អាកាសចរណ៍

អាកាសយានដ្ឋានសៀមរាបអង្គរតម្លៃ ១,១ពាន់លានដុល្លារ ចាប់ផ្ដើមបើកទទួលជើងហោះហើរជាផ្លូវការហើយ


ដូចការគ្រោងទុក នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៣ អាកាសយានដ្ឋានសៀមរាបអង្គរ ដែលមាន តម្លៃវិនិយោគប្រមាណ ១,១ពាន់លានដុល្លារអាមេរិក ត្រូវបានបើកដាក់ឲ្យដំណើរការទទួលជើងហោះហើរបែបពាណិជ្ជកម្មជាផ្លូវការហើយ ក្រោយពីអាកាសយានដ្ឋានថ្មីនេះ បានសាងសង់រួចរាល់ និងបើកហោះហើរសាកល្បង ដោយជោគជ័យកាលពីពេលថ្មីៗនេះ។
ss
ដោយ

ការប្រារព្ធពិធី​ទទួលជើងហោះហើរ​ជាផ្លូវការ​របស់​អាកាសយានដ្ឋាន​សៀមរាបអង្គរនេះ ត្រូវបាន​រៀបចំឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​របស់​ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ត្រី, ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាសចរស៊ីវិល, ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និងមន្ត្រីជាន់ខ្ពស់​នៃស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។

បើតាម​អ្នកនាំពាក្យ​ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ធ្លាប់បានអះអាងថា សម្រាប់​ពិធីសម្ពោធ​ជាផ្លូវការ​​អាកាសយានដ្ឋាន​សៀមរាបអង្គរ អាចនឹងធ្វើឡើង​នៅពាក់កណ្ដាលខែវិច្ឆិកា​ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព​​របស់​សម្តេច​ធិបតី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំនៃប្រទេសចិនផងដែរ។​

អាកាសយានដ្ឋានសៀមរាបអង្គរថ្មីនេះ ត្រូវបានវិនិយោគ​សាងសង់​ឡើង​​ដោយក្រុមហ៊ុន Angkor International Airport Invesment (Cambodia) Co.,Ltd ខណៈការសាងសង់បានចាប់ផ្ដើមឡើង​តាំងពីខែមីនា​ឆ្នាំ២០២០មកម្ល៉េះ ហើយការវិនិយោគ គឺធ្វើឡើង​ក្នុងទម្រង់ BOT (សាងសង់ ដំណើរការ និងផ្ទេរមកវិញ) ក្នុងរយៈពេល ៥៥ឆ្នាំ។ អាកាសយានដ្ឋាន​នេះ ក៏ត្រូវអភិវឌ្ឍ​ឲ្យក្លាយទៅជា​អាកាសយានដ្ឋាន​លំដាប់ 4F ដែលមានសមត្ថភាព​អាចឲ្យយន្ដហោះខ្នាតធំ​ចុះចតបានផងដែរ។

ស្ថិតនៅចម្ងាយ​ប្រហែល​ជាង ៥០គីឡូម៉ែត្រ ពីក្រុងសៀមរាប ព្រលានយន្ដហោះនេះ មានទីតាំងស្ថិត​នៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប និងមានចំណតសម្រាប់ចតអាកាសយានចំនួន ៣៨ចំណត និងអាចទទួលអ្នកដំណើរតាមផ្លូវអាកាសបាន ៧លាននាក់ក្នុងមួយឆ្នាំ សម្រាប់ឆ្នាំ២០២៣ និងឈានទៅទទួលអ្នកដំណើរបាន ១២លាននាក់ ក្នុងមួយឆ្នាំ ចាប់ពី២០៤០។

អាកាសយានដ្ឋាននេះ អាចផ្ទុកទំនិញ​តាមផ្លូវអាកាស​បានដល់ទៅ ១ម៉ឺនតោន ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០៤០ និងអាចទទួលជើងហោះហើរបានដល់ទៅជិត ៦ម៉ឺន​៦សែនជើង​ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំនេះ ទៅដល់ជាង​ ១១ម៉ឺនជើង​ក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០៤០។

សូមបញ្ជាក់ថា ក្រោយពី​មានការបើកដំណើរការ​អាកាសយានដ្ឋាន​សៀមរាបអង្គរថ្មីនេះ អាកាសយានដ្ឋាន​សៀមរាបចាស់ ក៏នឹងត្រូវ​បិទ លែងឲ្យមានការដំណើរការហោះហើរផងដែរ។ នេះបើតាមការបញ្ជាក់​របស់​អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរស៊ីវិល៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សង្រ្គាមអ៊ីស្រាអែល-ហាម៉ាសប៉ះពាល់ដល់ពលរដ្ឋ២៦សញ្ជាតិ

ព័ត៌មាន
ស្ថានការណ៍នៃសង្រ្គាមរវាងអ៊ីស្រាអែលនិងហាម៉ាសនៅពេលនេះនៅតែបន្តផ្ទុះ ហើយស្ថានភាពអាចកាន់តែអាក្រក់ថែមទៀត ។ តាមរបាយការណ៍បានឲ្យដឹងថា សង្រ្គាមនេ…

ឯកឧត្តមវង្សី វិស្សុត៖ ការបើកអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺជាការបើកទំព័រប្រវត្តិសាស្ត្រសម្រាប់វិស័យទេសចរណ៍នៅក្រោយកូវីដ១៩

ព័ត៌មាន
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានចាត់ទុកការបើកឲ្យប្រើប្រាស់ និងទទួលជើងហោះហើរពា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ