ពាណិជ្ជករ​ជោគជ័យ

លោក​ជំទាវ​ លឹម ឈីវហូ-ស្ត្រី​នៅ​ពីក្រោយ​ភាព​ជោគជ័យ​នៃ​ក្រុមហ៊ុន អ៊ែតវូត


កម្ពុជា​ស្ថិត​ជា​ប្រទេស​មួយ​កំពុង​អភិវឌ្ឍន៍ ដែល​មាន​ការ​វិនិយោគ​ពី​ក្រៅ​ប្រទេស​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​។ ខណៈ​ដែល​ឱកាស​វិនិយោគ​ក្នុង​ប្រទេស​​មាន​ភាព​អំណោយ​ផល​ សមត្ថភាព​ផ្នែក​ធនធាន​មនុស្ស​នៅ​កម្ពុជា ត្រូវ​បាន​វិនិយោគិន​បរទេស​មួយ​ចំនួន​យល់​ឃើញ​ថា នៅ​មាន​កម្រិត​នៅ​ឡើយ។
លោក​ជំទាវ ឧកញ៉ា លឹម ឈីវហូ ស្ថាបនិក​និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​ក្រុមហ៊ុន អ៊ែតវូដ។
ដោយ

ទោះ​យ៉ាង​ណា​ក៏​ដោយ ស្ថាបនិក​និង​ជា​ប្រធាន​ក្រុមហ៊ុន​អ៊ែតវូត (ATTWOOD) នាំចេញ​នាំចូល លោក​ជំទាវ​ឧកញ៉ា លឹម ឈីវហូ លើក​ឡើង​ថា សមត្ថភាព​របស់​កូន​ខ្មែរ គឺ​មិន​អន់​នោះ​ទេ។

លោក​ជំទាវ​ឧកញ៉ា លឹម ឈីវហូ មាន​ប្រសាសន៍​ថា វិនិយោគិន​ជប៉ុន​និង​អាមេរិក​ដែល​មក​បណ្ដាក់​ទុន​រក​ស៊ី​នៅ​កម្ពុជា​តែង​មើល​ឃើញ​ថា សមត្ថភាព​របស់​បុគ្គលិក​នៅ​កម្ពុជា​ហាក់​មិន​ទាន់​ឆ្លើយតប​គ្រប់​គ្រាន់​ទៅ​នឹង​ការ​ចង់​បាន​របស់​ពួកគេ​នៅ​ឡើយ​ទេ ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គេ​មួយ​ចំនួន​សូញ​សាញ​ក្នុង​ការ​បណ្ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា។ 

ប៉ុន្តែ លោកជំទាវ​តែង​ពន្យល់​តប​ទៅ​កាន់​វិនិយោគិន​បរទេស​ទាំង​នោះ​វិញ​ថា គួរ​តែ​ហ៊ាន​សាក​ល្បង​សិន​ ទើបបាន​ដឹង​ច្បាស់។ នៅ​ទី​បំផុត ការ​សាក​ល្បង​របស់​វិនិយោគិន​បរទេស​ទាំង​នោះ ពិត​ជា​បាន​ទទួល​ជោគជ័យ​យ៉ាង​ខ្លាំង​លើ​គម្រោង​អាជីវកម្ម​របស់​ពួកគេ ដែល​មាន​ការចូលរួម​ជ្រោម​ជ្រែង​ពី​បុគ្គលិក​ដែល​ជា​កូន​ខ្មែរ។

តំបន់សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ជា​ការវិនិយោគ​របស់​ក្រុមហ៊ុន អ៊ែតវូដ។

តួយ៉ាង ការ​បើក​រោងចក្រ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ លើ​ការ​ផលិត​គ្រឿង​ម៉ូទ័រ​តូចៗ​សម្រាប់​បំពាក់​លើ​យន្ដហោះ និង​គ្រឿង​សម្រាប់​ទូរស័ព្ទ iPhone របស់​ក្រុមហ៊ុន​ជប៉ុន បាន​ទទួល​ជោគ​ជ័យ​ជា​ទីគាប់​ចិត្ត ដោយ​ក្នុង​នោះ​មាន​ការ​ចូលរួម និង​ដឹកនាំ​ដោយ​បុគ្គលិក​ដែល​ជា​កូន​ខ្មែរ​ផង​ដែរ។ 

បន្ថែម​ពី​នេះ ការ​បើក​រោងចក្រ​កែច្នៃ​ពេជ្រ​របស់​វិនិយោគិន​ពី​អាមេរិក​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ក៏​ទទួល​បាន​ជោគជ័យ​ខ្លាំង​ផង​ដែរ ដោយ​ភាព​ជោគជ័យ​សឹង​មិន​គួរ​ឲ្យ​ជឿ​ទាំង​អស់​នេះ គឺ​សុទ្ធ​សឹង​ជា​ស្នាដៃ​និង​ការ​ចូលរួម​ដ៏​សកម្ម​ពី​បុគ្គលិក​ដែល​ជា​កូន​ខ្មែរ។

វិធី​សាស្ត្រ​ក្នុង​ការ​ដឹកនាំ​ក្រុមហ៊ុន

នៅ​ពេល​ដែល​ត្រូវ​សួរ​ថា តើ​អ្វី​ជា​រូបមន្ដ​សម្រាប់​ការ​ដឹកនាំ​ក្រុមហ៊ុន​របស់​លោក​ជំទាវ? លោក​ជំទាវ​ឧកញ៉ា លឹម ឈីវហូ លើក​ឡើង​ថា ការ​ស្វែង​យល់​ពី​បុគ្គលិក​និង​ការ​ផ្ដល់​ឱកាស​ឲ្យ​ពួកគេ​បាន​បញ្ចេញ​នូវ​ស្នាដៃ និង​ទទួល​បាន​ផល​ប្រយោជន៍​ទៅ​តាម​សមត្ថភាព នោះ​គឺ​ជា​គន្លឹះ​ដ៏​សំខាន់​ដើម្បី​ឈាន​ទៅ​រក​ការ​ដឹកនាំ​ក្រុមហ៊ុន​ប្រកប​ដោយ​វឌ្ឍនភាព។ 

លើស​ពី​នេះ ការ​ជ្រើសរើស​ដៃគូ ក៏​ជា​កត្តា​សំខាន់​ផង​ដែរ ដែល​យើង​ត្រូវ​ទាមទារ​សិក្សា​ពី​ប្រវត្តិ​ឲ្យ​បាន​ច្បាស់ និង​មិន​ត្រូវ​មើល​ឃើញ​តែ​លុយ​នោះ​ទេ តែ​ត្រូវ​សម្លឹង​មើល​ពី​តម្លាភាព ទំនុកចិត្ត និង​ការ​កសាង​នូវ​កេរ្ដិ៍​ឈ្មោះ​ល្អ​ជា​ដើម។ 

ក្ដី​សុបិន​ចុង​ក្រោយ​នៅ​ក្នុង​វិស័យ​ជំនួញ

អ្វី​ដែល​ជា​ក្ដី​សុបិន​ចុង​ក្រោយ​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា លោក​ជំទាវ​ឧកញ៉ា លឹម ឈីវហូ ឲ្យ​ដឹងថា លោក​ជំទាវ​មាន​គោលដៅ​ពីរ​សំខាន់ គឺ​ទីមួយ កសាង​សាលារៀន​អន្តរជាតិ​សម្រាប់​កុមារ ដែល​អាច​រៀន​ចេះ​៣​ភាសា គឺ ចិន អង់គ្លេស និង​ខ្មែរ ខណៈ​ដែល​សាលា​នេះ លោក​ជំទាវ​បង្ហើប​ឲ្យ​ដឹង​ថា គ្រោង​នឹង​បើក​សម្ពោធ​នា​ចុង​ឆ្នាំ​នេះ ដែល​មាន​ទីតាំង​នៅ​ក្រោយ​អគារ​ពាណិជ្ជកម្ម​ អែដវូដ។ លើស​ពី​នេះ លោក​ជំទាវ​ក៏​បាន​ត្រៀម​ដី​រួចរាល់​ជា​ស្រេច សម្រាប់​ការ​បង្កើត​ជា​មជ្ឈមណ្ឌល​ចាស់​ជរា នៅ​ពេល​ឆាប់​ខាង​មុខ​នេះ​ផង​ដែរ។ 

លោក​ជំទាវ​ឧកញ៉ា លឹម ឈីវហូ បាន​អំពាវនាវ​ទៅ​កាន់​យុវជន​ខ្មែរ​ទាំង​អស់​គួរ​តែ​ខិតខំ​រៀនសូត្រ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស ដើម្បី​ទទួល​បាន​បទពិសោធន៍ និង​ជំនាញ​បាន​ច្បាស់​លាស់​ដើម្បី​អភិវឌ្ឍ​ប្រទេស​យើង​ឲ្យ​បាន​ជឿន​លឿន​ទៅ​មុខ​ទៀត។ 

ជា​ពិសេស សហគ្រិន​ស្ត្រី​វ័យ​ក្មេង​ជំនាន់​ក្រោយ ត្រូវ​ហ៊ាន​លះ​បង់ និង​ក្លាហាន​ក្នុង​ការ​ចាប់​ផ្ដើម​ធ្វើ​នូវ​រាល់​ក្ដី​សុបិន​របស់​ខ្លួន ហើយ​កុំ​ព្យាយាម​បៀម​ទុក្ខ កុំ​ទន់​ជ្រាយ​នឹង​សម្ដី​​បន្តុះ​បង្អាប់​របស់​​អ្នក​​ដទៃ និង​ត្រូវ​ហ៊ាន​និយាយ​ចេញ និង​ធ្វើ​សកម្មភាព​ដើម្បី​បង្ហាញ​ស្នាដៃ​ទៅ​កាន់​មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន ព្រោះ​បច្ចុប្បន្ន​បុរស​ធ្វើ​អ្វី​បាន ស្ត្រី​ក៏​អាច​ធ្វើ​បាន​ដូច​គ្នា​ដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេស​១០​ដែល​មាន​អន្តោប្រវេសន៍​ចិន​រស់នៅ​ច្រើន​ជាង​គេ​បំផុត!

ព័ត៌មាន
ប្រទេសចិន​មាន​ប្រជាជន​ច្រើន​ជាងគេ​បំផុត នៅ​លើ​ពិភព​លោក។ ស្ទើរតែគ្រប់ទិសទី​នៃ​ពិភព​លោក គឺ​មាន​អន្តោប្រវេសន៍​ចិន​រស់​នៅ ដោយ​ប្រទេស​ខ្លះ…

សួន​សត្វ​ធំ​ជាង​គេ​បង្អស់​នៅ​កម្ពុជា គ្រោង​​បើក​ជូន​ទស្សនា​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ

ព័ត៌មាន
បើ​មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ តាម​គម្រោង​សួន​សត្វ​ដ៏​ធំ​ជាង​គេ​បំផុត​នៅ​កម្ពុជា ដែល​មាន​ឈ្មោះ​ថា ភ្នំពេញ សាហ្វារី គ្រោង​នឹង​បើក​ឲ្យ​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ