ការចិញ្ចឹមជ្រូក

អ្នកចិញ្ចឹមជ្រូកខ្នាតតូចសមាជិករបស់សមាគមអ្នកចិញ្ចឹមសត្វប្រមាណ៩០% បានបោះបង់ការចិញ្ចឹម


ការធ្លាក់ចុះតម្លៃជ្រូករស់បានធ្វើឱ្យកសិករជាអ្នកចិញ្ចឹមខ្នាតតូចប្រមាណ៩០% ដែលជាសមាជិករបស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានបោះបង់ចោលការចិញ្ចឹម ខណៈនៅតាមកសិដ្ឋាន និងក្រុមហ៊ុនមួយចំនួនទៀត ក៏ចាប់ផ្ដើមកាត់បន្ថយចំនួនជ្រូកក្នុងទ្រុងដែរ ដោយសារបារម្ភពីការខាតបង់ធ្ងន់ធ្ងរពីការធ្លាក់ចុះនៃតម្លៃនៅលើទីផ្សារ។ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានព្រមានថា ប្រសិនបើការធ្លាក់ចុះតម្លៃជ្រូករស់នៅលើទីផ្សារបន្តអូសបន្លាយកាន់តែយូរ នោះនឹងធ្វើឱ្យកសិករចិញ្ចឹមជ្រូកខ្នាតតូចដែលនៅសល់ប្រមាណ១០% អាចនឹងបោះបង់ចោលការចញ្ចឹមរបស់ខ្លួនផងដែរ។
ការចិញ្ចឹមជ្រូក
ដោយ

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានអះអាងថា មកទល់ពេលនេះយ៉ាងហោចណាស់មានអ្នកចិញ្ចឹមជ្រូក ដែលជាសមាជិករបស់សមាគមប្រមាណ៩០% ត្រូវបានបោះបង់ការចិញ្ចឹម ដោយសារមិនអាចទ្រាំទ្រនឹងខាតបង់ ដែលកើតចេញពីការធ្លាក់ថ្លៃនៃតម្លៃជ្រូករស់នៅក្នុងស្រុក។ បើតាមការះអាងរបស់ប្រធានសមាគមរូបនេះ បច្ចុប្បន្នតម្លៃជ្រូករស់នៅកម្ពុជា នៅតំបន់មួយចំនួនបានធ្លាក់ចុះមកនៅត្រឹមចន្លោះពីពីជាង៥ពាន់រៀលទៅ៦ពាន់រៀលតែប៉ុណ្ណោះក្នុង១គីឡូក្រាម ដែលជាតម្លៃមួយទាបមែនទែនបើធៀបនឹងតម្លៃដែលបានលក់ចេញកាលពីពេលកន្លងទៅ។ ប្រធានសមាគមរូបនេះបានព្រមានថា ការចិញ្ចឹមជ្រូកខ្នាតតូចរបស់កសិករអាចនឹងផ្អាកការចិញ្ចឹមទាំងស្រុងតែម្តង ប្រសិនបើបញ្ហានេះបន្តអូសបន្លាយ មិនមានដំណោះស្រាយសមស្រប។

ការធ្លាក់ថ្លៃតម្លៃជ្រូករស់យ៉ាងគំហុកនេះមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ការចិញ្ចឹមខ្នាតតូចនោះទេ សូម្បីការចិញ្ចឹមជាលក្ខណៈកសិដ្ឋាន និងក្រុមហ៊ុន ក៏ទទួលរងនូវបញ្ហានេះដែរ។ បើតាមការលើកឡើងរបស់លោក ស៊្រុន ពៅ បច្ចុប្បន្នមានកសិដ្ឋាន និងក្រុមហ៊ុនចិញ្ចឹមជ្រូកមួយចំនួនបានបង្ខំចិត្តកាត់បន្ថយចំនួនមេជ្រូក ដោយសារតែមិនអាចទ្រាំទ្រការខាតបង់តទៅមុខទៀតបាន។ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជារូបនេះបានចាត់ទុកការហូរចូលសាច់បង្កកច្រើនហួសហេតុមកកម្ពុជា គឺដើមហេតុធ្វើឱ្យតម្លៃសាច់ជ្រូករស់ធ្លាក់ថ្លៃរហូតមានការបោះបង់ចោលការចិញ្ចឹមជាបណ្ដើរៗ ខណៈតម្លៃសាច់ដែលដាក់លក់លើទីផ្សារនៅតែថ្លៃដដែល ដែលវានឹងបង្កផលប៉ះពាល់ដល់ជីវភាពរបស់ពលរដ្ឋ។

ពាក់ព័ន្ធនឹងការនាំចូលសាច់បង្កកនេះដែរ ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធរឹតបន្តឹងការនាំចូលសាច់គ្មានគុណភាព និងត្រូវកម្រិតស្តង់ដារឱ្យបានច្បាស់លាស់ ព្រមទាំងបង្រ្កាបការនាំចូលទំនិញខុសច្បាប់ ព្រោះការហូរចូលដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវនឹងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អ្នកផលិត។ ជាមួយគ្នានេះ អ្នកជំនួញរូបនេះ ស្នើឱ្យអ្នកពាក់ព័ន្ធត្រូវងាកមកប្រើប្រាស់វត្ថុធាតុដើម និងផលិតផល ដែលមានស្រាប់នៅក្នុងប្រទេស ដើម្បីលើកកម្ពស់ចំណូលសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា នៅក្នុងវេទិកាផ្សព្វផ្សាយវិធានការសម្រួលពាណិជ្ជកម្មក្រោមដែនសមត្ថកិច្ចគយ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានគូសបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមិនទាន់មានលទ្ធភាពផ្គត់ផ្ដង់សាច់ ដែលមានគុណភាពល្អ១០០% បាននៅឡើយទេ ជាពិសេសនៅតាមសណ្ឋាគារ និងភោជនីយដ្ឋានទំនើបៗ ដែលមានតម្រូវការសាច់ ដែលមានគុណភាពល្អ។ កត្តានេះបានជំរុញឱ្យកម្ពុជាត្រូវនាំសាច់ដែលមានគុណភាពល្អ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ។ មន្រ្តីជំនាញរូបនេះអះអាងទៀតថា ស្ថិតក្រោមក្របខណ្ឌទីផ្សារសេរី កម្ពុជាមិនអាចហាមឃាត់ការនាំចូលសាច់បង្កកស្របច្បាប់ពីខាងក្រៅបានឡើយ ប៉ុន្តែរាល់ការនាំចូលសាច់បង្កកពីទីផ្សារខាងក្រៅត្រូវគោរពតាមវិធានការច្បាប់ និងមានវិញ្ញាបនបត្របញ្ជាក់ពីគុណភាពពីប្រទេសនាំចេញ៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋាភិបាលរំពឹងវត្តមាននាវា Westerdam នឹងធ្វើឱ្យពិភពលោកកាន់តែស្គាល់កម្ពុជា ខណៈអ្នកជំនាញស្នើឱ្យមានការទាក់ទាញទេសចរតាមផ្លូវទឹកបន្ថែម

ព័ត៌មាន
ដូចការគ្រោងទុក នាវាទេសចរណ៍ Westerdam របស់សហរដ្ឋអាម៉េរិក ដែលមានអ្នករួមដំណើរប្រមាណជាង២ពាន់នាក់ បានចូលចតសាជាថ្មីម្ដងទៀតនៅកំពង់ផែស្វយ័ត…

ក្រុមហ៊ុនចិន BYD អាចនឹងវ៉ាដាច់ Tesla ក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតរបស់ពិភពលោក

ព័ត៌មាន
ក្រុមហ៊ុនចិន BYD អាចនឹងវ៉ាដាច់ក្រុមហ៊ុនអាម៉េរិក Tesla ក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) ធំបំផុត និងលក់ដាច់បំផុតរបស់ពិភពលោកក្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ