មីក្រូហិរញ្ញវត្ថុ

ទំហំឥណទានក្នុងវិស័យមីក្រូហិរញ្ញវត្ថុថយចុះ ខណៈឥណទានមានហានិភ័យកើនជិត៦% នៅត្រីមាសទី៣ឆ្នាំនេះ


វិស័យមីក្រូហិរញ្ញវត្ថុត្រូវបានចាត់ទុកជាវិស័យដ៏សំខាន់មួយក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច តែវិស័យនេះបានជួបប្រឈមបញ្ហាជាច្រើន ក្រោយពិភពលោកជួបបញ្ហាជាបន្តបន្ទាប់រាប់ចាប់តាំងពីការឆ្លងរាតត្បាតកូវីដ-១៩ បញ្ហាសង្គ្រាម និងភាពតានតឹងភូមិសាស្ត្រនយោបាយ។ មន្ត្រីជាន់ខ្ពស់នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា កត់សម្គាល់ឃើញថា ស្ថានភាពវិស័យមីក្រូហិរញ្ញវត្ថុហាក់នៅទ្រឹងនៅមួយរយៈកន្លងមកនេះ ខណៈនៅត្រីមាសទី៣ ឆ្នាំនេះ ទំហំឥណទានមានទំនោរធ្លាក់ចុះ រីឯប្រាក់បញ្ញើមានកំណើនតិចតួច ស្របពេលឥណទានមានហានិភ័យបានកើនឡើងជិត៦%។
3
ដោយ

លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនងនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា កត់សម្គាល់ឃើញថា វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា នៅតែបន្តរងឥទ្ធិពលពីវិបត្តិសកលផ្សេងៗ បើទោះវិបត្តិកូវីដ-១៩ ហាក់មានភាពធូរស្បើយក៏ដោយ។ ឥទ្ធិពលនៃវិបត្តិទាំងនោះបានធ្វើឱ្យស្ថានភាពក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជាហាក់មានសភាពទ្រឹងនៅមួយរយៈចុងក្រោយនេះ។ ជាក់ស្តែងនៅត្រីមាសទី៣ ឆ្នាំ២០២៣ ទំហំឥណទានដែលផ្តល់ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានធ្លាក់បន្តិច រីឯប្រាក់បញ្ញើមានកំណើនតិចតួច ខណៈឥណទានមានហានិភ័យវិញ បានកើនឡើងដល់៥,៨%។ ដោយមិនរាប់បញ្ចូលទិន្នន័យពីធនាគារ នៅត្រីមាសទី៣ឆ្នាំនេះ ការផ្តល់ឥណទានក្នុងវិស័យមីក្រូហិរញ្ញវត្ថុមានទំហំ៥ពាន់៧៧លានដុល្លារសហរដ្ឋអាម៉េរិក ខណៈប្រាក់បញ្ញើនៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើទាំង៤ មានជាង២ពាន់២៤២លានដុល្លាសហរដ្ឋអាម៉េរិក ដោយទទួលបានពីគណនីចំនួនជិត២លានគណនី។

បើតាមលោក កាំង តុងងី កត្តាចម្បងដែលធ្វើឲ្យទិន្នន័យខាងលើមានការថយចុះខ្លាំង គឺដោយសារតែគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេបំផុតមួយ គឺប្រាសាក់ បានវិវត្តខ្លួនទៅជាធនាគារពាណិជ្ជ កាលពីពេលថ្មីៗនេះ។ ការធ្លាក់ចុះប្រាក់ចំណូលរបស់ប្រជាពលរដ្ឋដោយសារសម្ពាធសេដ្ឋកិច្ចសាកលដែលបង្កឡើងដោយវិបត្តិសង្គ្រាម ភាពតានតឹងភូមិសាស្ត្រនយោបាល និងជម្លោះពាណិជ្ជកម្មរវាងប្រទេសមហាអំណាចធំៗ ក៏ជាមូលហេតុមួយផងដែរ។ បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ នេះជាលើកទី១ហើយ ដែលទំហំប្រតិបត្តិការក្នុងវិស័យមីក្រូហិរញ្ញវត្ថុបានរួមតូចបែបនេះ។ យ៉ាងណាមិញលោកមិនរំពឹងថា វិស័យនេះនឹងមានកំណើនគួរឲ្យកត់សំគាល់ឡើយសម្រាប់ឆ្នាំ២០២៣ និង២០២៤។ តែយ៉ាងណាលោក យល់ឃើញថា វិស័យមីក្រូហិរញ្ញវត្ថុ នៅតែមានតួនាទីសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ពង្រឹងអាជីវកម្មតាមមូលដ្ឋាន និងកាត់បន្ថយភាពក្រីក្រ ពិសេសតាមតំបន់ដាច់ស្រយាល។

ពាក់ព័ន្ធបញ្ហានេះដែរ លោក គា បូរាណ ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ កត់សម្គាល់ឃើញថា បើទោះបីវិបត្តិសកលបានកើតឡើងជាបន្តបន្ទាប់ និងធ្វើឲ្យប៉ះពាល់ដល់វិស័យ​ធនាគារ និងហិរញ្ញវត្ថុសកលរួមទំាងកម្ពុជាក្តី តែវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា នៅតែមានរឹងមាំ និងរក្សាបាននូវកំណើនជាវិជ្ជមាន។ ជាក់ស្តែងស្ថានភាពទទួលប្រាក់បញ្ញើរបស់ អេ អឹម ខេ នៅរយៈពេល១០ខែ ក្នុងឆ្នាំ២០២៣នេះ នៅតែរក្សាបានភាពល្អប្រសើរ បើទោះបីសេដ្ឋកិច្ចសកលរួមទាំងកម្ពុជាស្ថិតក្នុងភាពមិនច្បាស់លាស់ក្តី។ នេះបើតាមការបញ្ជាក់របស់លោក គា បូរាណ។

សូមបញ្ជាក់ថា ដើម្បីលើកកម្ពស់ និងជំរុញវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាឲ្យកាន់តែប្រសើរ សមាគមមីក្រូហិរញ្ញវត្ថុ បានដាក់ចេញនូវទិសដៅអាទិភាពមួយចំនួនដូចជា ការជំរុញការគាំពារ និងកំណើនសហគ្រាសធុនមីក្រូតូច និងមធ្យម ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។ ទន្ទឹមនឹងនេះ វិស័យមីក្រូហិរញ្ញវត្ថុ នឹងបន្តជួយសម្របសម្រួលដល់អតិថិជនរបស់ខ្លួន ពង្រឹងគុណភាពសេវាហិរញ្ញវត្ថុ និងលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុក្នុងចំណោមប្រជាជនកម្ពុជាផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រៅពីវៀតណាម និងថៃ ក្រុមហ៊ុនចិន និងឥណ្ឌាកំពុងចរចាទិញដំឡូងមីកម្ពុជាដោយផ្ទាល់

ព័ត៌មាន
ឈ្មួញចិន និងឥណ្ឌា កំពុងចរចាប្រមូលទិញដំឡូងមីពីកម្ពុជាដោយផ្ទាល់ ដែលអាចឈានដល់ការពង្រីកទីផ្សារបន្ថែមទៀតនាពេលខាងមុខ ខណៈបច្ចុប្បន្នទីផ្សារធំសម្…

នាវាផ្ទុកប្រេងជាច្រើនសម្រុកទៅអាម៉េរិក ដើម្បីដឹកប្រេងឆៅសម្រាប់នាំចេញ

ព័ត៌មាន
នាវាដឹកប្រេងកាន់តែច្រើនឡើងបានធ្វើដំណើរពេញសមុទ្រពែក្សសម្រុកទៅកាន់អាម៉េរិក ដើម្បីដឹកប្រេងឆៅនាំចេញទៅកាន់ទីផ្សារនៅជុំវិញពិភពលោក ខណៈដែលការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ