សូមពលរដ្ឋកុំស្លន់ស្លោនឹងរឿងធនាគារអាមេរិកធំៗ២ដួលរលំ

សម្ដេច ហ៊ុន សែន អំពាវនាវកុំឲ្យពលរដ្ឋកម្ពុជាស្លន់ស្លោ ក្រោយធនាគារអាមេរិកធំៗ២បានដួលរលំ


សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អំពាវនាវឲ្យប្រជាជនកម្ពុជា ជាពិសេសអ្នកដែលបានដាក់ប្រាក់បញ្ជើនៅតាមបណ្ដាធនាគារក្នុងប្រទេសកម្ពុជា សូមកុំមានការស្លន់ស្លោរឲ្យសោះ ចំពោះរឿងដួលរលំនៃធនាគារធំៗពីររបស់សហរដ្ឋអាមេរិក ដែលធ្វើឲ្យទីផ្សារហិរញ្ញនៅអាមេរិកចលាចលយ៉ាងខ្លាំងនៅប៉ុន្មានថ្ងៃមកនេះ។
សម្ដេច ហ៊ុន សែន អំពាវនាវកុំឲ្យពលរដ្ឋកម្ពុជាស្លន់ស្លោ ក្រោយធនាគារអាមេរិកធំៗ២បានដួលរលំ រូបភាព៖ SPM Page

សម្ដេចបានគូសបញ្ជាក់ថា ការស្លន់ស្លោណាមួយរបស់ប្រជាពលរដ្ឋនឹងនាំមកនូវភាពច្របូកច្របល់ក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា ហើយមានតែធ្វើឲ្យខាតបង់ប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ សម្ដេចក៏បានបង្ហាញនូវជំនឿទុកចិត្តយ៉ាងមុតមាំថា សហរដ្ឋអាមេរិកនឹងដោះស្រាយនូវបញ្ហានៃការដួលរលំនៃធនាគារពាណិជ្ជចំនួន២របស់ខ្លួននឹងមិនធ្វើឲ្យមានភាពច្របូកច្របល់ ក្នុងវិស័យហិរញ្ញវត្ថុអូសបន្លាយនោះឡើយ។

ថ្លែងក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រជូននិស្សិតជ័យលាភីជាង៤ពាន់នាក់ នៅសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសអ្នកដែលមានប្រាក់ដាក់នៅតាមធនាគារក្នុងប្រទេសកម្ពុជា កុំមានការស្លន់ស្លោចំពោះបញ្ហាដួលរលំធនាគារធំៗមួយចំនួននៅសហរដ្ឋអាមេរិក ថានឹងប៉ះពាល់ដល់វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា។ សម្ដេចបានគូសបញ្ជាក់ថា ការភ័យស្លន់ស្លោរត់ទៅដកប្រាក់ចេញពីប្រព័ន្ធធនាគារមុនកាលកំណត់ គឺជាការខាងបង់ប្រយោជន៍ទៅវិញ ព្រោះតែត្រូវខាតបង់ការប្រាក់ដែលបានព្រមព្រៀងជាមួយធនាគារ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវជំនឿចិត្តយ៉ាងមុតមាំចំពោះសហរដ្ឋអាមេរិកថា នឹងអាចដោះស្រាយបញ្ហានៃការដួលរលំនៃធនាគារពាណិជ្ជចំនួន២របស់ខ្លួនបាន ព្រោះអាមេរិក ធ្លាប់មានបទពិសោធន៍បែបនេះរួចហើយ ក្នុងការគ្រប់គ្រងសេដ្ឋកិច្ច ដែលនឹងមិនធ្វើឲ្យមានភាពច្របូកច្របល់ ក្នុងវិស័យហិរញ្ញវត្ថុនោះទេ។ លើសពីនោះ សម្ដេចក៏មានជំនឿចិត្តលើការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ភាពរឹងមាំនៃវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជា ផងដែរ។

លោក ង៉ែត ជូ ដែលជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុ បានកត់សម្គាល់ដូច្នេះ ការដួលរំលំធនាគារនៅសហរដ្ឋអាមេរិក នឹងធ្វើឲ្យអតិថិជនបាត់បង់ទំនុកចិត្តចំពោះធនាគារនៅអាមេរិក ហើយទោះចង់ ឬមិនចង់ ពួកគាត់នឹងដកប្រាក់ចេញពីធនាគារដែលធ្វើឲ្យធនាគារជួបនូវវិបត្តិកង្វះសាច់ប្រាក់។ បើតាមអ្នកជំនាញរូបនេះ ស្ថិតក្នុងដំណាក់កាលដំបូង ការដួលរំលំធនាគារធំៗ នេះវាបានបង្ហាញពីសញ្ញាមិនល្អឡើយ ទោះបីប្រធានាធិបតីសហរដ្ឋអាមេរិក បានចេញមុខអះអាងថា មិនបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចអាមេរិក ក៏ពិតមែន។ ទោះយ៉ាងណា លោក ង៉ែត ជូ ក៏បានសង្កត់ធ្ងន់ទៀតថា ឆ្លងកាត់បទពិសោធន៍ នាពេលកន្លងមក បញ្ហាដួលរំលំធនាគារនៅសហរដ្ឋអាមេរិក មិនបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់កម្ពុជា នោះទេ។ ដោយឡែក សម្រាប់ការដួលរំលំធនាគារធំៗចំនួន២ នាពេលនេះ លោកក៏នៅតែជឿជាក់ថា ក៏មិនធ្វើឲ្យវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា មានភាពចលាចល នោះដែរ។

បើតាមការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ករណីវិបត្តិសេដ្ឋកិច្ចបែបនេះ ធ្លាប់កើនឡើងជាច្រើនលើករួចហើយ ដោយលើកទី១ វិបត្តិសេដ្ឋកិច្ចអាស៊ីឆ្នាំ១៩៩៧ បានធ្វើឲ្យមានការច្របូកច្របល់នៃប្រព័ន្ធធនាគារលើពិភពលោក រួមទាំងកម្ពុជា ដែលធ្វើឲ្យពលរដ្ឋមួយចំនួនបង្ខំដកប្រាក់ចេញពីធនាគារ។ សម្រាប់លើកទី២ វិបត្តិហរិញ្ញវត្ថុសាកលឆ្នាំ២០០៨ ដែលផ្តើមចេញពីការដួលរលំ នៃធនាគាររបស់អាមេរិក តែពេលនោះ ក៏មិនបានធ្វើឲ្យប៉ះពាល់ដល់កម្ពុជា នោះដែរ ដោយកម្ពុជាបានខិតខំទប់ស្កាត់ហានិភ័យ តាមរយៈដំឡើងអត្រាកាតព្វកិច្ចទុនបម្រុងតម្កល់ទុកនៅធនាគារជាតិ ពី៧% ដល់ ១២%។ ប៉ុន្តែ មកដល់បច្ចុប្បន្ននេះ បន្ទាប់ពីបណ្តាធនាគារ ចេះគ្រប់គ្រងហានិភ័យដោយខ្លួនឯង ធនាគារជាតិនៃកម្ពុជា បានកាត់បន្ថយអត្រាទុនបម្រុងកាតព្វកិច្ចមកនៅត្រឹមតែ៧%វិញ៕




អត្ថបទបន្ទាប់


ក្រសួងការងាររៀបចំព្រឹត្តិការណ៍ជ្រើសរើសកម្មករនិយោជិតទ្រង់ទ្រាយធំជាង ៥ ពាន់នាក់ នៅខេត្តកំពង់ស្ពឺ

ព័ត៌មាន
ដើម្បីឆ្លើយតបទៅនឹងតម្រូវការស្វែងរកឱកាសការងារថ្មីរបស់បងប្អូនកម្មករ កម្មការិនី រោងចក្រដែលបានបាត់បង់ការងារ ឬត្រូវព្យួរកិច្ចសន្យាការងារ នាពេល…

ធនាគារ ស៊ីលីដា ភីអិលស៊ី ជាដៃគូដ៏ល្អបំផុតសម្រាប់ការការពារទ្រព្យសម្បត្តិរបស់អតិថិជន

ព័ត៌មាន
ធនាគារ អេស៊ីលីដា ជាដៃគូដ៏ល្អបំផុតសម្រាប់ការការពារទ្រព្យសម្បត្តិរបស់អតិថិជន ដោយសារធនាគារមានទ្រព្យសកម្មរាប់ពាន់លានដុល្លារអាមេរិកនិងមានភា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ