អឺរ៉ុប-អាមេរិក

EUបញ្ជូនសារប្រាប់អាមេរិកថា «អឺរ៉ុបមានសង្រ្គាមរួចទៅហើយ កុំមកបង្កើតសង្រ្គាមពាណិជ្ជកម្មអ្វីទៀត!»


ក្តីសង្ឃឹមដែលថា ការឈ្នះឆ្នោតរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ក្នុងរយៈពេលពីរឆ្នាំមកនេះ អាចនឹងស្តារទំនាក់ទំនងដ៏ជិតស្និទ្ធរវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបឡើងវិញនោះ គឺបានត្រឹមតែទទួលការខកចិត្តប៉ុណ្ណោះ។ មេដឹកនាំអឺរ៉ុបកំពុងនិយាយដោយបើកចំហរនៃការប្រកួតប្រជែងជាមួយវ៉ាស៊ីនតោន មិនមែនត្រឹមតែមិត្តភាពនោះទេ។
តើទំនាក់ទំនងសហរដ្ឋអាមេរិក និងអឺរ៉ុបកំពុងដើរដល់ចំណុចរបត់ឬ?

ភាពរកាំរកូសរវាងសហភាពអឺរ៉ុប និងអាមេរិក គឺបានចាប់ផ្ដើមកើនឡើងខ្លាំងនៅពេលដែលអាមេរិកបានដាក់ចេញនូវច្បាប់កាត់បន្ថយអតិផរណារបស់ខ្លួន ដោយអឺរ៉ុបចាត់ទុកថា ជាការបង្កផលប៉ះពាល់ដល់ក្រុមហ៊ុនរបស់អឺរ៉ុបដែលរកស៊ីនៅអាមេរិក។

ក្រុមមដឹកនាំអឺរ៉បុ បាននិយាយថា ជម្លោះជាមួយទីក្រុងវ៉ាស៊ីនតោនគឺជារឿងចុងក្រោយដែលពួកគេចង់បញ្ចប់ដោយសារសង្គ្រាមកំពុងតែឆាបឆេះនៅមាត់ទ្វាររបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន ហើយដំណោះស្រាយរួមដ៏សំខាន់នោះ គឺការបញ្ឈប់ការឈ្លានពានរបស់រុស្ស៊ី។ ប៉ុន្តែពេលនេះ លុយ គឺជាការគំរាមកំហែងដល់ការរួបរួមរបស់អឺរ៉ុប។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន AP។

អនុប្រធានគណៈកម្មការអឺរ៉ុបលោកស្រី ម៉ាហ្ក្រេត វេស្តេហ្ក័រ (Margrethe Vestager) បានប្រាប់សមាជិកសភាកាលពីថ្ងៃពុធ ទី១៤ ធ្នូ នេះថា៖ «យើងមានសង្គ្រាមនៅអឺរ៉ុបរួមទៅហើយ អ្វីដែលយើងមិនចង់បានទៀតនោះ គឺសង្គ្រាមពាណិជ្ជកម្ម»។

មែនទែនទៅ មេដឹកនាំនៃប្លុកអឺរ៉ុបទាំង២៧ប្រទេសកំពុងជជែកពិភាក្សាគ្នាអំពីគោលនយោបាយដែលមិនស្មើភាព និងអយុត្តិធម៌របស់សហរដ្ឋអាមេរិក ដែលពួកគេមើលឃើញថា ទីក្រុងវ៉ាស៊ីនតោនហាក់កំពុងទាត់ចោលសម្ព័ន្ធមិត្តដ៏យូរអង្វែង និងគួរឱ្យទុកចិត្តគឺអឺរ៉ុប ចេញពីទីផ្សាររបស់សហរដ្ឋអាមេរិក។

អ្វីដែលសហភាពអឺរ៉ុបមានការតឹងសរសៃកនោះ គឺច្បាប់កាត់បន្ថយអតិផរណារបស់សហរដ្ឋអាមេរិក ដែលវាជាផែនការក្នុងទំហំទឹកប្រាក់ ៣៦៩ ពាន់ដុល្លារ ដែលអាមេរិកត្រៀមក្នុងការគាំទ្រ និងទ្រទ្រង់ដល់ក្រុមហ៊ុនផលិតរបស់ខ្លួននៅក្នុងស្រុក តាមរយៈការឧបត្ថម្ភធន ហើយសហភាពអឺរ៉ុបបានចាត់ទុកថា វាគឺការរើសអើងដោយអយុត្តិធម៌ចំពោះក្រុមហ៊ុនរបស់ពួកគេ ដែលមិនមានផលិតកម្មនៅអាមេរិក។

ទំនាក់ទំនងនៃភាពជាដៃគូដ៏ជិតស្និទ្ធរវាងសហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុប គឺពួកគេមានមោទនភាពជាយូរយារណាស់មកហើយលើការធ្វើពាណិជ្ជកម្មសេរី ដោយមិនមានការឧបត្ថម្ភធនលើសលប់ និងច្បាប់គាំពារនិយម។ ផ្ទុយស្រឡះ ច្បាប់អាមេរិកថ្មីនេះ បានធ្វើឱ្យទីក្រុងព្រុចសែលហាក់មានអារម្មណ៍ថា ទីក្រុងវ៉ាស៊ីនតោនកំពុងក្បត់ស្មារតីនៃការប្រកួតប្រជែងដោយយុត្តិធម៌។

ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានសរសេរទៅកាន់មេដឹកនាំសហភាពអឺរ៉ុបនៅមុនកិច្ចប្រជុំកំពូលចុងឆ្នាំរបស់ពួកគេថា «ធាតុផ្សំនៃច្បាប់កាត់បន្ថយអតិផរណារបស់សហរដ្ឋអាមេរិក (IRA) គឺប្រថុយប្រថាននឹងធ្វើឱ្យកើតមានទីលានប្រកួតប្រជែង រើសអើងប្រឆាំងនឹងក្រុមហ៊ុនអឺរ៉ុប»។

គួរជម្រាបថា ជម្លោះពាណិជ្ជកម្មគឺជាបន្ទាត់ក្រហមអស់ជាច្រើនទសវត្សរ៍នៅក្នុងទំនាក់ទំនងអាមេរិក-អឺរ៉ុបដែលត្រូវបានគូសបញ្ជាក់ដោយការប្រកួតប្រជែងជុំវិញការឧបត្ថម្ភធនលើឧស្សាហកម្មយន្តហោះ និងការនាំចេញដែកថែប និងប៉ះពាល់ដល់អ្វីគ្រប់យ៉ាងរាប់តាំងពីផលិតសាច់គោចាក់អរម៉ូន រហូតដល់ការនាំចេញស្រាជាដើម។

ក្រៅពីថ្លែងទៅកាន់មេដឹកនាំនៃរដ្ឋជាសមាជិក លោកស្រី វ៉ុន ឌឺឡឺយេន ក៏បានធ្វើដំណើរទៅសភាសហភាពអឺរ៉ុបកាលពីថ្ងៃពុធ ដើម្បីបញ្ចេញការត្អូញត្អែររបស់ខ្លួនផងដែរ ដោយលោកស្រីបានលើកឡើងទិដ្ឋភាពបីគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញច្បាប់កាត់បន្ថយអតិផរណារបស់អាមេរិកនេះ។ ទីមួយ គឺវានឹងធ្វើឲ្យអ្នកប្រើប្រាស់និយមទិញតែផលិតផលអាមេរិក ដែលមានការគាំទ្រដ៏ធំនៅពីក្រោយដោយច្បាប់កាត់បន្ថយអតិផរណា (IRA)នេះ។ ទី២ គឺការបន្ធូរបន្ថយពន្ធ ដែលអាចឈានដល់ការរើសអើងសម្រាប់ក្រុមហ៊ុនបរទេស នៅក្រៅសហរដ្ឋអាមេរិក។ និងទីបី ការឧបត្ថម្ភធនផលិតកម្មរបស់អាមេរិក ដែលអាចធ្វើឲ្យក្រុមហ៊ុនអឺរ៉ុបខូចខាត បាត់បង់នូវភាពប្រកួតប្រជែង ដូចនេះយើងត្រូវដោះស្រាយបញ្ហាទាំងនេះ»។

ទោះបីជាយ៉ាងណា លោក Biden បានទទួលស្គាល់ «កំហុស» នៅក្នុងច្បាប់នេះ ហើយបាននិយាយកាលពីដើមខែនេះ នៅចំពោះមុខប្រធានាធិបតីបារាំងលោក Emmanuel Macron ថា «វាអាចមានការកែប្រែដែលអាចធ្វើទៅបាន» ដើម្បីបំពេញចិត្តសម្ព័ន្ធមិត្តអឺរ៉ុប។ ប៉ុន្តែសមាជិកសភាប្រជាធិបតេយ្យម្នាក់ដែលជាតាក់តែងសំខាន់នៃច្បាប់កាត់បន្ថយអតិផរណានេះបាននិយាយថា លោកគ្មានចេតនាបើកកកាយវាឡើងវិញទេ៕




អត្ថបទបន្ទាប់


EU សន្យាវិនិយោគ១០ពាន់លានដុល្លារនៅអាស៊ាន ខណៈវៀតណាមទទួលបានជំនួយរាប់ពាន់លានលើការផ្លាស់មកប្រើថាមពលស្អាត

ព័ត៌មាន
នៅទីក្រុងព្រុចសែលប្រទេសប៊ែលហ្ស៊ិក កាលពីថ្ងៃទី១៤ធ្នូ អឺរ៉ុបបានលាកម្រាលព្រំក្រហមទទួលមេដឹកនាំអាស៊ាន ក្នុងជំនួបកំពូលអឺរ៉ុប-អាស៊ាន ដែលមានកម្…

ហេតុផលអ្វីខ្លះធ្វើឲ្យចំណូលពលរដ្ឋនៅកោះតៃវ៉ាន់ និងកូរ៉េខាងត្បូង នឹងវ៉ាដាច់ជប៉ុន នៅឆ្នាំ២០២២?

ព័ត៌មាន
ការព្យាករថ្មីមួយរបស់ស្ថាប័នស្រាវជ្រាវសេដ្ឋកិច្ចជប៉ុនបានបង្ហាញថា ជប៉ុន អាចនឹងធ្លាក់ចុះលេខរៀងមកឈរនៅពីក្រោយកោះ តៃវ៉ាន់ និងកូរ៉េខាងត្បូង សម្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ