ល្បឿនលឿនភ្នំពេញ-បាវិត

កម្ពុជារំពឹងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងជួយជំរុញពាណិជ្ជកម្មកម្ពុជាជាមួយប្រទេសអនុតំបន់ទន្លេមេគង្គកាន់តែប្រសើរ


គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត តម្លៃជាង ១ពាន់៣រយលានដុល្លារ បានឈានដល់ការចុះហត្ថលេខាលើកិច្ចសន្យាភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន ដើម្បីឈានទៅបើកការដ្ឋានសាងសង់នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ។
កម្ពុជារំពឹងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងជួយជំរុញពាណិជ្ជកម្មកម្ពុជាជាមួយប្រទេសអនុតំបន់ទន្លេមេគង្គកាន់តែប្រសើរ

នាពិធីចុះហត្ថលេខាលើកិច្ចសន្យាភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិននៅព្រឹកថ្ងៃទី១៨ ឧសភា ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះគម្រោងផ្លូវល្បឿនភ្នំពេញ-បាវិត ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច និងការធ្វើពាណិជ្ជកម្មរបស់កម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្ត្រីរំពឹងថា ក្រោយគម្រោងនេះបញ្ចប់ការសាងសង់វាមិនត្រឹមតែជួយសម្រួលដល់ការដឹកជញ្ជូនកសិផល និងការធ្វើដំណើររបស់ប្រជាពលរដ្ឋនោះទេ ថែមទាំងជួយជំរុញការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាមឲ្យមានកំណើនកាន់តែល្អប្រសើរបន្ថែមទៀត។ លើសពីនេះវានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម-ថៃ និងប្រទេសក្នុងអនុតំបន់ទន្លេមេគង្គ ដ្បិតកម្ពុជាស្ថិតនៅចំណុចកណ្តាលនៃតំបន់នេះ។ ម្យ៉ាងទៀតរាជរដ្ឋាភិបាលនឹងតភ្ជាប់គម្រោងនេះជាមួយគម្រោងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ របស់វៀតណាម ដែលរំពឹងសាងសង់រួចរាល់ដំណាលគ្នា។

ជាមួយគ្នានេះលោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជាបានចាត់ទុកការបើកការដ្ឋានសាងសង់គម្រោងផ្លូវល្បឿនភ្នំពេញ-បាវិត គឺជាដំណឹងមួយដ៏រីករាយសម្រាប់ក្រុមហ៊ុនរកស៊ីក្នុងវិស័យដឹកជញ្ជូន ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា។ អ្នកជំនាញរូបនេះជឿជាក់ថា ក្រោយផ្លូវល្បឿនលឿននេះដាក់ឲ្យដំណើរការ វានឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញ ក៏ដូចជាជំរុញកំណើនពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជាជាមួយវៀតណាមឲ្យកាន់តែល្អប្រសើរមួយកម្រិតទៀត។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល គម្រោងផ្លូវល្បឿនភ្នំពេញ-បាវិត ដែលមានតម្លៃប្រមាណ១ពាន់៤រយលានដុល្លារ នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នៅក្នុងថ្ងៃបើកការដ្ឋាងសាងសង់គម្រោងផ្លូវល្បឿនលឿនទីពីររបស់កម្ពុជានេះដែរ រាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសាជីវកម្មថ្នល និងស្ពានចិន ក៏អាចនឹងមានការចុះអនុសារណៈយោគយល់គ្នាលើគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀបរាប ដែលគ្រោងបញ្ចប់ការសិក្សាសមិទ្ធលទ្ធភាពនៅដំណាច់ខែឧសភានេះដែរ។

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនរូបនេះបានបន្ថែមថា សម្រាប់ការសាងសង់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត រាជរដ្ឋាភិបាលកម្ពុជាត្រូវចំណាយថវិកាជាង២រយលានដុលា្លរ ដើម្បីសាងសង់ស្ពានឆ្លងទន្លេមេគងគ ដើម្បីតភ្ជាប់ផ្លូវល្បឿនលឿន និងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ បើតាមការគូសបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី មូលហេតុដែលរាជរដ្ឋាភិបាលសម្រេចចំណាយថវិកាជាតិ ក្នុងការស្ថាបនាស្ពានឆ្លងទន្លេមេគង្គនេះ គឺដោយសាររាជរដ្ឋាភិបាលចង់ឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរលើស្ពាននេះដោយឥតបង់ថ្លៃ។
គួរបញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិតមានប្រវែង១៣៥គីឡូម៉ែត្រ ដោយឆ្លងកាត់រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង។ គម្រោងនេះគ្រោងចំណាយពេលសាងសង់ចំនួន៤ឆ្នាំ ក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ(Build-Operate-Transfer) ឬហៅកាត់ថា BOT ក្នុងរយៈពេល៥០ឆ្នាំ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត បន្តទទួលបានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលភេសជ្ជៈម៉ាក Dasani របស់ក្រុមហ៊ុន The Coca-Cola Companyក្នុងព្រះរាជាណាចក្រកម្ពុជា

ព័ត៌មាន
ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (ហៅកាត់ថា ក្រុមហ៊ុន កូកា-កូឡា កម្ពុជា) សូមប្រកាសថា ក្រសួងពាណិជ្ជកម្មបានឯកភាពកត់ត្រា…

ធនាគារពិភពលោកថា សេដ្ឋកិច្ចកម្ពុជាកំពុងមានសម្ទុះស្វាហាប់ឆ្ពោះទៅរកការស្ដារឡើងវិញពេញលេញ ជាមួយកំណើន ៥,៥% នៅឆ្នាំនេះ

ព័ត៌មាន
ធនាគារធនាគារពិភពលោក បានអះអាងនៅក្នុងរបាយការណ៍ថ្មីចុងក្រោយមួយរបស់ខ្លួននៅថ្ងៃទី ១៨ ខែឧសភាថា សេដ្ឋកិច្ចរបស់កម្ពុជាកំពុងមានសម្ទុះស្វាហាប់ឆ្ព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ