ធនាគារជាតិ

ធនាគារជាតិចាត់ទុកការសិក្សាពីប្រវត្តិសេដ្ឋកិច្ច និងរូបិយវត្ថុ គឺជាមូលដ្ឋានគ្រឹះនៃការសម្រេចចិត្តសម្រាប់យុវជន


ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជាបានចាត់ទុកការយល់ដឹងពីប្រវត្តិសាស្ត្រទូទៅ ជាពិសេសប្រវត្តិសាស្ត្រផ្នែកសេដ្ឋកិច្ច និងរូបិយវត្ថុ គឺជារឿងចាំបាច់សម្រាប់យុវជនក្នុងការសិក្សាស្វែងយល់ ដ្បិតថា វាមិនត្រឹមតែផ្តល់ចំណេះដឹងទាក់ទងប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងផ្តល់ជាមូលដ្ឋានគ្រឹះសម្រាប់យុវជនក្នុងការសម្រេចចិត្តនៅពេលបច្ចុប្បន្ន និងទៅអនាគតផងដែរ។
ធនាគារជាតិ
ដោយ

ដើម្បីលើកកម្ពស់ការយល់ដឹងផ្នែកហិរញ្ញវត្ថុក្នុងស្រទាប់យុវជន សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន នៃធនាគារជាតិនៃកម្ពុជា(ស.ស.រ)បានចុះអនុសារណៈនៃការយោគយល់គ្នាជាមួយសមាគមធនាគារនៅកម្ពុជាកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ សំដៅជួយសម្រួលនិងផ្តល់អត្ថប្រយោជន៍ដល់សិស្សានុសិស្សនៅតាមសាលារដ្ឋ។​​
លោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិ នៃកម្ពុជា លើកទឹកចិត្តឱ្យយុវជនគួរសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រពាក់ព័ន្ធនឹងសេដ្ឋកិច្ច និងការវិវត្តន៍នៃរូបិយវត្ថុរបស់កម្ពុជាឱ្យបានស៊ីជម្រៅ និងច្បាស់លាស់បន្ថែមទៀត។

ការលើកទឹកចិត្តបែបនេះ ក៏ដោយសារលោកជំទាវយល់ឃើញថា ការសិក្សាពីប្រវត្តិសាស្រ្តទូទៅ ជាពិសេស ប្រវត្តិសាស្រ្តផ្នែកសេដ្ឋកិច្ចនិងរូបិយវត្ថុវាមិនត្រឹមតែជួយឱ្យយុវជនយល់ដឹងពីអតីតកាលប៉ុណ្ណោះទេ ថែមទាំងជួយផ្តល់ជាមូលដ្ឋានគ្រឹះសម្រាប់យុវជនក្នុងការសម្រេចចិត្តនៅក្នុងពេលបច្ចុប្បន្ន និងទៅអនាគតផងដែរ។ សម្រាប់លោកជំទាវ ជា សិរី ការយល់ដឹងពីប្រវត្តិសាស្ត្រផ្នែកសេដ្ឋកិច្ច និងរូបិយវត្ថុ គឺជារឿងចាំបាច់សម្រាប់យុវជន។
ជាក់ស្តែងដើម្បីចូលរួមចំណែកជួយលើកកម្ពស់ការអប់រំផ្នែកហិរញ្ញវត្ថុដល់យុវជន និងសិស្សានុសិស្សនៅតាមសាលារដ្ឋ សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន នៃធនាគារជាតិ នៃកម្ពុជា និងសមាគមធនាគារនៅកម្ពុជា (ABC) បានចុះអនុសារណៈនៃការយោគយល់គ្នាកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។ ការចុះអនុសារណៈនៃការយោគយល់គ្នា ដែលធ្វើឡើងនៅសារមន្ទីរ ស.ស.រ នេះ ធ្វើឡើងក្រោមវត្តមានរបស់លោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា។

លោក ប្លែស គីលីយ៉ង់ សហប្រធាននៃសារមន្ទីរ ស.ស.រ បានចាត់ទុកភាពជាដៃគូនេះ គឺជាកិច្ចសហប្រតិបត្តិការដ៏សំខាន់ ដែលវានឹងរួមចំណែកជួយផ្តល់ឱកាសដល់គ្រឹះស្ថានអប់រំរដ្ឋនាំសិស្សានុសិស្សរាប់ពាន់នាក់មកសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រនានា ពិសេសទាក់ទងសេដ្ឋកិច្ច និងរូបិយវត្ថនៅសារមន្ទីរ ស.ស.រ នៅក្នុងឆ្នាំនេះ។ អ្នកជំនាញរូបនេះបានចាត់ទុកការលើកកម្ពស់ការអប់រំផ្នែកហិរញ្ញវត្ថុ គឺជាកត្តាសំខាន់មួយសម្រាប់ការជួយជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយប‍រិ‍យាបន្ននៅកម្ពុជា។

ជាមួយគ្នានេះ លោក Raymond Sia ប្រធានសមាគមធនាគារនៅកម្ពុជាបានលើកឡើងថា តាមរយៈគំនិតផ្តួចផ្តើមនេះ ភាគីទាំងអស់នឹងសម្របកិច្ចខិតខំប្រឹងប្រែងឱ្យស្របតាមគោលការណ៍ហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពរបស់កម្ពុជា និងបានបង្ហាញពីតួនាទីរបស់វិស័យធនាគារក្នុងការចូលរួមកសាងសមត្ថភាព និងលើកកម្ពស់ការយល់ដឹងសម្រាប់អនាគតប្រកបដោយនិរន្តរភាព និងបរិយាបន្ន។ លោកជឿជាក់ថា ការអប់រំបង្កើនចំណេះដឹងតាមរយៈកិច្ចសហការនេះ គឺជាការវិនិយោគផ្ទាល់លើស្ថិរភាព ភាពរឹងមាំ និងភាពធន់ផ្នែកហិរញ្ញវត្ថុនាពេលអនាគតនៃវិស័យធនាគារ ក៏ដូចជាសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា។

តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ សមាគមធនាគារនៅកម្ពុជានឹងអំពាវនាវឱ្យសមាជិករបស់ខ្លួន ផ្ដល់មូលនិធិ ដើម្បីគាំទ្រការទៅទស្សនកិច្ចសារមន្ទីរ ស.ស.រ ដោយផ្តល់ឱកាសសិក្សាបន្ថែមដល់សិស្សានុសិស្សនៅតាមគ្រឹះស្ថានអប់រំរដ្ឋនៅទូទាំងប្រទេស និងផ្តល់ឱកាសទស្សនកិច្ចពីរដងទៅកាន់សារមន្ទីរ ស.ស.រ សម្រាប់សិស្សានុសិស្សនៅតាមគ្រឹះស្ថានអប់រំរដ្ឋក្នុងឆ្នាំ២០២៤ ហើយភាពជាដៃគូនេះ ក៏នឹងផ្តោតលើការផ្សព្វផ្សាយកិច្ចខិតខំប្រឹងប្រែង ផ្នែកទំនួលខុសត្រូវសង្គមរបស់សាជីវកម្មក្នុងវិស័យធនាគារកម្ពុជា ជាពិសេសតួនាទីរបស់វិស័យធនាគារក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ។

អនុស្សរណៈនៃការយោគយល់គ្នានេះដែលមានសុពលភាពរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ គឺជាសក្ខីភាពមួយបង្ហាញពីអំណាចនៃភាពជាដៃគូ ក្នុងការជំរុញកំណើនប្រកបដោយបរិយាបន្ន និងការប្តេជ្ញាចិត្តរបស់អង្គភាពទាំងពីរចំពោះអនាគតយុវជនខ្មែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារ វីង លើកទឹកចិត្តដល់ពលរដ្ឋកម្ពុជាសន្សំដើម្បីសម្រេចគោលដៅ

ព័ត៌មាន
មិនថាការសន្សំសម្រាប់អាពាហ៍ពិពាហ៍ ថវិកាទំនុកបម្រុងសម្រាប់ការសិក្សារបស់កូនៗ ការទិញផ្ទះក្នុងក្តីស្រមៃ ឬបណ្តាក់ទុនរួមគ្នាដើម្បីបើកអាជីវកម្មក្ត…

ធនាគារ ស៊ិនហាន ចុះកិច្ចព្រមព្រៀងជាដៃគូអាជីវកម្មយុទ្ធសាស្ត្រប៊េងកាសួរេនរយៈពេលវែងជាមួយនឹង​​ ហ្វតតេ អុិនសួរឹនស៍ និង​ ហ្វតតេ ឡាយហ្វ៍ ដើម្បីការពារហិរញ្ញវត្ថុប្រកបដោយទំនុកចិត្ត

ព័ត៌មាន
ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៤ បានប្រកាសភាពជាដៃគូអាជីវកម្មយុទ្ធសាស្ត្រប៊េងកាសួរេន ប្រកបដោយនវានុវត្តន៍ ជាមួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ