ថៃកំពុងពិចារណាទិញម៉ាស៊ីនចិននាវាមុជទឹកពីចិន

ថៃកំពុងថ្លឹងថ្លែងទទួលយកម៉ាស៊ីននាវាមុជទឹកផលិតដោយប្រទេសចិន ក្រោយពីអាល្លឺម៉ង់បដិសេធលក់ម៉ាស៊ីនឱ្យ


បច្ចុប្បន្ន ប្រទេសថៃកំពុងពិចារណាទិញម៉ាស៊ីននាវាមុជទឹកដែលផលិតដោយប្រទេសចិន មកបំពាក់ឱ្យនាវាមុជទឹកដែលខ្លួនគ្រោងទិញពីប្រទេសចិន។ ការពិចារណានេះកើតឡើងក្រោយពេលដែលប្រទេសអាល្លឺម៉ង់បានបដិសេធមិនលក់ម៉ាស៊ីនរបស់ខ្លួនឱ្យប្រទេសថៃ។ កងទ័ពជើងទឹកថៃនៅមានការបារម្ភពីរឿងគុណភាពរបស់ម៉ាស៊ីនចិន។ នេះបើតាមការផ្សាយដោយសារព័ត៌មានជប៉ុន Nikkei Asia។
ថៃកំពុងពិចារណាទិញម៉ាស៊ីនចិននាវាមុជទឹកពីចិន ប៉ុន្តែនៅបារម្ភរឿងគុណភាព
ដោយ

បើនៅទីបំផុតថៃសម្រេចទិញរបស់ចិនមែន នោះថៃនឹងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសអាស៊ីផ្សេងទៀត ដូចជាប៉ាគីស្ថាន មីយ៉ាន់ម៉ា​ និងបង់ក្លាដែស ដែលប្រើនាវាមុជទឹកផលិតនៅប្រទេសចិន។

ប្រទេសថៃកាលពីឆ្នាំ២០១៧ បានយល់ព្រមទិញនាវាមុជទឹកពីប្រទេសចិនមួយគ្រឿងក្នុងតម្លៃជិត ៣៧០ លានដុល្លារ។ កិច្ចព្រមព្រៀងនេះបង្ហាញពីទំនាក់ទំនងកាន់តែស៊ីជម្រៅរបស់ប្រទេសថៃជាមួយប្រទេសចិនដែលជាអ្នកផ្គត់ផ្គង់គ្រឿងបរិក្ខារយោធា។ ពេលនោះ របបយោធាដែលដឹកនាំដោយនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-ocha) បានធ្វើតុល្យភាពទំនាក់ទំនងយុទ្ធសាស្ត្ររបស់ខ្លួនជាមួយប្រទេសចិន ជាហេតុធ្វើឱ្យសហរដ្ឋអាមេរិកគ្នាន់គ្នេរចិត្ត បន្ទាប់ពីរដ្ឋប្រហារនៅឆ្នាំ២០១៤។

ប៉ុន្តែ​ផែនការ​នេះ​បានគាំង​កាលពី​ឆ្នាំមុន ​បន្ទាប់ពី​អាល្លឺម៉ង់​បាន​ជំទាស់​នឹង​ការប្រើប្រាស់ម៉ាស៊ីននាវាមុជទឹករបស់ខ្លួនសម្រាប់បំពាក់ឱ្យនាវាមុជទឹករបស់ប្រទេសចិន។ អាល្លឺម៉ង់មិនចង់ឱ្យថៃប្រើគ្រឿងម៉ាស៊ីនរបស់ខ្លួននៅលើផលិតផលយោធាដែលចិននាំចេញទេ។ ហេតុដូច្នេះ ក្រុមហ៊ុនផលិតនាវាមុជទឹកគ្រប់គ្រងដោយរដ្ឋចិន បានផ្តល់ជម្រើសឱ្យថៃទិញម៉ាស៊ីននាវាមុជទឹកដែលផលិតដោយប្រទេសចិន។ ដើមឡើយ ប្រទេសថៃមានភាពស្ទាក់ស្ទើរនៅឡើយ ដោយព្រួយបារម្ភពីបញ្ហាគុណភាព។ ប៉ុន្តែ យោងតាមប្រភពនៅក្រសួងការពារជាតិថៃ មន្ត្រីកងទ័ពជើងទឹកថៃ និងអាជ្ញាធរចិន នឹងជួបពិភាក្សាគ្នាអំពីកិច្ចព្រមព្រៀងនាវាមុជទឹកនៅចុងខែនេះ។

ប្រភពនៅក្រសួងការពារជាតិថៃបានឱ្យដឹងថា ទាក់ទិននឹងការទិញម៉ាស៊ីននាវាចិនមកជំនួសឱ្យម៉ាស៊ីនអាល្លឺម៉ង់នេះ ប្រទេសថៃក៏បានស្វែងរកព័ត៌មានអំពីគុណភាពរបស់វាពីប្រទេសប៉ាគីស្ថានផងដែរ។ បើគេចាំមិនខុសទេនោះ ប៉ាគីស្ថានដែលស្និតជាមួយចិន មាននាវាមុជទឹកប្រភេទ យួន (Yuan) ចំនួន៨គ្រឿង ដែលត្រូវបានរាយការណ៍ថាប្រើប្រាស់ម៉ាស៊ីនស្រដៀងនឹងអ្វីដែលចិនកំពុងចង់ផ្តល់ឱ្យថៃដែរ។

បើយោងតាមប្រភពចារកម្មយោធាបានប្រាប់ Nikkei Asia ថា កង​ទ័ព​ជើង​ទឹក​ថៃ​ក៏​បានប្រើប្រាស់​មេធាវី​ ដើម្បី​សម្រេចបាន​កិច្ច​សន្យា​។ ពួកមេធាវីកំពុងស្វែងរកចន្លោះប្រហោងក្នុងច្បាប់ដើម្បីកែតម្រូវ សំដៅជំរុញកិច្ចព្រមព្រៀងនេះឱ្យទៅមុខ។ ប្រភពដដែលបន្ថែមថា «វាជារឿងរមាស់ខ្លាំងណាស់ ព្រោះអាចមានបញ្ហាសម្រាប់កងទ័ពជើងទឹក ប្រសិនបើកិច្ចសន្យាត្រូវបានរំលោភ ហើយប្រាក់យ៉ាងច្រើនកំពុងត្រូវបានចំណាយ»។

ដោយឡែក​ អ្នកវិភាគផ្នែកសន្តិសុខតំបន់មួយចំនួនយល់ឃើញថា ប្រទេសចិនបាននឹងកំពុងបញ្ចុះបញ្ចូលកងទ័ពជើងទឹកថៃឱ្យទទួលយកម៉ាស៊ីននាវាមុជទឹករបស់ខ្លួន ជាជាងបំណងចេញពីប្រទេសថៃខ្លួនឯង។ លោកហ្សាការី អាប៉ូហ្សា​ (Zachary Abuza) សាស្ត្រាចារ្យផ្នែកសន្តិសុខអាស៊ីអាគ្នេយ៍នៅមហាវិទ្យាល័យសិក្សាសង្គ្រាម ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិ​ក បាននិយាយថា បើទោះបីជាមានការកែលម្អគុណភាពម៉ាស៊ីននាវាមុជទឹករបស់ចិនក៏ដោយ ប៉ុន្តែអ្វីនៅពីក្រោយនោះគឺថា ចិនកំពុងដាក់សម្ពាធការទូតយ៉ាងខ្លាំងលើកងទ័ពជើងទឹកថៃ ឱ្យទទួលយកម៉ាស៊ីនរបស់ចិន។

ជាមួយគ្នានេះ ក្រៅពីប៉ាគីស្ថាន ចិនបានប្រឹងប្រែងផ្គត់ផ្គង់នាវាមុជទឹកទៅឱ្យបង់ក្លាដែស និងមីយ៉ាន់ម៉ាផងដែរ។ វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិនៅទីក្រុង Stockholm ដែលតាមដានការជួញដូរអាវុធនៅលើសកលលោក បានឱ្យដឹងថា «នាវាមុជទឹកគឺជាផ្នែកមួយនៃការពង្រីកវត្តមានរបស់ប្រទេសចិនក្នុងនាមជាមហាអំណាចទើបរះ និងជាខ្សែសង្វាក់ផ្គត់ផ្គង់យោធារបស់ខ្លួននៅតំបន់អាស៊ី»៕




អត្ថបទបន្ទាប់


GDP នូវែលហ្សេឡង់ធ្លាក់ចុះក្នុងអត្រា ០,១% ជាហេតុនាំឱ្យមានឱនភាពសេដ្ឋកិច្ច

ព័ត៌មាន
ទិន្នន័យបានបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសនូវែលសេឡង់បានធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច ខណៈដែលសេដ្ឋកិច្ចរបស់ប្រទេសនេះបានធ្លាក់ចុះក្នុងត្រ…

បុរី មេគង្គ លែន បរិច្ចាកថវិការ ជូនដល់អង្គការហូប កម្ពុជា ក្នុងការពិនិត្យ និងព្យាបាលត្រចៀក ច្រមុះ ជូនដល់ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មឱកាសខ្ញុំ

ព័ត៌មាន
បុរីមេគង្គ លែន បានចូលរួម ឧបត្ថម្ភថវិកាតាមរយៈ អង្គការហូប កម្ពុជា សម្រាប់កម្មវិធីពិនិត្យ និងព្យាបាល ត្រចៀក ច្រមុះ បំពង់ក មិនគិតកម្រៃ ជូនអ្ន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ