ការចិញ្ចឹមជ្រូក

តម្លៃជ្រូករស់បច្ចុប្បន្នបានរើបឡើងបន្តិច តែកសិករនៅតែប្រឈមការខាត


ស្របពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាមខិតជិតចូលមកដល់ យើងសង្កេតឃើញតម្លៃជ្រូករស់នៅកម្ពុជា ដែលបានធ្លាក់ថ្លៃចុះដល់៦ពាន់រៀលក្នុងមួយគីឡូក្រាម បានរើបឡើងបន្តិចដល់ជាង៧ពាន់រៀលក្នុងមួយគីឡូក្រាម។ ប៉ុន្តែបើតាមការអះអាងរបស់កសិករ ដែលជាអ្នកចិញ្ចឹមជ្រូក តម្លៃប៉ុណ្ណឹងមិនទាន់អាចផ្តល់ប្រាក់ចំណេញដល់ពួកគេនៅឡើយទេ ពោលគឺពួកគេនៅតែប្រឈមនឹងការខាតដដែល។
ការចិញ្ចឹមជ្រូក
ដោយ

បើតាមអះអាងរបស់ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា អ្នកចិញ្ចឹមជ្រូក ឬគោអាច​ទទួល​បានប្រាក់​ចំណេញលុះត្រាតែ តម្លៃជ្រូក ឬគោរស់អាចហក់ឡើងដល់​ជាង១ម៉ឺនរៀលក្នុង​មួយគីឡូ​ក្រាម។ តម្លៃសត្វរស់ធ្លាក់ថ្លៃបាននិងកំពុងក្លាយជាប្រធានបទក្តៅមួយ ដែលត្រូវបានលើកយកមកជជែក និងតាមដានយ៉ាងយកចិត្តក្នុងស្រទាប់មហាជន និងមន្ត្រីជំនាញនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ។

បច្ចុប្បន្នតម្លៃជ្រូករស់បានរើបឡើងបន្តិចដល់៧,៥០០រៀលក្នុងមួយគីឡូក្រាម ខណៈកាលពីប៉ុន្មានខែ​មុនតម្លៃជ្រូករស់នៅកម្ពុជាបានធ្លាក់ថ្លៃរហូតដល់ជាង៥ពាន់រៀលទៅ៦ពាន់រៀលក្នុងមួយគីឡូក្រាម ដែល​បង្ខំឱ្យអ្នកចិញ្ចឹមជ្រូកខាតតូចមួយចំនួនត្រូវផ្អាកឬបោះបង់ការចិញ្ចឹម ខណៈ​កសិដ្ឋាន​ខ្នាតធំ​បន្ថយ​បរិមាណចិញ្ចឹមដោយសារមិនអាចទប់នឹងការខាតបាន។ បើតាមការអះអាងរបស់ថ្នាក់ដឹកនាំសមាគមអ្នកចិញ្ចឹមសត្វនិងអ្នកចិញ្ចឹមជ្រូក តម្លៃនេះមិនទាន់​អាចផ្តល់​ប្រាក់​ចំណេញដល់អ្នកចិញ្ចឹមបាបនៅឡើយទេ ពោលគឺគ្រាន់តែជួយកាត់បន្ថយ​ការខាតបាន​បន្តិច​តែ​ប៉ុណ្ណោះ។

លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានអះអាងថា ដើម្បីឱ្យអ្នកចិញ្ចឹមជ្រូក ឬគោ​អាច​ទទួលបានប្រាក់ចំណេញបាន លុះត្រាតែជ្រូករស់អាចលក់​បានតម្លៃចន្លោះពី​១ម៉ឺនរៀល​ទៅ១​ម៉ឺន១ពាន់រៀលក្នុងមួយគីឡូក្រាម ខណៈគោរស់អាចលក់បាន​តម្លៃចាប់ពី១ម៉ឺន២​ពាន់រៀលក្នុង​មួយ​គីឡូក្រាមឡើងទៅ ព្រោះការចិញ្ចឹមជ្រូកកសិករត្រូវចំណាយ​ថ្លៃដើមចន្លោះពី៨ពាន់ទៅ​ជាង៩ពាន់រៀល​ក្នុងមួយគីឡូក្រាម និងចិញ្ចឹមគោត្រូវចំណាយចន្លោះពី១ម៉ឺនទៅ១ម៉ឺន១ពាន់រៀលក្នុងមួយគីឡូក្រាម។

ដូច្នេះប្រសិនបើជ្រូក ឬគោរស់លក់បានតម្លៃក្រោមថ្លៃដើមនេះ នោះអ្នកចិញ្ចឹមសត្វនៅតែ​ប្រឈមនឹង​ការ​ខាតដដែល។ បើតាមការវាយតម្លៃរបស់ប្រធានសមាគមរូបនេះ នៅក្នុងអំឡុងពេលជ្រូករស់ធ្លាក់ថ្លៃខ្លាំង កសិករត្រូវប្រឈមនឹងការខាតចន្លោះពី៥០ដុល្លារទៅ៦០ដុល្លារក្នុងមួយក្បាល។

ស្រដៀងគ្នានេះ លោកស្រី ប៉ន វុទ្ធី ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងនៅក្រុងតាខ្មៅ បានអះអាងថា តម្លៃជ្រូករស់បច្ចុប្បន្ន៧,៥០០រៀល ក្នុងមួយគីឡូក្រាម មិនទាន់អាចផ្តល់ប្រាក់ចំណេញដល់លោកស្រីនៅឡើយទេ ពោលគឺនៅតែប្រឈមនឹងការខាតដដែល គ្រាន់តែខាតតិចជាងមុន។ សម្រាប់ម្ចាស់កសិដ្ឋានរូបនេះ ការចិញ្ចឹមជ្រូករបស់លោក​ស្រីអាចទទួល​ប្រាក់​ចំណេញបាន លុះត្រាតែតម្លៃជ្រូករស់អាចឡើងដល់៩ពាន់រៀល​ទៅ៩ពាន់៥រយរៀលក្នុង​មួយ​គីឡូក្រាម។ លោកស្រី អះអាងថា នៅអំឡុងពេលជ្រូកធ្លាក់ខ្លាំងដល់ជាង៥ពាន់​ទៅ៦ពាន់រៀល​ក្នុង​មួយគីឡូក្រាម ការលក់ជ្រូករបស់លោកស្រី បានខាតបង់ចន្លោះពី២០ម៉ឺនទៅ២៤ម៉ឺន​រៀលក្នុងជ្រូក​មួយក្បាល។

យើងសង្កេតឃើញថា នៅមួយរយៈចុងក្រោយនេះតម្លៃជ្រូករស់ និងគោរស់នៅកម្ពុជា​បានធ្លាក់ថ្លៃ​យ៉ាង​គំហុក ក្នុងនោះជ្រូករស់បានធ្លាក់ថ្លៃដល់ជាង៥ពាន់រៀល​ទៅ៦ពាន់រៀលក្នុងមួយគីឡូក្រាម ខណៈគោ​រស់បានធ្លាក់ថ្លៃមកនៅចម្លោះពី៧ពាន់រៀលទៅ៨ពាន់រៀលក្នុងមួយគីឡូក្រាម។ ការធ្លាក់ថ្លៃសត្វរស់នេះបានធ្វើឱ្យកសិករចិញ្ចឹមជ្រូកខាតតូច ដែលជាសមាជិករបស់សមាគម​អ្នកចិញ្ចឹម​សត្វ​កម្ពុជា​ប្រមាណ៩០%បានបោះបង់ការចិញ្ចឹម ខណៈកសិដ្ឋានចិញ្ចឹមខ្នាតធំបានកាត់​បន្ថយបរិមាណ​ចិញ្ចឹម។

ទោះបីតម្លៃសត្វរស់មានការធ្លាក់ថ្លៃ តែតម្លៃសាច់ជ្រូកនិងសាច់គោ ដែលដាក់លក់នៅលើទី​ផ្សារមិន​មាន​ការធ្លាក់ចុះគួរឱ្យកត់សម្គាល់នោះទេ ពោលគឺតម្លៃនៅតែស្ថិតក្នុងកម្រិតមួយខ្ពស់ដដែល។ យ៉ាងណាក៏ដោយ ដើម្បីជួយកាត់បន្ថយផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងលើកកម្ពស់ទីផ្សារ​សត្វរស់​នៅកម្ពុជា ដែលកំពុងមានការធ្លាក់ចុះឱ្យមានភាពល្អប្រសើរឡើងវិញ រាជរដ្ឋាភិបាលកម្ពុជា សម្រច​ផ្អាក​មិនឱ្យមានការនាំចូលសាច់បង្កកប្រភេទគ្រឿងក្នុងបណ្ដោះអាសន្នរយៈពេល៦ខែ ពោលគឺចាប់ពីថ្ងៃ​ទី​១២ ខែមីនា រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។ ប៉ុន្ដែ វិធានការនេះមិនអនុវត្ត​ចំពោះ​គម្រោងវិនិ​យោគ​មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ជាធាតុចូលផលិតកម្មសម្រាប់ការនាំចេញឡើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងការផ្តល់ និង ការបញ្ចប់គោរមងារឧកញ៉ា

ព័ត៌មាន
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំគណៈក…

តើមានកត្តាអ្វីខ្លះទាញទម្លាក់ប្រាក់ចំណេញរបស់កំពង់ផែស្វយ័តភ្នំពេញឱ្យធ្លាក់ចុះជាង៣៦%នៅឆ្នាំ២០២៣?

ព័ត៌មាន
នៅពេញមួយឆ្នាំ២០២៣ កំពង់ផែស្វយ័តភ្នំពេញទទួលបានប្រាក់ចំណូលសរុបជាង៣៧លានដុល្លារ បានធ្លាក់ចុះប្រមាណជិត១០% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ