វិស័យធនាគារ

តើស្ថានភាពវិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជា នៅចុងឆ្នាំ២០២៣នេះ មានការប្រែប្រួលយ៉ាងណា?


អ្នកជំនាញក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា បានវាយតម្លៃថា ស្ថានភាពវិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជា នៅចុងឆ្នាំ២០២៣នេះ ហាក់មានភាពល្អប្រសើរជាងកាលពីដើមឆ្នាំកន្លងទៅ ប៉ុន្តែនៅតែមានកម្រិតទាបនៅឡើយបើធៀបនឹងឆ្នាំមុន។
វិស័យធនាគារ
ដោយ

ស្ថានភាពល្អប្រសើរនៅចុងឆ្នាំនេះ គឺបន្ទាប់ពីទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលសម្រាប់វិស័យឯកជន ដោយវិស័យធនាគារ និងហិរញ្ញវត្ថុបានបន្តទទួលបានទុនបម្រុងក្នុងកម្រិតទាប និងដើមទុនទ្រនាប់រក្សាក្នុងកម្រិតទាបដដែល ដែលធ្វើឱ្យវិស័យធនាគារ និងហិរញ្ញវត្ថុមានធនធានបន្ថែមសម្រាប់រីកលូតលាស់ជាបន្តបន្ទាប់ទៀត ដើម្បីទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ច។ ​

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានវាយតម្លៃថា ស្ថានភាពរបស់វិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជា គិតត្រឹមត្រីមាសទី៣ឆ្នាំនេះ ហាក់មិនសូវមានការលូតលាស់ល្អតាមការគ្រោងទុកនោះទេ ពោលគឺការលូតលាស់ក្នុងវិស័យឥណទានហាក់នៅមានកម្រិតទាបនៅឡើយបើធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំមុន។ តែយ៉ាងណាអ្នកជំនាញរូបនេះអះអាងថា ក្រោយទទួលបានកាគាំទ្រពីរាជរដ្ឋាភិបាល ដោយសម្រេចឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តអនុវត្តអត្រាប្រាក់បម្រុងក្នុងកម្រិតទាប និងរក្សាអនុបាតទ្រនាប់ដើមទុនកម្រិតទាបដដែល ក៏ដូចជាការរៀបចំឥណទានឡើងវិញសម្រាប់វិស័យអាទិភាពមួយចំនួននោះ បានធ្វើឱ្យវិស័យធនាគារកម្ពុជា មានធនធានបន្ថែមទៀតសម្រាប់គាំទ្រដល់ការលូតលាស់ ដោយគិតមកទល់ពេលនេះស្ថានភាពវិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជាហាក់មានការលូតលាស់ប្រសើរឡើងវិញជាងអំឡុងឆមាសទី១ឆ្នាំនេះ។

ជាក់ស្តែងសម្រាប់ ធនាគារ អេស៊ីលីដា លោកបណ្ឌិត អ៊ិន ចាន់នី បានបញ្ជាក់ថា ក្រោយទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល កំណើនក្នុងវិស័យឥណទានហាក់មានការរីកលូតលាស់ល្អមកវិញបន្តិចបើធៀបនឹងឆមាសទី១ឆ្នាំនេះ ប៉ុន្តែនៅតែមានកម្រិតទាបនៅឡើយ បើធៀបនឹងឆ្នាំ២០២២។ ដោយឡែកសម្រាប់ប្រាក់បញ្ញើសន្សំវិញ គឺមានកំណើនខ្ពស់ ដោយសម្រេចបានទៅតាមផែនការ ដែលបានគ្រោង ទុក។ យ៉ាងណាមិញ សម្រាប់ឆ្នាំ២០២៤ ខាងមុខ អ្នកជំនាញរូបនេះ ជឿជាក់ថា វិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជានឹងកាន់តែលូតលាស់ល្អបន្ថែមទៀតតាមរយៈការជួយគាំទ្រពីរាជរដ្ឋាភិបាល។

ជាមួយគ្នានេះលោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា កត់សម្គាល់ឃើញថា នៅត្រីមាសទី៣ឆ្នាំនេះ វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា ស្ថិតក្នុងស្ថានភាពថេរ ដោយសារតម្រូវការឥណទានមិនសូវមានកំណើន ខណៈប្រាក់បញ្ញើតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហាក់មានកំណើនតិចតួចប៉ុណ្ណោះ ដ្បិតថា វិស័យហិរញ្ញវត្ថុមានទំនាក់ទំនងជាមួយសេដ្ឋកិច្ច ដូចនេះនៅពេលសេដ្ឋកិច្ចមានកំណើនយឺត តម្រូវការឥណទានក៏ធ្លាក់ចុះដូចគ្នាដែរ។ គិតត្រឹមត្រីមាសទី៣ឆ្នាំនេះ ដោយមិនរាប់បញ្ចូលទិន្នន័យពីធនាគារ វិស័យមីក្រូហិរញ្ញវត្ថុបានផ្តល់ឥណទានចំនួនជាង៥ពាន់លានដុល្លា ដល់អតិថិជនចំនួនជិត១លាន៦សែនគណនី ខណៈប្រាក់បញ្ញើនៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានចំនួនជាង២ពាន់លានដុល្លាពីគណនីចំនួនជិត២លានគណនី។ នេះបើតាមការបញ្ជាក់របស់ លោក កាំង តុងងី ដោយបានបន្ថែមថា ទិន្នន័យទាំងនេះគឺមានការថយចុះខ្លាំង ដោយសារគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេបំផុតគឺប្រាសាក់ បានវិវត្តខ្លួនទៅជាធនាគារពាណិជ្ជកាលពីប៉ុន្មានខែមុន។ ហើយសម្រាប់ឆ្នាំ២០២៤ អ្នកជំនាញរូបនេះ រំពឹងថា វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជានៅតែមានកំណើន ប៉ុន្តែក្នុងកម្រឹតទាបប៉ុណ្ណោះ។

សូមបញ្ជាក់ថា បើតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៣នេះ ឥណទានដែលផ្តល់ដោយធនាគារពាណិជ្ជមានសរុបចំនួនជាង៥៣៤ពាន់លានដុល្លារ បានកើនឡើងជិត១១% បើធៀបនឹងត្រីមាសមុន និងកើនឡើងជាង១៦% បើធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំ២០២២ ដែលភាគច្រើនបានផ្តល់ទៅគ្រឹះស្ថានមិនបម្រើសេវាហិរញ្ញវត្ថុ ដូចជាការលក់ដុំ-លក់រាយ ការជួញដូរអចលនទ្រព្យ ការសាងសង់ និងកសិកម្មជាដើម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាអាចនៅតែបន្តជួបបញ្ហាប្រឈម ខណៈអ្នកជំនាញរំពឹងល្អប្រសើរនៅឆ្នាំក្រោយ

ព័ត៌មាន
វិបត្តិសកលនានា ពិសេសបញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងតំបន់ហ្គាហ្សានៅតែជាបញ្ហាប្រឈមសម្រាប់សេដ្ឋកិច្ច និងការធ្វើពាណិជ្ជកម្មរបស់ពិភពលោក រួមទាំងកម្ពុ…

កម្ពុជារកចំណូលបានជិត៨០០លានដុល្លារពីការនាំចេញកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូនៅ១១ខែឆ្នាំនេះ

ព័ត៌មាន
កម្ពុជាទទួលបានចំណូលជិត៨០០លានដុល្លារ ពីការនាំចេញកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ ទៅកាន់ទីផ្សារអន្តរជាតិ នៅក្នុងរយៈពេល១១ខែ ឆ្នាំ២០២៣ មានការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ