កិច្ចចរចាអាវុធនុយក្លេអ៊ែរ

រុស្ស៊ីបើកចំហចំពោះកិច្ចចរចាស្ដីពីអាវុធនុយក្លេអ៊ែរ ប៉ុន្ដែពេលនេះ មិនស្វាគមន៍អាមេរិកឡើយ


ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងមូស្គូបានបើកទូលាយ សម្រាប់ការសន្ទនាស្តីពីស្ថិរភាពយុទ្ធសាស្ត្រ និងការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ប៉ុន្តែវិមានក្រឹមឡាំងបានបញ្ជាក់ថា សម្រាប់ពេលនេះ គឺមិនទាន់មានកិច្ចពិភាក្សាបែបនេះណាមួយជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននៅឡើយទេ។ នេះបើតាមការរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ថាក្រុងមូស្គូបានបើកទូលាយ សម្រាប់ការសន្ទនាស្តីពីស្ថិរភាពយុទ្ធសាស្ត្រ និងការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ

ទោះបីជាប្រទេស​រុស្ស៊ី​បាន​ឈ្លានពានអ៊ុយក្រែន​ក៏ដោយ​ ក៏ប៉ុន្តែ​ទាំង​​រដ្ឋាភិបាល​ក្រុងម៉ូស្គូ និង​ក្រុងវ៉ាស៊ីន​តោនសុទ្ធ​តែ​​បានសង្កត់ធ្ងន់​លើសារៈសំខាន់នៃ​ការរក្សាទំនាក់ទំនង​​លើ​បញ្ហា​អាវុធ​នុយ​ក្លេអ៊ែរ។​ ប្រទេសទាំង២​នេះ​គឺជាមហាអំណាចនុយក្លេអ៊ែរ​ដ៏​ធំបំផុត​ក្នុង​ពិភព​លោកដោយ​បូក​សរុប​​ក្បាលគ្រាប់នុយក្លេអ៊ែរ​នៃ​ប្រទេស​ទាំង​២​នេះទៅ​​គឺ​មាន​ប្រមាណជា​ ១១ ០០០ គ្រាប់​ឯណោះ។​

លោក ពូទីន បាននិយាយក្នុងសុន្ទរកថា​ទៅកាន់វេទិកាផ្លូវច្បាប់​នៅក្នុងទីក្រុង​សេន​ភីធឺ​ស្ប៊ើក​ (St. Petersburg)​ ​ដែលជាស្រុកកំណើតរបស់​លោកថា ប្រទេស​រុស្ស៊ី​បើកចំហ​សម្រាប់ការ​សន្ទនាលើការធានាស្ថិរភាព​ជាយុទ្ធសាស្រ្ត ការថែរក្សារបប​មិនរីកសាយភាយ​​សម្រាប់​អាវុធ​មហា​ប្រល័យ​ និងការកែលម្អស្ថានភាពក្នុងវិស័យគ្រប់គ្រង​​សព្វាវុធផង​ដែរ​។

ថ្លែងនៅយប់​ថ្ងៃព្រហស្បតិ៍​មន្ត្រី​នាំពាក្យវិមានក្រឹមឡាំង​​លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov)​ បានបញ្ជាក់ថា មិនមានទំនាក់ទំនងផ្ទាល់រវាងលោក ពូទីន និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅឡើយ​ទេ ​ចាប់តាំងពីប្រទេសរុស្ស៊ីបានចាប់ផ្តើមនូវអ្វីដែលខ្លួនហៅថាជា​«ប្រតិបត្តិការយោធាពិសេស»​នៅក្នុងប្រទេសអ៊ុយក្រែននៅ​ក្នុងខែកុម្ភៈ​មក។

នៅពេល​មាន​គេ​សួរថាតើ មានផែនការណាមួយសម្រាប់កិច្ចចរចាស្ថិរភាពជាយុទ្ធសាស្ត្ររវាង​ប្រទេស​ទាំង​អាមេរិក និងរុស្ស៊ីដែរ​ឬយ៉ាង?​ មន្ត្រី​នាំ​ពាក្យ​រូប​នេះ​បានឆ្លើយ​ថា «​ជាអកុសល​មក​ដល់​ពេល​នេះ​ គឺ​មិនទាន់មានផែនការជាក់ស្តែងណា​មួយ​​សម្រាប់រឿងនេះ​នៅឡើយទេ»​។

យ៉ាងណាមិញ អតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ ថ្មីៗនេះ ក៏បាន​បោះពាក្យសម្ដីដែរថា គ្មានចំណុចឬហេតុផលណា ដែលអាចឲ្យរុស្សីសម្រួលកិច្ចពិភាក្សាការកាត់បន្ថយអាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកវិញនោះទេ។ លោកបន្ថែមថា ទីក្រុងមូស្គូគួរតែរង់ចាំរហូតទាល់តែអាមេរិកបន្ទន់ឥរិយាបថ មកសុំអង្វរកររុស្ស៊ីដើម្បីការចរចាវិញ ទើបជារឿងត្រឹមត្រូវ។

សូមបញ្ជាក់ថា មេ​ដឹក​នាំ​រុស្ស៊ី​ លោកពូទីន និយាយ​ថា ក្រុង​ម៉ូស្គូប្រើប្រាស់ប្រតិបត្តិយោធាពិសេស​នៅ​​អ៊ុយ​ក្រែន ​ដើម្បី​កា​រ​ពារ​ពលរដ្ឋ​រុស្ស៊ី​ភាគ​តិច​ និង​ពលរដ្ឋ​និយាយ​ភាសា​រុស្ស៊ី​ដែល​កំពុង​រស់​នៅ​​ក្នុង​តំបន់​ដុន​បាស​ (ប្រទេស​អ៊ុយ​ក្រែន​) នៅ​ភាគ​ខាង​កើត​ប្រទេសរុស្ស៊ី​ កុំ​ឱ្យ​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​​ពីសំណាក់​​រដ្ឋាភិបាល​ក្រុង​កៀវ​។ លោក​ពូទីន ក៏​​បាន​បញ្ជាក់​រឿយៗដោយ​ចោទ​ប្រទេស​អ៊ុយ​ក្រែន​ថា​បាន«​​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​កម្ម​ប្រឆាំងមនុស្ស​ជាតិ​» ខណៈដែល​កន្លងមកអ៊ុយក្រែន ក៏តែងតែចោទរុស្ស៊ីថា បានប្រព្រឹត្តិអំពើឧក្រិដ្ឋសង្គ្រាម​នៅអ៊ុយក្រែនផងដែរ ហើយថ្មីៗនេះទៀតសោត លោក​ហ្សេលេនស្គី ថែមទាំងបាន​ហៅប្រទេស​រុស្ស៊ីថា ជា រដ្ឋភេវរករ ថែមទៀតផង៕

អត្ថបទ៖ សុខ ជា​

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឡាវសិក្សាគម្រោងផ្លូវរថភ្លើងតម្លៃ៥ពាន់លានដុល្លារ តភ្ជាប់ទៅដល់វៀតណាម

ព័ត៌មាន
ឡាវសិក្សាគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ៥ពាន់លានដុល្លារ តភ្ជាប់ទៅដល់វៀតណាម។ រដ្ឋាភិបាលប្រទេសឡាវបានផ្ដល់ភ្លើងខៀវពីការសិក្សាលទ្ធភាពសម្រាប់គម្រ…

មន្ត្រីជាន់ខ្ពស់អាមេរិកថា ប្រទេសចិនពិតជាមិនបានផ្តល់ជំនួយគាំទ្រយោធាដល់រុស្ស៊ីមែន ប៉ុន្ដែក្រុមហ៊ុនក្នុងស្រុកចិនបានគាំទ្រ

ព័ត៌មាន
ក្រោយពីបានពិនិត្យយ៉ាងល្អិតល្អន់ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិកមិនបានរកឃើញថា ប្រទេសចិនគេចវេសព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ