ជំនាញវិជ្ជាជីវៈ

សម្ដេច ហ៊ុន ម៉ាណែត ក្រើនរំលឹកឱ្យរដ្ឋមន្រ្តីក្រសួងការងារប្រើប្រាស់ថវិកាជាតិ ឱ្យមានប្រសិទ្ធភាពលើការងារបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ


កម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដែលជាគោលនយោបាយ ជួយដល់យុវជនស្ថិតក្នុងគ្រួសារមានជីវភាពក្រីក្រចំនួន១លាន៥សែននាក់ កំពុងទទួលបានការចាប់អារម្មណ៍ និងមានការចុះឈ្មោះសិក្សាពីយុវជន និងយុវនារី ដែលមកទល់ពេលនេះមានប្រមាណជាង២ម៉ឺននាក់ហើយ។ ការបណ្ដុះបណ្ដាលជំនាញនេះ ត្រូវបានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានដាស់តឿនដល់អ្នកសិក្សាទាំងអស់ត្រូវរៀនឱ្យចេះ និងចំគោលដៅពិតប្រាកដ។
ជំនាញវិជ្ជាជីវៈ
ដោយ

ទន្ទឹមគ្នានេះ សម្ដេចធិបតី ក៏បានក្រើនរំលឹកឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រើបាស់ថវិកាជាតិឱ្យមានប្រសិទ្ធភាពលើការបណ្តុះបណ្តាលធនធានមនុស្ស ពោលគឺកុំចាយថវិកាជាតិបង្កើតវគ្គបណ្ដុះបណ្ដាល ហើយព្រលែងពលរដ្ឋ ដែលបានចូលរៀនជំនាញចោលឱ្យសោះ។

នាពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉» នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា នៅខេត្តកោះកុង នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានក្រើនរំលឹករដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឱ្យខិតខំយកចិត្តទុកដាក់លើការបង្រៀនជំនាញនានាដល់យុវជនដែលបានចុះឈ្មោះសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈ និងត្រូវប្រើប្រាស់ថវិកាជាតិឱ្យមានប្រសិទ្ធភាពលើការងារបណ្តុះបណ្តាលធនធានមនុស្សនេះ។ សម្រាប់សម្ដេធិបតី ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ត្រូវធ្វើឡើងដោយផ្សារភ្ជាប់ជាមួយតម្រូវការពីទីផ្សារ និងការចូលរួមសហការជាមួយផ្នែកវិស័យឯកជន ដើម្បីជួយរកការងារជូនដល់យុវជននៅពេលដែលពួកគេរៀនជំនាញចប់។

ពាក់ព័ន្ធនឹងគោលនយោបាយបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈនេះ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងថា កម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈ នឹងជួយដល់យុវជនដែលមកពីគ្រួសារដែលមានបណ្ណសមធម៌ និងបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យអាចចូលរៀនដោយមិនចាំបាច់បង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន២៨ម៉ឺនរៀលផងដែរ។ បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំរូបនេះ ក្រសួងបានផ្សព្វផ្សាយពីកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈនេះ នៅតាមបណ្ដាខេត្តនានា និងដល់តាមខ្នងផ្ទះផងដែរ។ គិតត្រឹមថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ មានយុវជនបានចុះឈ្មោះចូលរៀនចំនួនជាង២ម៉ឺននាក់ ហើយក្នុងចំណោមយុវជនទាំងនេះ នឹងត្រូវចូលរួមសិក្សាជំនាញ ដែលក្រសួងនឹងបើកក្នុងជំហានដំបូងចំនួន៥០០ថ្នាក់នាពេលខាងមុខ។

សូមបញ្ជាក់ថា គោលនយោបាយបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនចំនួន១លាន៥សែននាក់ ដែលប្រើប្រាស់ថវិកាជាតិរាប់រយលានដុល្លារ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រកាសជាផ្លូវការកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយផ្ដោតលើជំនាញចំនួន៣៨ នៅក្នុងវិស័យសំខាន់ៗចំនួន១០ រួមមាន វិស័យសំណង់ អគ្គិសនីនិងថាមពល អេឡិកត្រូនិក កម្មន្តសាល មេកានិកទូទៅ មេកានិករថយន្ត ធុរកិច្ច ព័ត៌មានវិទ្យា សេវាកម្ម បរិក្ខារត្រជា ក់និងកម្ដៅ ទេសចរណ៍ កសិកម្ម និងកសិឧស្សាហកម្ម។ ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈនេះ គឺផ្ដោតទៅលើយុវជនចាប់ពីអាយុ១៥ឆ្នាំឡើងទៅ ដែលស្ថិតក្នុងគ្រួសារក្រីក្រ និងងាយរងហានិភ័យ ហើយចំពោះកម្មករកម្មការិនី ក៏អាចទទួលផលពីការបណ្ដុះបណ្ដាលនេះផងដែរ ខណៈអ្នកចូលរួមបណ្ដុះបណ្ដាលពេញម៉ោង និងមានប័ណ្ណក្រីក្រនឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន២៨ម៉ឺនរៀលបន្ថែម៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេច ហ៊ុន ម៉ាណែត កំណត់យកឆ្នាំ២០២៤ ជាឆ្នាំជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីដោះស្រាយបញ្ហាគាំងមួយចំនួន

ព័ត៌មាន
ក្រៅពីកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការស្តារ និងជំរុញវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាបឱ្យរស់ឡើងវិញ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្…

លោក ជេហ្វ្រី ស៊ែក សេដ្ឋវិទូដ៏ល្បីល្បាញលើឆាកអន្តរជាតិ នឹងមកចែករំលែកបទពិសោធន៍ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនៅកម្ពុជា

ព័ត៌មាន
លោក ជេហ្វ្រី ស៊ែក (Jeffrey Sachs) គឺជាប្រធានមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍដោយចីរភាព នៃ សាកលវិទ្យាល័យកូឡុំប៊ី និង ជាប្រធានផ្នែកដោះស្រាយការអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ