ពន្ធដារ

សម្តេចធិបតី ហ៊ុន ម៉ាណែត អះអាងថា រដ្ឋមិនបានបង្កើតពន្ធថ្មី ដើម្បីដាក់បន្ទុកលើពលរដ្ឋទេ


ក្រោយមានការរិះគន់ជាបន្តបន្ទាប់នៅតាមបណ្តាញសង្គមមួយចំនួននៅប៉ុន្មានថ្ងៃចុងក្រោយពាក់ព័ន្ធនឹងពង្រឹងការអនុវត្តការប្រមូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ សម្តេចធិបតី ហ៊ុន ម៉ាណែត រួមទាំងអគ្គនាយកដ្ឋានពន្ធដារផងបានចេញមកអះអាងច្បាស់ថា រាជរដ្ឋាភិបាលអាណត្តិថ្មីពុំបានបង្កើតប្រព័ន្ធប្រមូលពន្ធថ្មីៗ ដើម្បីដាក់បន្ទុកលើពលរដ្ឋនោះទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត និងអគ្គនាយកដ្ឋានពន្ធដារចេញមកអះអាងថា
ដោយ

អគ្គនាយកដ្ឋានពន្ធដារកាលពីថ្ងៃទី២៦ ខែកញ្ញា បានបញ្ជាក់ជូនសាធារណជនតាមរយៈសេចក្ដីបំភ្លឺមួយថា រាជរដ្ឋាភិបាលអាណត្តិថ្មីក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាមិនបានបង្កើតប្រព័ន្ធប្រមូលចំណូលថ្មីណាមួយ ដើម្បីបង្កើនការប្រមូលចំណូល ឬដាក់បន្ទុកបន្ថែមលើអ្នករកស៊ី ឬប្រជាពលរដ្ឋនោះទេ។ ការអះអាងបែបនេះធ្វើឡើងក្រោយមានការផ្ទុះការរិះគន់ ដែលកើតចេញពីការភាន់ច្រឡំក្នុងស្រទាប់មហាជនពាក់ព័ន្ធនឹងការអនុវត្តការប្រមូលចំណូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ ពិសេសពន្ធលើចំណេញមូលធន ដោយពួកគេមានការយល់ច្រឡំថា រាជរដ្ឋាភិបាលអាណត្តិទី៧បានបង្កើតប្រភពពន្ធថ្មីៗ និងបង្កើនពន្ធក្នុងវិស័យមួយចំនួន ដែលពួកគេគិតថា បានបន្ទុកបន្ថែមដល់អ្នករកស៊ី ឬប្រជាពលរដ្ឋ ស្របពេលដែលស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជាពុំទាន់មានភាពល្អប្រសើរ។

ជុំវិញការចោទប្រកាន់ពាក់ព័ន្ធនឹងពន្ធលើចំណេញមូលធន ដែលមហាជនមួយចំនួនគិតថា ជាពន្ធថ្មី អគ្គនាយកដ្ឋានពន្ធដារគូសបញ្ជាក់ថា ពន្ធលើចំណេញមូលធនត្រូវបានដាក់ឲ្យអនុវត្តតាំងពីឆ្នាំ១៩៩៤ មកម៉េះ សម្រាប់នីតិបុគ្គល។ ជាក់ស្ដែង ក្រុមហ៊ុន និងសហគ្រាសនានាបានបង់ពន្ធលើប្រាក់ចំណូល ដែលរួមបញ្ចូលទាំងចំណេញមូលធន មិនតែប៉ុណ្ណោះ សហគ្រាសដែលប្រកបអាជីវកម្មលើវិស័យអចលនទ្រព្យក៏បានបង់ពន្ធនេះដែរ។ ក្រោយមកពន្ធលើចំណេញមូលធនត្រូវបានដាក់បញ្ចូលក្នុងច្បាប់ស្តីពីសារពន្ធឆ្នាំ១៩៩៧ ហើយការអនុវត្តពន្ធលើចំណេញមូលធនសម្រាប់រូបវន្តបុគ្គល ត្រូវបានចែងលម្អិតក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០០៧។ បន្ទាប់មកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំលិខិតបទដ្ឋានគតិយុត្ត បែបបទ និងនីតិវិធីនៃការប្រមូលពន្ធលើចំណេញមូលធន សម្រាប់រូបវន្តបុគ្គលរួចរាល់តាំងពីឆ្នាំ២០២០ ដោយផ្អែកលើគោលការណ៍ទន់ភ្លន់ សាមញ្ញ ជាមួយនឹងការអនុគ្រោះក្នុងកម្រិតខ្ពស់ ប្រសិនបើធៀបនឹងការអនុវត្តនៅបណ្តាប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍ក្នុងតំបន់ និងសាកលលោក។

អគ្គនាយកដ្ខានពន្ធដារ បានបន្តទៀតថា ជាការគិតគូរចំពោះផលប៉ះពាល់នានាបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា ក៏បានសម្រេចពន្យារពេលអនុវត្តពន្ធលើចំណេញមូលធន សម្រាប់រូបវន្តបុគ្គលជាបន្តបន្ទាប់ចំនួន៣លើករួចមកហើយ ដោយចុងក្រោយគ្រោងកំណត់យករយៈពេលអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ សម្រាប់ទ្រព្យជាមូលធន ៥ផ្នែក រួមមានភតិសន្យា, ទ្រព្យវិនិយោគ, កេរ្តិ៍ឈ្មោះអាជីវកម្ម, កម្មសិទ្ធិបញ្ញា និងរូបិយវត្ថុបរទេស។ ដោយឡែក ពន្ធលើចំណេញមូលធនសម្រាប់ផ្នែកអចលនទ្រព្យ រាជរដ្ឋាភិបាលបានសម្រេចពន្យារការចាប់ផ្តើមអនុវត្តរហូតដល់ដំណាច់ឆ្នាំ២០២៤ ដើម្បីជាចំណែកដ៏សំខាន់មួយចូលរួមគាំទ្របន្ថែមដល់វិស័យអចលនទ្រព្យ។

ដូច្នេះ ការលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្កើតពន្ធថ្មី ឬដំឡើងអត្រាពន្ធ គឺពុំឆ្លុះបញ្ចាំងពីការពិតនោះទេ។ ផ្ទុយទៅវិញ រាជរដ្ឋាភិបាល បាននិងកំពុងពិចារណាបន្ថែមលើក្របខ័ណ្ឌក្នុងការសម្រួលការអនុវត្តពន្ធលើចំណេញមូលធន ក៏ដូចជារយៈពេលកំណត់ សមស្របក្នុងការចាប់ផ្តើមអនុវត្តពន្ធលើចំណេញមូលធនសម្រាប់រូបវន្តបុគ្គលនេះ។

ទន្ទឹមនឹងចេញមកអះអាងបែបនេះ អគ្គនាយកដ្ឋានពន្ធដារ ក៏បានច្រានចោលការចោទប្រកាន់ និងការភាន់ច្រឡំមួយចំនួនរបស់មហាជន ដែលលើកឡើងថា រដ្ឋបានយកពន្ធ១%ពីអ្នកខ្ចីលុយធនាគារ ការបង្កើនពន្ធនៅតាមព្រលានយន្តហោះ លើថ្លៃសំបុត្រ និងភ្ញៀវទេសចរ និងការអនុវត្តពន្ធលើចំណេញមូលធនជាដើម។

ក្រោយអគ្គនាយកដ្ឋានពន្ធដារបានចេញលិខិតបកស្រាយមិនបានប៉ុន្មានម៉ោងផង នៅយប់ថ្ងៃដដែលនោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាក៏បានចេញការថ្លែងសារពិសេសបកស្រាយជុំវិញបញ្ហានេះដែរ សំដៅជួយបញ្ចាក់ជំហរ និងពន្យល់បកស្រាយកុំឱ្យមហាជនមានការភាន់ច្រឡំមកលើអគ្គនាយកដ្ឋានពន្ធដារ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។ សម្តេចធិបតីបានអះអាងច្បាស់ៗថា ចាប់តាំងពីរាជរដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើងរហូតមកដល់ពេលនេះ គឺមិនមានការបង្កើតពន្ធបន្ថែម សម្រាប់ដាក់បន្ទុកទៅលើប្រជាពលរដ្ឋ ឬអាជីវករនោះទេ ហើយចំពោះបញ្ហានេះ រាជរដ្ឋាភិបាលនឹងដាក់វិធានការអន្តរាគមន៍ជាកញ្ចប់នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ ក្នុងវេទិការាជរដ្ឋាភិបាល និងវិស័យឯកជន។

ពាក់ព័ន្ធការអនុវត្តការប្រមូលពន្ធលើចំណេញមូលធន ដែលគ្រោងចាប់ផ្តើមនៅដើមឆ្នាំក្រោយ សម្តេចធិបតី ហ៊ុន ម៉ាណែន បានសង្កេត់ធ្ងន់ថា មកពេលនេះរាជរដ្ឋាភិបាលមិនបានកំណត់ជាគោលការណ៍ក្នុងការអនុវត្តនៅឡើយទេ។ ក្នុងន័យនេះ ការអនុវត្តលើពន្ធនេះអាចអនុវត្តតាមការគ្រោងទុក ឬអាចត្រូវពន្យារពេលបន្ថែម វាអាស្រ័យលើស្ថានភាពជាក់ស្តែង និងការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលនាពេលខាងមុខ។

បើតាមការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធបញ្ហាការអនុវត្តពន្ធលើចំណេញមូលធនសម្តេចបានប្រគល់ភារកិច្ចនេះ ជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាំងពីថ្ងៃប្រជុំគណៈរដ្ឋមន្រ្តីលើកដំបូងមកម្ល៉េះ តាមរយៈការឱ្យពិគ្រោះយោបល់ជាបន្តបន្ទាប់ជាមួយភាគីពាក់ព័ន្ធ ដើម្បីក្តាប់នូវសំណូមពរផ្សេងៗពីវិស័យឯកជនសម្រាប់យកមកពិចារណា ហើយរៀបចំជាកញ្ចប់វិធានការជួយទៅដល់វិស័យឯកជន ដែលក្នុងនោះ ក៏មានការជជែកគ្នាអំពីបញ្ហាពន្ធអាករ បញ្ហាលើកទឹកចិត្តផ្សេងៗផងដែរ ដែលគ្រោងប្រកាសនៅពេលសម្ដេចធិបតីជួបវិស័យឯកជននៅខែវិច្ឆិកាខាងមុខនេះ។




អត្ថបទបន្ទាប់


ក្រុមហ៊ុន Smart សម្ពោធជាផ្លូវការដំណោះស្រាយបច្ចេកវិទ្យាសម្រាប់អាជីវកម្ម 'Smart for Business' ជម្រុញភាពជោគជ័យក្នុងយុគសម័យឌីជីថល

ព័ត៌មាន
ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា បានដាក់ដំណើរការជាផ្លូវការនូវ ដំណោះស្រាយបច្ចេកវិទ្យាសម្រាប់…

ក្រុមហ៊ុន លី ហួរ ឌីវេឡុបម៉ិន វិមានភ្នំពេញ និងធនាគារប្រ៊ីដ ចាប់ដៃគ្នាផ្ដល់ឥណទានគេហដ្ឋានដល់អតិថិជន ជាមួយលក្ខខណ្ឌល្អប្រសើរ រយៈពេលរហូត២៥ឆ្នាំ និងអត្រាការប្រាក់ចាប់ពី៨.៥%

ព័ត៌មាន
បុរីវិមានភ្នំពេញ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយធនាគារប្រ៊ីដ ម.ក ដើម្បីផ្ដល់ជូនលក្ខខណ្ឌឥណទានគេហដ្ឋានសម្រាប់អត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ