ពាណិជ្ជកម្មអេឡិចត្រូនិក

ក្រសួងពាណិជ្ជកម្មព្រមានអនុវត្តច្បាប់ និងពិន័យ​ចំពោះអ្នករកស៊ីតាមអនឡាញមិនបាន​ចុះបញ្ជីត្រឹមត្រូវ


មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជាអះអាងថា ក្រសួងនឹងកំណត់ពេលវេលាអនុវត្តវិធានការច្បាប់ស្តីពីពាណិជ្ជកម្មអនឡាញនិងការផាកពិន័យក្នុងពេលឆាប់ៗខាងមុខនេះ ចំពោះអាជីវកម្មរកស៊ីតាមអនឡាញ ដែលមិនមានការចុះបញ្ជីស្នាមត្រឹមត្រូវជាមួយក្រសួង។ ការព្រមានពីការអនុវត្តច្បាប់ ក៏ដូចជាការផាកពិន័យនេះ គឺធ្វើឡើងបន្ទាប់ពីក្រសួងពាណិជ្ជកម្មមើលឃើញថា ក្រុមហ៊ុនសហគ្រាស និង បុគ្គលរកស៊ីតាមអនឡាញនៅតែមិនទាន់បានសុំលិខិតអនុញ្ញាត ឬ ចុះបញ្ជីនៅក្រសួងពាណិជ្ជនៅឡើយ បើទោះបីជាកន្លងមកក្រសួងបានបន្តដាស់តឿនម្ដងហើយម្ដងទៀតយ៉ាងណាក្ដី។
ទីស្តីការក្រសួងពាណិជ្ជកម្ម រូបភាព៖ អេង ថារិទ្ធ ​និង ប៉ុក វន្ថា/ខេមបូណូមីស

ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានអះអាងប្រាប់ខេមបូណូមីស ថា មកដល់ពេលនេះ មិនទាន់ មានក្រុមហ៊ុន សហគ្រាស ឬបុគ្គលរកស៊ីតាមប្រព័ន្ធ Online ណាមួយ មកដាក់ពាក្យ ស្នើសុំលិខិតអនុញ្ញាត ឬចុះបញ្ជីនៅក្រសួងនៅឡើយទេ។ ទោះយ៉ាងណា ឯកឧត្តម រំពឹងថា នឹងមានក្រុមហ៊ុន សហគ្រាស ឬអ្នករកស៊ីតាម Online មួយចំនួននឹងមកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណក្នុងពេលឆាប់ៗខាងមុខនេះ។ 

អ្នកនាំពាក្យឆ្លាស់វេនក្រសួងពាណិជ្ជកម្មរូបនេះបានបញ្ជាក់ទៀតថា នាយកដ្ឋានចុះបញ្ជីនៃក្រសួងពាណិជ្ជកម្មនឹងចេញសេចក្តីជូនដំណឹង ដែលមានការកំណត់ពីពេលវេលាក្នុងការអនុវត្តច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការពិន័យក្នុងពេលសមស្របណាមួយនាពេលខាងមុខនេះ។ ទន្ទឹមនឹងនេះ ឯកឧត្តម បន្តដាស់តឿនដល់អ្នករកស៊ីតាមប្រព័ន្ធ Online ឲ្យមកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណឲ្យបានគ្រប់គ្នា បើមិនចង់រងការពិន័យពីខាងអាជ្ញាធរ។ 

ឯកឧត្តម បានបញ្ជាក់ដូច្នេះថា៖«ចំពោះសហគ្រាសឯកបុគ្គល ឬក្រុមហ៊ុនដែលធ្វើប្រតិបត្តការតាមប្រព័ន្ធអេឡិចត្រូនិកដែលមិនមានការអនុញ្ញាត នឹងត្រូវបញ្ឍប់សកម្មភាព ឬប្រតិបត្តិការអាជីវកម្ម និងរងពិន័យជាប្រាក់ ដូចមានចែងក្នុងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចតត្រូនិក»។ 

បើតាមច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្រុមហ៊ុន សហគ្រាស និងបុគ្គលរកស៊ីតាម Online នឹងរងការពិន័យដោយផ្អាក ឬបិទអាជីវកម្ម និងប្រាក់រហូតដល់១០លានរៀល បើបន្តរកស៊ីគ្មានលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណ។ 

ពាក់ព័ន្ធតម្លៃសេវានៃការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណត្រូវបានឯកឧត្តម ប៉ែន សុវិជាតិ បញ្ជាក់ថា ការស្នើសុំលិខិតអនុញ្ញាតលក្ខណៈបុគ្គលមានតម្លៃ ២០ម៉ឺនរៀល, លិខិតអនុញ្ញាតសម្រាប់សហគ្រាសឯកត្តបុគ្គលមានតម្លៃ៤០ម៉ឺនរៀល និងអាជ្ញាបណ្ណសម្រាប់ក្រុមហ៊ុនតម្លៃ១លានរៀល។

សម្រាប់ការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មអេឡិចត្រូនិក ក្រុមហ៊ុន សហគ្រាស ឬបុគ្គលរកស៊ីតាមអនឡាញទាំងអស់ អាចដាក់ពាក្យស្នើសុំនៅនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម អគ្គនាយកដ្ឋានសេវាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម ឬតាមរយៈគេហទំព័រ www.ecommercelicensing.moc.gov.kh។

គួររំលឹកថា ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា ត្រូវបានអនុម័តដាក់ឲ្យប្រើប្រាស់កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩។ បន្ទាប់មកនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយស្នើឲ្យក្រុមហ៊ុន សហគ្រាស ឬបុគ្គល និងសាខាក្រុមហ៊ុនបរទេស ឲ្យមកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណក្នុងការប្រតិបត្តិអាជីវកម្មរបស់ខ្លួន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារធំៗនៅវៀតណាមយល់ព្រមបញ្ចុះអត្រាការប្រាក់កម្ចីសម្រាប់អាជីវកម្មដែលប៉ះពាល់ដោយសារកូវីដ-១៩

ព័ត៌មាន
ធនាគារពាណិជ្ជចំនួន១៦នៅក្នុងប្រទេសវៀតណាមបានសម្រេចយល់ព្រមកាត់បន្ថយអត្រាការប្រាក់ចំពោះប្រាក់កម្ចីដែលមានបច្ចុប្បន្នរបស់ម្ចាស់អាជីវកម្មដែលរងផលប៉…

ក្រុមហ៊ុនប្រេងឥន្ធនៈថៃ PTT ទិញយកក្រុមហ៊ុនឥណ្ឌាធំមួយក្នុងតម្លៃជាង ៤៥០លានដុល្លារ

ព័ត៌មាន
ក្រុមហ៊ុន Global Power Synergy Public Company ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនប្រេងឥន្ធនៈថៃដ៏ធំ ភីធីធី (PTT) បានក្រសោបទិញយកចំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ