អាមេរិក-តៃវ៉ាន់

រឿងរ៉ាវព្រឹត្តិការណ៍សំខាន់ៗ ដែលបានកើតឡើងនៅមុន និងអំឡុងដំណើរទស្សនកិច្ចដ៏ព្រឺព្រួចរបស់លោកស្រី Pelosi នៅកោះតៃវ៉ាន់


មនុស្សរាប់លាននាក់ កាលពីយប់ថ្ងៃទី២ សីហា បានតាមដានយ៉ាងដិតដល់ចំពោះ ដំណើរទស្សនកិច្ចរបស់លោកស្រី ណានស៊ី ផេឡូស៊ី ប្រធានសភាអាមេរិក ទៅកាន់កោះតៃវ៉ាន់ ហើយនៅទីបំផុត យន្ដហោះយោធាអាមេរិក ដែលបានដឹកលោកស្រី និងគណៈប្រតិភូអមដំណើរ បានចុះចតនៅព្រលានយន្ដហោះទីក្រុងតៃប៉ិនៅម៉ោងប្រមាណ៩កន្លះយប់ (ម៉ោងនៅកម្ពុជា)។ អ្វីដែលគេចាប់អារម្មណ៍នោះ គឺមានព្រឹត្តិការណ៍ដ៏រំជើបរំជួលជាច្រើនបានកើតឡើងនៅមុន និងអំឡុងដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាស់មួយនេះ។
រឿងរ៉ាវព្រឹត្តិការណ៍សំខាន់ៗ ដែលបានកើតឡើងនៅមុន និងអំឡុងដំណើរទស្សនកិច្ចដ៏ព្រឺព្រួចរបស់លោកស្រី Pelosi នៅកោះតៃវ៉ាន់ (រូបភាព៖ AP)
ដោយ

តាមរយៈការដកស្រង់នូវការចុះផ្សាយ​ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន ខេមបូណូមីស​បានស្រង់យកនូវ​ខ្លឹមសារ​ព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗ មួយចំនួន ដែលបាន​អង្រួនដោយ​ប្រព័ន្ធផ្សព្វផ្សាយធំៗ ជុំវិញដំណើរទស្សនកិច្ច​ដ៏ព្រឺព្រួច​របស់​លោកស្រី ផេឡូស៊ី នៅកោះតៃវ៉ាន់។

នៅមុន​ដំណើរទស្សនកិច្ចរបស់លោកស្រីប្រធានសភាអាមេរិកទៅដល់ កោះតៃវ៉ាន់ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកលោក John Kirby បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងវ៉ាស៊ីនតោនថា៖ «អាមេរិកប្រមើលមើលរួចហើយថា ការឆ្លើយតបរបស់ចិនជុំវិញដំណើរទស្សនៈកិច្ចនេះ អាចរួមមានការបាញ់មីស៊ីលប្រឆាំងណាមួយនៅជិតកោះតៃវ៉ាន់ សមយុទ្ធយោធាតាមផ្លូវអាកាស ឬកងទ័ពជើងទឹកទ្រង់ទ្រាយធំណាមួយ ដូចជាការអះអាងរបស់ទីក្រុងប៉េកាំងកន្លងមកថា ច្រកសមុទ្រតៃវ៉ាន់មិនមែនជាផ្លូវទឹកអន្តរជាតិនោះឡើយ»។ ក៏ប៉ុន្ដែ នៅទីបំផុត ពោលគឺនៅយប់ថ្ងៃទី ២ ខែសីហា លោកស្រី ផេឡូស៊ី បានទៅដល់​ទីក្រុងតៃប៉ិ​ ដោយសុវត្ថិភាព តាមការគ្រោងទុក។ ទោះយ៉ាងណា គេតាមដានដឹងថា យន្ដហោះរបស់លោកស្រី មិនបាន​ហោះឆ្លងកាត់សមុទ្រចិនខាងត្បូងនោះទេ ប៉ុន្ដែ បានហោះវាង​តំបន់នោះ ដ្បិតថា នៅមុន​ដំណើរទស្សនកិច្ច ប្រទេសចិន​បានគំរាម​នឹងប្រើប្រាស់កម្លាំង ហើយក៏មានការកំញើញ​ ដោយសកម្មភាពយោធា​ជាច្រើន​នៅតំបន់នោះផងដែរ។

ទីក្រុងប៉េកាំង​នៅព្រឹកថ្ងៃទី ២ សីហានេះដែរ ក៏បានបញ្ជាឲ្យយន្ដហោះចម្បាំងជាច្រើនគ្រឿង ហោះឆ្វែលនៅក្បែរច្រកដែនសមុទ្រតៃវ៉ាន់ផងដែរ នៅមុនលោកស្រី ផេឡូស៊ីទៅដល់កោះតៃវ៉ាន់។ ខណៈដែល នៅរសៀលថ្ងៃទី ០២ ខែសីហាដដែលនោះ កងទាហានជើងទឹកសហរដ្ឋអាមេរិក ក៏បានដាក់ពង្រាយនាវាចម្បាំងរបស់ខ្លួនចំនួន៤ នៅភាគខាងកើតកោះតៃវ៉ាន់ នៅមុនដំណើរទស្សនកិច្ចរបស់លោកស្រីផេឡូស៊ី ប្រធានសភាអាមេរិកទៅដល់កោះតៃវ៉ាន់ដូចគ្នា។ ខណៈដែលខាងខាងភាគីតៃវ៉ាន់ឯណោះវិញ ក៏បានប្រកាសឲ្យកងកម្លាំងរបស់ខ្លួន ប្រុងជើងការខ្ពស់ ក្នុងកម្រិតអាសន្នត្រៀមប្រយុទ្ធ ចាប់តាំងពីព្រឹក ថ្ងៃអង្គារ ដល់ថ្ងៃព្រហស្បតិ៍ពេលថ្ងៃត្រង់ នៅសប្ដាហ៍នេះផងដែរ។

ទោះបីជាមានការថ្កោលទោសគំរាមកំហែងដោយផ្លូវការទូត និងសកម្មភាពយោធាក្ដី ប៉ុន្ដែ លោកស្រី ផេឡូស៊ី នៅតែក្លាហានទៅជាន់ដីតៃវ៉ាន់ទាល់តែបាន ហើយក៏ត្រៀមជួបពិភាក្សាជាមួយនឹង​មេដឹកនាំតៃវ៉ាន់​លោកស្រី សៃ អ៊ីនវេនផងដែរ។

គ្រាន់តែទៅដល់ទីក្រុងតៃប៉ិភ្លាម លោកស្រី ផេឡូស៊ី បាន​លើកឡើងថា ដំណើរទស្សនកិច្ច​នេះ គឺបញ្ជាក់ពីការគាំទ្រ​ការប្ដេជ្ញាចិត្ត​របស់អាមេរិក ក្នុងការគាំទ្រ​ប្រជាធិបតេយ្យ​របស់តៃវ៉ាន់តែប៉ុណ្ណោះ។ លោកស្រីបន្ថែមថា ស្សនកិច្ច​នេះ មិន​ផ្ទុយ​នឹង​គោលនយោបាយ​របស់​អាមេរិក ដែលមាន​ចំពោះ​តៃវ៉ាន់​ឡើយ ហើយ​អាមេរិក​​បន្ត​ជំទាស់​សកម្មភាព​ឯកតោភាគី ក្នុងការ​ផ្លាស់ប្តូរ​ស្ថានភាព​បច្ចុប្បន្ន​។ មិនតែប៉ុណ្ណោះ តំណាង​សភា​អាមេរិក នឹង​ជជែក​ជាមួយ​តៃវ៉ាន់​ជុំវិញ​ប្រធានបទ​លើ​ផលប្រយោជន៍​រួម ការពង្រឹង​យុទ្ធសាស្ត្រ​សេរី និង​បើកចំហ​ក្នុង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​ជាដើម​។​

យ៉ាងណាមិញ នៅក្រោយពេល​លោកស្រី ផេឡូស៊ី បានចតយន្ដហោះដល់​ដីតៃវ៉ាន់ភ្លាម រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បាននិយាយកាលពីថ្ងៃអង្គារ ទី២សីហាថា អ្នកនយោបាយអាមេរិកទាំងនោះដែល "ហ៊ានប្រលែងលេងជាមួយភ្លើង" លើបញ្ហាតៃវ៉ាន់នឹង "មិនបញ្ចប់ទៅដោយល្អនោះទេ” នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន។

ប្រភពព័ត៌មានពី CGT បានឲ្យដឹងថា ក្រសួងការពារជាតិចិន ក៏បាន​ដាក់ឲ្យមានការ​ប្រុងជើងការខ្ពស់ ដោយនឹងចាប់ផ្តើមប្រតិបត្តិការយោធាតាមគោលដៅជាបន្តបន្ទាប់ ដែលជាវិធានការតបត និងការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។ នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិលោក Wu Qian បាននិយាយកាលពីថ្ងៃអង្គារ បន្ទាប់ពីការមកដល់របស់ប្រធានសភាតំណាងរាស្រ្តអាមេរិក Nancy Pelosi នៅកោះតៃវ៉ាន់។

ជាមួយគ្នានេះ បញ្ជាការដ្ឋានភាគខាងកើតនៃកងទ័ពរំដោះប្រជាជន (PLA) នឹងធ្វើប្រតិបត្តិការយោធាជាបន្តបន្ទាប់ជុំវិញ​កោះតៃវ៉ាន់ ចាប់ពីយប់ថ្ងៃទី២ សីហាតទៅតែម្ដង។ នេះបើយោងតាម វរសេនីយ៍ឯក Shi Yi អ្នកនាំពាក្យនៃបញ្ជាការដ្ឋានភាគខាងកើតរបស់កងរំដោះប្រជាជនចិន ដែលបានបាននិយាយកាលពីថ្ងៃអង្គារទី២សីហា។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃច័ន្ទទី១ សីហា ក៏បានផ្ញើសារឱ្យប្រទេសចិន ធ្វើសកម្មភាពទាំងឡាយណាប្រកបដោយការទទួលខុសត្រូវ និង «កុំឲ្យចិនយកលេសនៃដំណើរទស្សនកិច្ចនៅតៃវ៉ាន់នេះ ធ្វើឲ្យស្ថានការណ៍កាន់តែអាក្រក់នោះ»។

បើក្រឡេកមើលផ្លូវការទូតឯណេះវិញ លោក Zhang Jun ឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទបានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «ដំណើរទស្សនកិច្ចបែបនេះទំនងជាគ្រោះថ្នាក់ខ្លាំងណាស់ ហើយប្រាកដណាស់ វានឹងធ្វើឱ្យប្រេះឆាដល់ទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិកផងដែរ»។

លោក Zhang បានបន្ថែមធ្ងន់ៗថា «ទំនោររបស់តៃវ៉ាន់ឆ្ពោះទៅរកឯករាជ្យភាព បានឆាបឆួលស្រាប់ទៅហើយ ប្រសិនបើចិនមិនចាត់វិធានការសមស្របដើម្បីបញ្ឈប់វាទេ ស្ថានភាពអាចនឹងពិបាកក្នុងការគ្រប់គ្រង។

សូមបញ្ជាក់ថា លោកស្រី ផេឡូស៊ី នឹងត្រូវជួបជាមួយ​មេដឹកនាំកំពូលរបស់តៃវ៉ាន់ លោកស្រី សៃ អ៊ីងវេន នៅថ្ងៃពុធទី៣ សីហា និងមានការទទួលទាន​អាហារថ្ងៃត្រង់ជាមួយគ្នាផងដែរ។ លោកស្រី ផេឡូស៊ី គឺជា​មេដឹកនាំ​នយោបាយ​ជាន់ខ្ពស់បំផុត​មួយ ដែលបាន​ធ្វើដំណើរទស្សនកិច្ច​មកកាន់កោះតៃវ៉ាន់ រាប់ចាប់តាំងពីឆ្នាំ១៩៩៧មក។ មុនធ្វើដំណើរមកដល់កោះតៃវ៉ាន់ ប្រធានសភាអាមេរិករូបនេះ បាន​ទស្សនកិច្ច​នៅប្រទេសតំបន់អាស៊ីមួយចំនួនដូចជា សិង្ហបុរី និងម៉ាឡេស៊ី។ ហើយក្រោយពីចាកចេញពីតៃវ៉ាន់ លោកស្រី នឹងបន្ដដំណើរទស្សនកិច្ច​ទៅកាន់ប្រទេស​កូរ៉េខាងត្បូង និងជប៉ុន៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃប្រេងឆៅបន្ដធ្លាក់ចុះ ចំពេលសកម្មភាពផលិតនៃរោងចក្រក្នុងប្រទេសចិនត្រូវបានកាត់បន្ថយ

ព័ត៌មាន
តម្លៃប្រេងបានធ្លាក់ចុះក្នុងថ្ងៃចន្ទ ទី ១ ខែ សីហាដើមសប្តាហ៍នេះ ដោយសារតម្រូវការនៃផលិតកម្មធ្លាក់ចុះក្នុងប្រទេសចិន និង ជប៉ុន ក្នុងខែកក្កដា ហើយ…

តើកម្ពុជាបានសងបំណុលដែលជំពាក់អន្តរជាតិប៉ុន្មានហើយ និងជំពាក់ប៉ុន្មានទៀត?

ព័ត៌មាន
មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអះអាងថា គោលដៅនៃការខ្ចីបំណុលពីបរទេស សុទ្ធតែសម្រាប់ហិរញ្ញប្បទានលើគម្រោងនិយោគសាធារណៈ ក្នុងវិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ