វិស័យទេសចរណ៍

ចំណូលទេសចរណ៍ថៃទំនងជាមិនអាចសម្រេចតាមគោលដៅ៤៥ពាន់លានដុល្លារបានទេនៅឆ្នាំនេះ


អាជ្ញាធរទេសចរណ៍ថៃ (TAT) បាននិយាយថា ប្រាក់ចំណូលពីវិស័យទេសចរណ៍នៅឆ្នាំនេះទំនងជារកបានសរុបជាង២ទ្រីលានបាត ប្រហែលជាង៣០ពាន់លានដុល្លារ គឺនៅខ្វះជាង៣០០ពាន់លានបាតប្រហែលជាង៨ពាន់លានដុល្លារទៀតទើបអាចបំពេញតាមគោលដៅ ដែលបានកំណត់ដោយរដ្ឋាភិបាលចំនួន៤៥ពាន់លានដុល្លារ ដោយសារចំនួនទេសចរអន្តរជាតិធ្លាក់ចុះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។
វិស័យទេសចរណ៍
ដោយ

ប្រធានអាជ្ញាធរទេសចរណ៍ថៃ (TAT) លោកស្រី ថាផានី គៀតផៃបុល (Thapanee Kiatphaibool) បាននិយាយថា ចំនួនភ្ញៀវបរទេសនៅឆ្នាំនេះកើនលើស២៥លាននាក់ គិតត្រឹមថ្ងៃទី៣ ខែធ្នូ។ ទោះជាកើនឡើងយ៉ាងណាក៏ដោយ ប៉ុន្តែប្រាក់ចំណូលបានមកពីការមកដល់របស់ភ្ញៀវបរទេសមានត្រឹមតែជាង៣០ពាន់លានដុល្លារប៉ុណ្ណោះ គិតត្រឹមថ្ងៃទី៣ ខែធ្នូ ជាតួលេខមួយដែលទាបជាងគោលដៅកំណត់របស់រដ្ឋ ដែលកំណត់ចំនួន៤៥ពាន់លានដុល្លារ សម្រាប់រយៈពេលពេញមួយឆ្នាំនេះ។

លោកស្រី ថាផានី បាននិយាយថា ទីភ្នាក់ងារនេះបានប៉ាន់ប្រមាណថា ភ្ញៀវទេសចរបរទេសចំនួន២លាននាក់នឹងចូលមកប្រទេសថៃ នៅក្នុងខែធ្នូ នេះ ដែលពួកគេអាចនឹងចាយប្រាក់ចន្លោះពីជិត៣ពាន់លានទៅជាង៥ពាន់លានដុល្លារ នៅក្នុងរដូវបុណ្យចុងឆ្នាំនេះ រួមទាំងព្រឹត្តិការណ៍រដូវរងាជាច្រើនផងដែរ​។

នៅខែចុងក្រោយនៃឆ្នាំនេះ ការចាយវាយរបស់ភ្ញៀវទេសចរអន្តរជាតិ គួរតែមានចន្លោះពី៣៣ពាន់លានដល់ជិត៣៦ពាន់លានដុល្លារ។
ដំណើរទេសចរណ៍ក្នុងស្រុកបានកើនលើសទីផ្សារអន្តរជាតិ ដោយមានការធ្វើដំណើរចំនួន២២៨លានដងក្នុងឆ្នាំនេះ ពោលគឺបានកើនលើសគោលដៅរបស់រដ្ឋ ចំនួន២២០លានដំណើរ ហើយគិតត្រឹមដំណាច់ឆ្នាំនេះ អ្នកដំណើរក្នុងស្រុកត្រូវបានគេរំពឹងថា នឹងធ្វើដំណើរបានចំនួន២៤០លានដំណើរ ដែលបង្កើតបានចំណូលចំនួនជាង២២ពាន់លានដុល្លារ។

លោកស្រី ថាផានី បាននិយាយថា ប្រជាជនថៃនៅក្រោយជំងឺឆ្លងរាតត្បាតបានធ្វើដំណើរញឹកញាប់ជាងមុន ប៉ុន្តែពួកគេក៏មានការត្បិតត្បៀតថវិកាជាងមុនផងដែរ។ ទីភ្នាក់ងារ TAT កត់សម្គាល់ថា ប្រាក់ចំណូលពីទេសចរណ៍របស់ប្រទេសថៃ នៅឆ្នាំនេះត្រូវបានគេព្យាករថា នឹងឈានដល់ចំនួនជិត៦០ពាន់លានដុល្លារ ដែលទាបជាងគោលដៅកំណត់របស់ខ្លួនដែលមានចំនួនជាង៦៧ពាន់លានដុល្លារ។

លោកស្រី ថាផានី បាននិយាយថា ការចំណាយក្នុងចំណោមភ្ញៀវបរទេសមានចំនួនជាង១ពាន់១រយដុល្លារក្នុងមួយដំណើរដែលវាខ្ពស់ជាងកម្រិតដែលបានកត់ត្រានៅមុនការរាតត្បាតនៃជំងឺកូវីដ ប៉ុន្តែវាទាបជាងការព្យាករថានឹងចំណាយចំនួនជាង១ពាន់៤រយដុល្លារក្នុងមួយដំណើរ។

អ្នកទេសចរផ្លូវឆ្ងាយដូចជាអ្នកមកពីប្រទេសរុស្ស៊ី និងអ៊ីស្រាអែលជាដើមបានចំណាយជាមធ្យមច្រើនជាងទីផ្សារផ្សេងទៀតក្នុងពេលពួកគេស្នាក់នៅក្នុងប្រទេសនេះ។ ចំណែកភ្ញៀវមកពីប្រទេសម៉ាឡេស៊ីដែលគេរំពឹងថានឹងមានចំនួន៤,៥លាននាក់ទៅដល់ប្រទេសថៃនៅឆ្នាំនេះ គឺភាគច្រើនបានកាត់បន្ថយរយៈពេលស្នាក់នៅរបស់ពួកគេក្នុងមួយដំណើរ។

ទន្ទឹមនេះដែរ ចំនួនភ្ញៀវទេសចរចិន ត្រូវបានគេរំពឹងថា នឹងមានចំនួនសរុបចន្លោះពី៣,៤-៣,៥លាននាក់នៅឆ្នាំនេះគឺខុសពីការព្យាកររបស់ទីភ្នាក់ងារ TAT ថានឹងមានចំនួនជាង៤លាននាក់។ លោកស្រី ថាផានី បាននិយាយថា ប្រសិនបើគ្មានការលើកលែងទិដ្ឋាការទេ ស្ថានភាពទេសចរណ៍អាចនឹងអាក្រក់ជាងនេះទៅទៀតដោយសារការធ្វើដំណើរក្នុងស្រុកនៅក្នុងប្រទេសចិន កំពុងរីកចម្រើនជាមួយនឹងតម្លៃថោកជាងការធ្វើដំណើរទៅក្រៅប្រទេសភាគច្រើន៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុននៅក្នុងខែធ្នូនេះ នឹងផ្តោតលើវិស័យ និងរឿងសំខាន់ៗអ្វីខ្លះ?

ព័ត៌មាន
កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែធ្នូ នៅទីក្រុងតូក្យូខាងមុខនេះ នឹងផ្តោតសំខាន់នៅលើឌីជីថលនីយកម្ម និង…

តំបន់រុនតាឯកនឹងក្លាយជាទីក្រុងថ្មីមួយមានការរីកចម្រើននាពេលអនាគត

ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសដាក់ចេញទិសដៅបន្តអភិវឌ្ឍន៍តំបន់រុនតាឯក ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ឱ្យកាន់តែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ