សេដ្ឋកិច្ចតៃវ៉ាន់ឆ្នាំ២០២១ កើនឡើងលឿនបំផុតមិនធ្លាប់មាន

សេដ្ឋកិច្ចតៃវ៉ាន់ឆ្នាំ២០២១ កើនឡើងលឿនបំផុតក្នុងរយៈពេលជាង១ទសវត្សរ៍មកនេះ ទោះរងសម្ពាធកាន់តែខ្លាំងពីក្រុងប៉េកាំងក្ដី


បើទោះបីជា ស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើងៗពីសំណាក់រដ្ឋាភិបាលក្រុងប៉េកាំងក្ដី ប៉ុន្ដែកោះតៃវ៉ាន់ នៅតែរក្សាជំហរឹងមាំរបស់ខ្លួនទាំងនៅក្នុងផ្នែកនយោបាយ យោធា និងសេដ្ឋកិច្ច។ ជាក់ស្ដែង នៅឆ្នាំ២០២១កន្លងទៅនេះ សេដ្ឋកិច្ចកោះតៃវ៉ាន់ សម្រេចបានកំណើនជាង៦% ជាអត្រាកំណើនលឿនបំផុតមិនធ្លាប់មាន គិតក្នុងរយៈពេលជាង១ទសវត្សរ៍កន្លងមកនេះ។ នេះបើតាមការរាយការណ៍ពីសារព័ត៌មានជប៉ុន Nikkei។
សេដ្ឋកិច្ចតៃវ៉ាន់ឆ្នាំ២០២១ កើនឡើងលឿនបំផុតមិនធ្លាប់មាន

តើសេដ្ឋកិច្ចកោះតៃវ៉ាន់កើនឡើង ត្រូវបានជំរុញដោយវិស័យអ្វីខ្លះ? មែនទែនទៅ កោះតៃវ៉ាន់ ត្រូវបានគេស្គាល់ថា គឺជាមូលដ្ឋានដ៏សំខាន់បំផុតមួយ ក្នុងការផលិតឧបរណ៍បច្ចេកវិទ្យាពិសេសបន្ទះឈីបតែម្ដង។ តួយ៉ាង កំណើនសេដ្ឋកិច្ចកោះតៃវ៉ាន់នៅឆ្នាំ២០២១ ត្រូវបានជំរុញពីក្រោយដ៏ខ្លាំងក្លា ដោយការនាំចេញផលិតផលបច្ចេកវិទ្យា ពិសេសនៅអំឡុងពេលកូវីដ១៩រាតត្បាត ក្នុងការគាំទ្រដល់តម្រូវការការធ្វើការងារ និងការសិក្សា ស្របពេលដែលទំនុកចិត្តអ្នកប្រើប្រាស់ក៏កំពុងងើបឡើងវិញផងដែរ។

នៅឆ្នាំ២០២១ ផលិតផលក្នុងស្រុកសរុបរបស់កោះតៃវ៉ាន់បានកើនឡើងជាង ៦% ធៀបនឹងឆ្នាំ២០២០ មានកំណើនត្រឹមតែជាង ៣%ប៉ុណ្ណោះ។ កំណើននៅឆ្នាំ២០២១ គឺជាអត្រាកំណើនមួយលឿនបំផុតមិនធ្លាប់មាន គិតតាំងពីឆ្នាំ២០១០ ដែលធ្លាប់មានកំណើនជាង ១០%។

នៅក្នុងនាមជាមជ្ឈមណ្ឌលដ៏សំខាន់ នៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់បច្ចេកវិទ្យាសកលលោក ដូចជាក្រុមហ៊ុន Apple ជាដើម សេដ្ឋកិច្ចកោះតៃវ៉ាន់ មានការលូតលាស់សេដ្ឋកិច្ចយ៉ាងល្អប្រសើរធៀបនឹងដៃគូនៅក្នុងតំបន់ ពិសេសការនាំចេញបន្ទះឈីបតែម្ដង។ ការនាំចេញរបស់កោះតៃវ៉ាន់ កើនឡើងជិត៣០% នៅក្នុងឆ្នាំ២០២១ ដែលជាអត្រាកំណើនខ្ពស់ ហើយសេដ្ឋកិច្ចកោះដែនមួយនេះ ក៏បន្ដទទួលបានប្រយោជន៍កាន់តែច្រើន ពីតម្រូវការកើនឡើងខ្ពស់សម្រាប់ការនាំចេញផលិតផលបច្ចេកវិទ្យាកម្រិតខ្ពស់ និងបន្ទះឈីប។

ទោះយ៉ាងណា នៅឆ្នាំនេះការនាំចេញរបស់កោះតៃវ៉ាន់ ត្រូវបានស្ថាប័នស្រាវជ្រាវសេដ្ឋកិច្ច Capital Economics អះអាង ទំនងជានឹងមិនអាចកើនឡើងដូចឆ្នាំកន្លងទៅនោះទេ ដោយសារតែបញ្ហាប្រឈមទាក់ទងនឹងការកើនឡើង អតិផរណាខ្ពស់ និងការគាំទ្រសារពើពន្ធធ្លាក់ចុះ បង្កឲ្យប៉ះពាល់ដល់ការចំណាយលើវិស័យលក់រាយនៅក្នុងទីផ្សារសំខាន់ៗ។ ហានិភ័យមួយទៀតនោះ គឺសេដ្ឋកិច្ចចិនមានកំណើនយឺត ខណៈដែលចិនក៏ជាដៃគូពាណិជ្ជកម្មធំមួយរបស់កោះតៃវ៉ាន់ផងដែរ។

សូមបញ្ជាក់ថា សេដ្ឋកិច្ចចិន នៅឆ្នាំ២០២១ បានកើនឡើង៨,១% ដែលជាកំណើនមួយខ្ពស់ជាងការរំពឹងទុក ប៉ុន្ដែ សេដ្ឋកិច្ចមហាអំណាចទី២ក្នុងពិភពលោកមួយនេះ ក៏ត្រូវបានគេមើលឃើញថា ហាក់មានការកើនឡើងយឺត គិតតាំងពីត្រីមាសទី២ឆ្នាំ២០២០មក ដោយសារតែវិស័យប្រើប្រាស់មានការចុះទន់ខ្សោយ និងបញ្ហាធ្លាក់ចុះនៅក្នុងវិស័យអចលនទ្រព្យជាដើម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផ្សារទំនើបអ៊ីអន៣ ចាប់ផ្ដើមរើសបុគ្គលិកជាបណ្ដើរៗ ខណៈការសាងសង់គ្រោងបញ្ចប់នៅឆ្នាំចុង២០២២នេះ

ព័ត៌មាន
វិស័យលក់រាយនៅកម្ពុជាបាននិងកំពុងចាប់ផ្ដើមមានការរីកដុះដាលកាន់តែខ្លាំងឡើង ដោយក្នុងនោះ យើងសង្កេតឃើញថាការពង្រីកខ្លួននៃហាងលក់ទំនិញ ផ្សារទំ…

វិបត្តិនៅអ៊ុយក្រែន៖ រុស្សីថាមិនបង្កការគំរាមកំហែងដល់អ៊ុយក្រែនឡើយ ហើយចង់បានទំនាក់ទំនងគោរពគ្នាទៅវិញទៅមកជាមួយអាមេរិក

ព័ត៌មាន
ភាគីរុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនចង់បានទំនាក់ទំនងបែបគោរពគ្នាទៅវិញទៅមកជាមួយសហរដ្ឋអាមេរិក និងបានបដិសេធការចោទប្រកាន់ថា ខ្លួនក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ