រូបិយប័ណ្ណសកល

តើអ្វីជាកត្តាចម្បងធ្វើឱ្យរាំងស្ទះដល់ការធ្វើឱ្យលុយយន់ក្លាយជារូបិយប័ណ្ណសកល ដើម្បីប្រជែងនឹងប្រាក់ដុល្លារអាម៉េរិក?


តើអ្វីជាកត្តាចម្បងធ្វើឱ្យរាំងស្ទះដល់ការធ្វើអន្តរជាតូបនីយកម្មប្រាក់យន់ ដើម្បីប្រជែងនឹងប្រាក់ដុល្លារអាម៉េរិក? ទោះបីជារដ្ឋាភិបាលក្រុងប៉េកាំង ប្ដេជ្ញាជំរុញការប្រើប្រាស់រូបិយប័ណ្ណយន់របស់ចិន នៅក្រៅប្រទេស ដើម្បីប្រជែងនឹងប្រាក់ដុល្លារអាម៉េរិកយ៉ាងណាក្ដី ក៏ការស្ទង់មតិថ្មីៗបង្ហាញថា បណ្ដាដៃគូពាណិជ្ជកម្មខ្វះឆន្ទៈក្នុងការប្រើប្រាស់ប្រាក់យន់ ដែលកត្តានេះនៅតែជាឧបសគ្គដ៏ធំបំផុតសម្រាប់ការទូទាត់ពាណិជ្ជកម្មឆ្លងដែនជាប្រាក់យន់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
រូបិយប័ណ្ណសកល
ដោយ

ប្រមាណជាង ៤៧% នៃសហគ្រាសដែលត្រូវបានស្ទង់មតិនិយាយថា កង្វះចំណាប់អារម្មណ៍ក្នុងចំណោមបណ្ដាដៃគូពាណិជ្ជកម្មនៅក្នុងការប្រើប្រាស់ប្រាក់យន់ គឺជាឧបសគ្គដ៏ចម្បងដែលរារាំងការពង្រីកវិសាលភាពនៃប្រាក់យន់នៅលើឆាកអន្តរជាតិ។ នេះបើយោងតាមរបាយការណ៍ប្រចាំត្រីមាសទី១ ដើមឆ្នាំ២០២៤ ស្ដីពីការប្រើប្រាស់ប្រាក់យន់ ឆ្លងដែន ដែលត្រូវបានចេញផ្សាយរួមគ្នាដោយធនាគារ Bank of Communications ដែលជាធនាគារធំបំផុតទី៥ របស់ប្រទេសចិន និងវិទ្យាស្ថានរូបិយវត្ថុអន្តរជាតិនៃសាកលវិទ្យាល័យ យិនមិន (Renmin University) នៅប្រទេសចិន។

ក្នុងចំណោមអ្នកឆ្លើយសំណួរ ប្រហែល១ភាគ៣​ និយាយថា កម្រិតពិបាកក្នុងការប្រើប្រាស់ប្រាក់យន់ ពេលនេះ គឺនៅដដែលបើធៀបនឹងឆ្នាំមុន ខណៈដែលប្រមាណ១១% ជឿថា វាកាន់តែពិបាកប្រើប្រាស់​។ ក្រុមហ៊ុនសរុបចំនួន១,៦៥៧​ ត្រូវបានស្ទង់មតិអំឡុងខែមីនា ឆ្នាំនេះ ដោយក្នុងនោះប្រមាណ៧១% ជាអាជីវកម្មឯកជន ១៣% ជាសហគ្រាសរដ្ឋ និង១៥% ជាសហគ្រាសដែលទទួលបានមូលនិធិពីបរទេស​។

លទ្ធផលនៃការស្ទង់មតិនេះ ឆ្លុះបញ្ចាំងពីបញ្ហាប្រឈមដែលរដ្ឋាភិបាលក្រុងប៉េកាំង កំពុងជួបប្រទះនៅក្នុងការព្យាយាមប្រែក្លាយប្រាក់យន់ទៅជារូបិយប័ណ្ណសកល ដែលមានសមត្ថភាពប្រកួតប្រជែងជាមួយនឹងប្រាក់ដុល្លារអាម៉េរិក។

សន្ទស្សន៍អន្តរជាតូបនីយកម្ម (Internationalization) ប្រាក់យន់ ឬការប្រើប្រាស់ប្រាក់យន់ ជាអន្តរជាតិ ដែលវាស់វែងដោយធនាគារកណ្ដាលចិន បានបង្ហាញសញ្ញាប្រសើរឡើងគួរឱ្យកត់សម្គាល់ចាប់តាំងពីឆ្នាំ២០០៩ មក ប៉ុន្តែវានៅតែយឺតជាងប្រាក់ដុល្លារអាម៉េរិក និងប្រាក់អឺរ៉ូ ឆ្ងាយនៅឡើយ ទាក់ទិននឹងការទូទាត់ពាណិជ្ជកម្ម ការទូទាត់ជាអន្តរជាតិ ការជួញដូររូបិយប័ណ្ណ និងទុនបម្រុងអន្តរជាតិរបស់បណ្ដាធនាគារកណ្តាល។

ការស្ទង់មតិថ្មីនេះបានរកឃើញថា ឧបសគ្គផ្សេងៗទៀតរួមមានការប្រែប្រួលនៃអត្រាប្តូរប្រាក់យន់ ភាពខុសគ្នានៃអត្រាការប្រាក់រវាងប្រាក់យន់ និងរូបិយប័ណ្ណបរទេស និងឧបសគ្គរាំងស្ទះដល់រំហូរមូលធនឆ្លងដែនជាដើម៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើហេតុអ្វីបានជា IMF ហ៊ានព្យាករព្រមានកំណើនសេដ្ឋកិច្ចរបស់មហាយក្សចិននឹងកាន់តែថមថយទៅៗយ៉ាងដូច្នេះ?

ព័ត៌មាន
ហេតុអ្វីបានជា IMF ហ៊ានព្យាករព្រមានកំណើនសេដ្ឋកិច្ចរបស់មហាយក្សចិននឹងកាន់តែថមថយទៅៗយ៉ាងដូច្នេះ? ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បា…

តើអត្រាគ្មានការងារធ្វើនៅទូទាំងពិភពលោកស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់បែបណានៅក្នុងឆ្នាំ២០២៤ នេះ?

ព័ត៌មាន
តើអត្រាគ្មានការងារធ្វើនៅទូទាំងពិភពលោកស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់បែបណាក្នុងឆ្នាំ២០២៤ នេះ? ជុំវិញបញ្ហានេះ អង្គការពលកម្មអន្តរជាតិ(ILO) កាលព…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ