វិបត្តិមីយ៉ាន់ម៉ា

ធនាគារពិភពលោកព្យាករថា មីយ៉ាន់ម៉ាអាចប្រឈមនឹងជាប់គាំងសេដ្ឋកិច្ច ចំពេលជម្លោះកំពុងកើនឡើង


ធនាគារពិភពលោកបាននិយាយនៅក្នុងរបាយការណ៍មួយ ដែលបានចេញផ្សាយនៅថ្ងៃអង្គារថា សេដ្ឋកិច្ចដែលហែកហួរដោយវិបត្តិរបស់ប្រទេសមីយ៉ាន់ម៉ា ត្រូវបានគេព្យាករថា នឹងមានកំណើនត្រឹមតែ១%ប៉ុណ្ណោះ ក្នុងរយៈពេលមួយឆ្នាំរហូតដល់ខែមីនា ឆ្នាំ២០២៤ ខណៈដែលការកើនឡើងនូវការតស៊ូប្រឆាំងនឹងរបបយោធាមីយ៉ាន់ម៉ា បានរំខានដល់ពាណិជ្ជកម្មតាមព្រំដែនដ៏ទូលំទូលាយរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានធំៗជាច្រើន។
វិបត្តិមីយ៉ាន់ម៉ា
ដោយ

យោងតាមអ្នកត្រួតពិនិត្យសេដ្ឋកិច្ចមីយ៉ាន់ម៉ា ប្រចាំឆមាសរបស់ធនាគារពិភពលោក បានឱ្យដឹងថា កំណើនផលិតផលក្នុងស្រុកសរុបរបស់មីយ៉ាន់ម៉ាត្រូវបានគេរំពឹងថា នឹងនៅទ្រឹងក្នុងកម្រិតប្រហែល ២% នៅឆ្នាំសារពើពន្ធបន្ទាប់។

ការវាយតម្លៃនេះបានធ្វើឡើងស្របពេល ដែលក្រុមឧត្តមសេនីយរបស់មីយ៉ាន់ម៉ា បានខំប្រឹងកម្ចាត់ក្រុមប្រឆាំង និងការគ្រប់គ្រងរបស់ពួកគេក្នុងតំបន់សំខាន់ៗក្នុងប្រទេសនេះ និងបានបរាជ័យក្នុងការរារាំងកងកម្លាំងតស៊ូចម្រុះ ដោយថ្មីៗនេះបានបង្ខំឱ្យរបបនេះចេញពីតំបន់ព្រំដែនធំៗ ដែលជាកន្លែងផ្ដល់ប្រាក់ចំណូលពាណិជ្ជកម្មយ៉ាងច្រើនសម្រាប់របបយោធាមីយ៉ាន់ម៉ា។

ធនាគារពិភពលោកបាននិយាយថា ការប្រយុទ្ធគ្នាបានប៉ះពាល់ដល់ពាណិជ្ជកម្មរបស់មីយ៉ាន់ម៉ាជាមួយនឹងប្រទេសជិតខាង សម្រាប់ការនាំចេញរហូតដល់៤០% និងការនាំចូលចំនួន២១% ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៣ ហើយថា ផ្លូវដឹកជញ្ជូនសំខាន់ៗនៅប្រទេសនេះត្រូវបានបិទ និងរឹតបន្តឹងការធ្វើដំណើរ និងការធ្វើពាណិជ្ជកម្មទំនិញជាហេតុធ្វើឱ្យខ្វះខាតស្បៀងអាហារ និងទំនិញមូលដ្ឋានផ្សេងទៀតនៅក្នុងទីផ្សារក្នុងស្រុក។

ការប្រែប្រួលតម្លៃរូបិយប័ណ្ណក្យាតរបស់មីយ៉ាន់ម៉ា ការដាច់ចរន្តអគ្គិសនីជាញឹកញាប់ និងអតិផរណាកើនខ្ពស់ ក៏បានរារាំងដល់ដំណើរការអាជីវកម្ម និងជីវភាពគ្រួសារផងដែរ ដោយសារតែវាមាន«កំណើនសេដ្ឋកិច្ចតិចតួច»នៅក្នុងប្រទេសនេះនៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។

ធនាគារពិភពលោកបាននិយាយថា នៅក្រោមការដឹកនាំរបស់របបយោធារបស់លោកឧត្តមសេនីយ មីន អ៊ុងឡាំង (Min Aung Hlaing) មីយ៉ាន់ម៉ា គឺជាប្រទេសតែមួយគត់នៅក្នុងតំបន់អាស៊ីបូព៌ា ដែលសេដ្ឋកិច្ចមិនបានត្រឡប់ទៅរកកម្រិតដូចមុនពេលផ្ទុះឡើងនូវជំងឺរាតត្បាត ពោលគឺនៅតែទាបជាងប្រហែល១០% បើធៀបនឹងកំណើតសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០១៩។

ធនាគារពិភពលោកនិយាយថា បើទោះជាជម្លោះបានធូរស្រាល ក៏ដោយ ប៉ុន្តែកំណើនត្រូវបានគេរំពឹងថា នឹងនៅតែធ្លាក់ចុះដដែលនៅក្នុងរយៈពេលចុងនៃឆ្នាំ២០២៤ និងចូលដល់ឆ្នាំ២០២៥ ដោយសារមានការធ្លាក់ចុះវិស័យកសិកម្ម ផលិតកម្ម និងពាណិជ្ជកម្ម ហើយកំណើននឹងមានកម្រិតដោយសារភាពមិនច្បាស់លាស់ទាក់ទងនឹងជម្លោះនេះបានធ្វើឱ្យប៉ះពាល់ដល់ការប្រើប្រាស់ និងការវិនិយោគ។

នាយកធនាគារពិភពលោកប្រចាំមីយ៉ាន់ម៉ា គឺលោកស្រី ម៉ារៀម សឺម៉េន (Mariam Sherman) បាននិយាយថា ស្ថានភាពសេដ្ឋកិច្ចមីយ៉ាន់ម៉ាកាន់តែយ៉ាប់យ៉ឺន ហើយភាពស្រពេចស្រពិលកំពុងកើនឡើង ហើយថា អតិផរណាម្ហូបអាហារកើនខ្ពស់បានជះឥទ្ធិពលយ៉ាងខ្លាំង ជាពិសេសទៅលើពលរដ្ឋក្រីក្រ ដែលចំណាយមួយផ្នែកធំនៃប្រាក់ចំណូលរបស់ពួកគេលើម្ហូបអាហារ និងអ្នកដែលចូលចិត្តរស់នៅក្នុងតំបន់ ដែលតម្លៃបានកើនឡើងក្នុងល្បឿនលឿនជាងមុន៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឥទ្ធិពលសេដ្ឋកិច្ចឆ្នាំនេះ នៅតែបន្តផលប៉ះពាល់នៃអតិផរណាលើពលរដ្ឋអាម៉េរិក

ព័ត៌មាន
វិបត្តិសេដ្ឋកិច្ចបានធ្វើឲ្យអតិផរណាជះឥទ្ធិពលដល់ពលរដ្ឋសហរដ្ឋអាម៉េរិកជាច្រើនចាប់ពីពាណិជ្ជករ រហូតដល់អ្នកទិញទំនិញប្រើប្រាស់ប្រចាំថ្ងៃ។ បញ្ហានេះបា…

ការស្ទង់មតិបង្ហាញថា ក្រុមហ៊ុនអង់គ្លេស៦០% សម្រេចផ្អាកវិនិយោគនៅចិន ក្រោយបារម្ភពីការធ្លាក់ចុះសេដ្ឋកិច្ច

ព័ត៌មាន
សភាពាណិជ្ជកម្មអង់គ្លេស ប្រចាំប្រទេសចិន បាននិយាយថា ក្រុមហ៊ុនរបស់អង់គ្លេសចំនួន៦០% បានសម្រេចផ្អាកការវិនិយោគរបស់ខ្លួននៅប្រទេសចិន ក្រោយពួកគេគ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ