សមាគម​ទេសចរណ៍ លោក​ជំទាវ ឆាយ ស៊ី​វលី​ន នៅ​តែ​មាន​ក្ដី​ព្រួយបារម្ភ លើ​ការ​មិន​វិល​ត្រឡប់ របស់​ភ្នាក់ងារទេសចរណ៍ ដែល​ធ្វើ​ឱ្យ​វិស័យ​នេះ ខ្វះ​លទ្ធភាព​ក្នុង​ការ​ទទួល​ទេសចរ​អន្តរជាតិ​នា​ពេល​ខាង​មុខ​។ ជាមួយ​គ្នា​នេះ លោក​ជំទាវ ឆាយ ស៊ី​វលី​ន ក៏​បាន​ស្នើ​ឱ្យ​ភាគី​ពាក់ព័ន្ធ គួរ​មាន​វិធានការ​លើកទឹកចិត្ត និង​គាំទ្រ ដល់​ក្រុម​អ្នក​ធ្លាប់​រកស៊ី​ក្នុង​វិស័យ​ទេសចរណ៍​ឡើង​វិញ​។

ជុំវិញ​នឹង​បញ្ហា​កង្វះខាត​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​ទេសចរណ៍​នេះ​ដែរ ឯកឧត្តម តុ​ប សុ​ភ័ក អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ បាន​យល់​ឃើញ​ថា វិបត្តិ​កូ​វី​ដ​-១៩ ពិតជា​បាន​ធ្វើ​ឱ្យ​អ្នក​នៅ​ក្នុង​វិស័យ​នេះ​ថយ​ចុះ​ក៏​ពិតមែន ប៉ុន្តែ វា​មិនមែន​ជា​បញ្ហា​ធ្ងន់ធ្ងរ​នោះ​ទេ​។ ឯកឧត្តម តុ​ប សុ​ភ័ក បាន​អះអាង​ថា ដ្បិត វិស័យ​ទេសចរណ៍​បាន​រង​គ្រោះ​ខ្លាំង ព្រោះតែ​វិបត្តិ​កូ​វី​ដ​-១៩ តែ​ក្រសួងទេសចរណ៍ តែង​ពង្រឹង​ជា​និច្ច នូវ​សេវាកម្ម​ទេសចរណ៍​នានា ហើយ​វិស័យ​ឯកជន​ក៏​ត្រៀម​ជា​និច្ច​ក្នុង​ការ​ទទួល​ទេសចរ​អន្តរជាតិ ដែល​បាន​ចាក់​វ៉ាក់សាំង​នា​ពេល​ខាង​មុខ​។

ដើម្បី​ស្ដារ​សេដ្ឋកិច្ច​ឡើង​វិញ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​បើក​ប្រទេស​ឡើង​វិញ មុន​ផែនការ​កំណត់ ក្រោយ​កម្ពុជា​សម្រេចការ​ចាក់​វ៉ាក់សាំង​បាន​លើស​១០០​ភាគរយ លើ​ប្រជាជន​ដែល​មាន​អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើង​ទៅ​។ បន្ថែម​នោះ រាជរដ្ឋាភិបាល ក៏​ត្រៀម​បើក​ទទួល​ទេសចរ​អន្តរជាតិ ដែល​បាន​ចាក់​វ៉ាក់សាំង​រួច នៅ​ចុង ខែវិច្ឆិកា ខាង​មុខ ដើម្បី​ចូលរួម​ស្ដារ​វិស័យ​ទេសចរណ៍ និង​សេដ្ឋកិច្ច ឡើង​វិញ ដែល​កំណត់​យក ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តកោះកុង ជា​គោលដៅ​បើក​សាកល្បង​ដំបូង​គេ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុរំពឹងថា ការបើកប្រទេសឡើងវិញនឹងជួយស្ដារកំណើនសេដ្ឋកិច្ចនៅឆ្នាំក្រោយកាន់តែប្រសើរ

ព័ត៌មាន
អ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជឿជាក់ថា សេដ្ឋកិច្ចកម្ពុជានឹងមានភាពល្អប្រសើរឡើងវិញលើគ្រប់វិស័យ ប្រសិនបើគ្មានការផ្ទុះការឆ្លងរាតត្បាតនៃជំង…

កត្តានៅពីក្រោយការពន្យារពេលបើកសាកល្បងព្រលានយន្តហោះតារាសាគរ ខេត្តកោះកុង

ព័ត៌មាន
តាមអ្វីដែលបានគ្រោងទុកកាលពីមុន ព្រលានយន្តហោះ តារាសាគរខេត្តកោះកុង គ្រោងបើកឲ្យហោះហើរសាកល្បងនៅអំឡុងខែធ្នូ ចុងឆ្នាំ២០២១។ ប៉ុន្ដែ ដោយសារតែមាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ