ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត

ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតតម្លៃ ១៤០០លានដុល្លារ នឹងបើកការសាងសង់នៅដើមខែមិថុនា


ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតដែលមានតម្លៃប្រមាណ១ពាន់៤រយលានដុល្លារនឹងបើកការដ្ឋានសាងសង់នៅដើមខែមិថុនា ឆ្នាំ២០២៣ ខាងមុខ ក្រោមវត្តមានដ៏ខ្ពស់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ តាមផែនការគម្រោងផ្លូវល្បឿនលឿនទីពីររបស់កម្ពុជានេះ គ្រោងបញ្ចប់ការសាងសង់នៅត្រឹមដើមឆ្នាំ២០២៧។ ក្រៅពីផ្លូវល្បឿនលឿននេះ កម្ពុជាក៏កំពុងសិក្សាគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ដោយគ្រោងបញ្ចប់ការសិក្សានៅចុងខែឧសភាខាងមុន។
ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងបើកការសាងសង់នៅដើមខែមិថុនា

នាពិធីសម្ពោធដាក់ឲ្យប្រើប្រាស់មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) យានយន្ត សាខាសំរោងអណ្តែតនៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ផ្លូវនេះនឹងក្លាយជាផ្លូវល្បឿនលឿនទីពីររបស់កម្ពុជា បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះមានតម្លៃប្រមាណ១ពាន់៤រយលានដុល្លារអាមេរិក ដោយគ្រោងចំណាយពេលសាងសង់ប្រមាណជាង៣ឆ្នាំ ពោលគឺគ្រោងបញ្ចប់ការសាងសង់នៅត្រឹមដើមឆ្នាំ២០២៧។

ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជាបានចាត់ទុកការប្រកាសពីកាលបរិច្ឆេទនៃការបើកការដ្ឋានសាងសង់គម្រោងផ្លូវល្បឿនខាងលើ ជាដំណឹងមួយដ៏រីករាយសម្រាប់ក្រុមហ៊ុនរកស៊ីក្នុងវិស័យដឹកជញ្ជូន ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងមូល ដែលនឹងទទួលបានផ្លូវល្បឿនលឿនទីពីរនៅប៉ុន្មានឆ្នាំខាងមុខនេះ។ អ្នកជំនាញរូបនេះរំពឹងថា ក្រោយគម្រោងផ្លូវល្បឿនលឿននេះដាក់ឲ្យដំណើរការ វានឹងជួយសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញ ក៏ដូចជាជំរុញកំណើនការធ្វើពាណិជ្ជកម្មរវាងប្រទេសកម្ពុជាជាមួយវៀតណាមឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្រៅពីការបើកការដ្ឋានសាងសង់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត កម្ពុជាក៏កំពុងសិក្សាគម្រោងផ្លូវល្បឿនលឿនទីបីភ្នំពេញ-សៀមរាបមួយបន្ថែមទៀត ដោយគ្រោងបញ្ចប់នៅចុងខែឧសភា ខាងមុខនេះ។ ក្រោយគម្រោងនេះត្រូវបានសិក្សាចប់ រាជរដ្ឋាភិបាលនឹងជួបប្រជុំរួមគ្នាជាមួយក្រុមហ៊ុន ដើម្បីត្រួតពិនិត្យ និងសិក្សាពីលទ្ធភាពឲ្យដឹងថា តើគម្រោងនេះអាចសាងសង់បាន ឬមិនបាន។ ទោះយ៉ាងណាឯកឧត្តមទេសរដ្ឋមន្ត្រីរំពឹងថា គម្រោងនេះនឹងអាចដំណើរការសាងសង់បាន៕




អត្ថបទបន្ទាប់


រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញដាក់ដំណើរការសាកល្បង រោងចក្រផលិតកម្មទឹកស្អាតបាក់ខែងជំហានទី១

ព័ត៌មាន
នៅទីបំផុត គម្រោងសាងសង់រោងចក្រផលិតកម្មទឹកស្អាតបាក់ខែងជំហានទី១ តម្លៃ១៥៦លានដុល្លារ បានសាងសង់រួចរាល់ និងគ្រោងបើកដំណើរការសាកល្បងចាប់ពីយប់…

ក្រុមហ៊ុនបណ្ដាញសង្គម ទ្វីតធឺ ចាប់ផ្តើមដកសញ្ញាពណ៌ខៀវចេញពីអ្នកប្រើប្រាស់ដែលមិនបង់ប្រាក់

ព័ត៌មាន
មនុស្សល្បីៗជាច្រើនដែលប្រើប្រព័ន្ធផ្សព្វផ្សាយតាមបណ្ដាញ ទ្វីតធឺ កំពុងបាត់សញ្ញាពណ៌ខៀវដែលបានជួយផ្ទៀងផ្ទាត់អត្តសញ្ញាណពិតប្រាកដពួកគេ ឱ្យប្លែកពីអ្នកក្លែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ