កម្ពុជាមិនបានអនុញ្ញាតឲ្យជនជាតិចិន ចាយវាយក្រដាសប្រាក់យ័ន នៅកម្ពុជានោះទេ

ធនាគារជាតិអះអាងថា កម្ពុជាមិនបានអនុញ្ញាតឲ្យជនជាតិចិន ចាយវាយក្រដាសប្រាក់យ័ន នៅកម្ពុជានោះទេ


លោកជំទាវ ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជាអះអាងថា ធនាគារជាតិពុំបានអនុញ្ញាតឲ្យជនជាតិចិន ចាយក្រដាសប្រាក់យ័នសម្រាប់ទូទាត់ថ្លៃទំនិញ ឬសេវាកម្មនៅកម្ពុជានោះទេ។ ការចេញមកអះអាងបែបនេះធ្វើឡើងក្រោយមានសារព័ត៌មានមួយចំនួនចុះផ្សាយថា កម្ពុជាអនុញ្ញាតឲ្យជនជាតិចិនអាចប្រើក្រដាសប្រាក់ ឬលុយយ័នរបស់ចិនដោយផ្ទាល់ក្នុងការទូទាត់ថ្លៃទំនិញ ឬសេវាកម្មនៅក្នុងទីផ្សារកម្ពុជា ហើយព័ត៌មាននេះត្រូវបានចែកចាយនៅលើបណ្តាញសង្គមនានា ដែលធ្វើឲ្យមហាជនមួយចំនួនមានការយល់ច្រឡំ។
កម្ពុជាមិនបានអនុញ្ញាតឲ្យជនជាតិចិន ចាយវាយក្រដាសប្រាក់យ័ន នៅកម្ពុជានោះទេ
ដោយ

ការយល់ច្រឡំនេះបានកើនឡើងបន្ទាប់ពីធនាគារជាតិនៃកម្ពុជាបានចុះអនុសារណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុនហិរញ្ញវត្ថុរបស់ចិនមួយ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទូទាត់សងប្រាក់ឆ្លងព្រំដែនរវាងប្រទេសទាំងពីរតាម QR Code របស់ប្រព័ន្ធបាគងរបស់ធនាគារជាតិនៃកម្ពុជា និង QR Code របស់ក្រុមហ៊ុនចិនដ៏ធំមួយនេះ។ លោកជំទាវ ជា សិរី សង្កត់ធ្ងន់ថា តាមរយៈភាពជាដៃគូនេះ គឺអនុញ្ញាតឲ្យប្រជាជននៃប្រទេសទាំងពីរចាយប្រាក់ដែលជារូបិយបណ្ណរបស់ខ្លួន តាមតែប្រព័ន្ធអេឡិចត្រូនិកប៉ុណ្ណោះ។

ទេសាភិបាលរងធនាគារជាតិនៃកម្ពុជារូបនេះបានគូសបញ្ជាក់ថា កត្តាដែលជំរុញ​ឲ្យ​ធនាគារជាតិ​នៃកម្ពុជា​សម្រេចចុះអនុសារណៈនៃការយោគយល់គ្នានេះ គឺដើម្បីលើកកម្ពស់ និងពង្រីកវិសាលភាពការចាយប្រាក់រៀលឲ្យកាន់តែទូលំទូលាយ និងល្អប្រសើរបន្ថែមទៀត។

ម្យ៉ាងទៀត គឺដើម្បីជួយសម្រួលការទូទាត់ឆ្លងព្រំដែនរវាងប្រជាជននៃ​ប្រទេសទាំងពីរ​ឲ្យកាន់តែមានភាពងាយស្រួលបន្ថែមទៀត ព្រោះតាមរយៈភាពជាដៃគូនេះប្រជាជន ឬភ្ញៀវទេសចរនៃប្រទេសទាំងពីរមិនពិបាកប្តូររូបិយបណ្ណ ពេលធ្វើដំណើរកម្សាន្តចូល​មកកម្ពុជា ឬទៅប្រទេសចិន ដោយគ្រាន់តែស្កេន QR Code របស់ប្រព័ន្ធបាគង និង Union Pay សម្រាប់ទូទាត់ជាការស្រេច។ ថ្នាក់ដឹកនាំរូបនេះអះអាងថា ការធ្វើកិច្ចសហប្រតិបត្តិការ​ទូទាត់ឆ្លងដែនតាម QR Code នេះ កម្ពុជាបានធ្វើជាមួយប្រទេសថៃ​រួចមកហើយ ហើយបច្ចុប្បន្នកំពុងរៀបចំនីតិវិធីដើម្បីភ្ជាប់ជាមួយវៀតណាម និងឡាវបន្ថែមទៀត។

លោកជំទាវ ជា សិរី បានគូសបញ្ជាក់បន្ថែមថា ការធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន​ចិន Union Pay ក៏ជាផ្នែកមួយដើម្បីចូលរួមចំណែកជួយលើកកម្ពស់ និងជំរុញការសន្សំប្រាក់​ជាប្រាក់រៀល​របស់ប្រជាជននៅកម្ពុជាផងដែរ ព្រោះតាមរយៈកិច្ចសហការនេះ​តម្រូវ​ប្រជាជនកម្ពុជា​ត្រូវមានគណនីយសន្សំជាប្រាក់រៀល​ទើបអាចធ្វើប្រតិបត្តិការនៅប្រទេសចិន ឬប្រទេសថៃបាន។ លោកជំទាវកត់សម្គាល់ឃើញថា ប្រជាជនកម្ពុជាហាក់មិនសូវចូលចិត្ត​សន្សំប្រាក់ជារូបិយបណ្ណជាតិ ពោលគឺគណនីយសន្សំរបស់ប្រជាជនកម្ពុជា​ភាគច្រើន​ជាលុយដុល្លារ។

ពាក់ព័ន្ធនឹងទំហំទូទាត់ប្រចាំថ្ងៃក្រោមកិច្ចសហការរវាងធនាគារជាតិនៃកម្ពុជាជាមួយក្រុមហ៊ុន Union Pay លោកជំទាវ ជា សិរី បានលើកឡើងថា ទំហំទូទាត់ប្រចាំថ្ងៃរបស់អតិថិជន វាអាស្រ័យលើការកំណត់របស់ធនាគារ ដែលជាដៃគូសហការនីមួយៗរបស់ប្រព័ន្ធបាគង និង Union Pay។ បច្ចុប្បន្នកម្មវិធីបាគងរបស់ធនាគារជាតិនៃកម្ពុជាមានទាញយកទៅប្រើប្រាស់ដោយផ្ទាល់ជិត ៦០ម៉ឺនគណនី និងប្រើប្រាស់ដោយប្រយោលតាមរយៈធនាគារផ្សេងៗ​មានជាង១០លានគណនី៕




អត្ថបទបន្ទាប់


ទីបំផុតអ៊ុយក្រែនទទួលបានគ្រាប់បែកចង្កោមពីអាមេរិកមែន ប៉ុន្ដែសន្យាប្រើប្រាស់មាន«ដែនកំណត់»

ព័ត៌មាន
ដូចអ្វីដែលគេគិតទុកមិនខុសមែន បើទោះបីជា មានការជំទាស់ពីសហគមន៍អន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិយ៉ាងណាក្តី អ៊ុយក្រែននៅទីបំផុតបានទទួលគ្…

តើចំណេះដឹងហិរញ្ញវត្ថុរបស់ពលរដ្ឋបច្ចុប្បន្ន ដើរទាន់នឹងការរីកលូតលាស់ក្នុងវិស័យ ហិរញ្ញវត្ថុកម្ពុជាកម្រិតណា?

ព័ត៌មាន
ការវិវឌ្ឍរបស់វិស័យហិរញ្ញវត្ថុកម្ពុជានៅរយៈពេល៥ឆ្នាំចុងក្រោយនេះ ហាក់មានការរីកលូតលាស់លឿនគួរឱ្យកត់សម្គាល់ទាំងផលិតផល សេវាកម្ម និងបច្ចេកវិទ្យ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ