ឱនភាពថវិកាជាតិឆ្នាំ២០២៣ អាចនឹងមានត្រឹមតែជាង ៤០០លានដុល្លារប៉ុណ្ណោះ

ក្រសួងសេដ្ឋកិច្ចប៉ាន់ប្រមាណថា ឱនភាពថវិកាជាតិឆ្នាំ២០២៣ អាចនឹងមានត្រឹមតែជាង ៤០០លានដុល្លារប៉ុណ្ណោះ ដែលទាបការគ្រោងទុក


ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប៉ាន់ប្រមាណថា ឱនភាពថវិកាជាតិនៅក្នុងឆ្នាំ២០២៣នេះ អាចនឹងមានក្នុងរង្វង់ត្រឹមតែ ៤០០លានដុល្លារប៉ុណ្ណោះ ឬស្មើនឹង -៧,២៧% នៃផលិតផលក្នុងស្រុកសរុប ពោលគឺមានទាបជាងអ្វីដែលបានព្យាករទុកពីមុន។ ការប៉ាន់ស្មាននេះ គឺផ្អែកលើ លទ្ធផលនៃការអនុវត្តចំណូល និងចំណាយនៅឆមាសទី១ ក្នុងឆ្នាំ២០២៣ ដោយក្រសួងសេដ្ឋកិច្ច ប៉ាន់ស្មានថា ថវិកាថ្នាក់ជាតិមានអតិរេកបណ្ដោះអាសន្ន នៅឆមាសទី១នេះ មានរហូតប្រមាណ ២៣០លានដុល្លារ ប៉ុន្ដែ ការចំណាយនឹងត្រូវពន្លឿននៅត្រីមាសទី២វិញ។
ឱនភាពថវិកាជាតិឆ្នាំ២០២៣ អាចនឹងមានត្រឹមតែជាង ៤០០លានដុល្លារប៉ុណ្ណោះ
ដោយ

យោងតាមរបាយការណ៍ស្តីពី លទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ និងការវាយតម្លៃការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញថា ចំណូលថវិកាថ្នាក់ជាតិឆមាសទី១ ឆ្នាំ២០២៣ អនុវត្តបាន ៥០,៧% នៃច្បាប់ហិរញ្ញវត្ថុ គឺមានសន្ទុះយឺតជាង ៧,៥ពិន្ទុ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ ដោយឡែក ចំពោះការចំណាយថវិកាថ្នាក់ជាតិវិញ សម្រេចបានល្អប្រសើរជាងឆ្នាំ២០២២ ពោលសម្រេចបាន ៤៣,៥% នៃច្បាប់ហិរញ្ញវត្ថុ។ ផ្អែកលើលទ្ធផលនៃការអនុវត្តចំណូល-ចំណាយក្នុងឆមាសទី១ឆ្នាំ២០២៣ ថវិកាថ្នាក់ជាតិមានអតិរេកបណ្ដោះអាសន្នរហូតប្រមាណ ២៣០លានដុល្លារ។

បើតាមការប៉ាន់ស្មានរបស់ក្រសួងសេដ្ឋកិច្ច រហូតដល់បំណាច់ឆ្នាំ២០២៣ នឹងមានឱនភាពថវិកា ក្នុងរង្វង់ប្រមាណជាង ៤០០លានដុល្លារ ឬទំហំស្មើនឹង -៧,២៧% នៃGDP គឺទាបជាងកម្រិតនៃឱនភាពដែលបានគ្រោងក្នុងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដែលរំពឹងថានឹងមានស្មើនឹង -៧,៥៦% នៃGDP ខណៈរាជរដ្ឋាភិបាលបានគ្រោងប្រើប្រាស់ប្រាក់សន្សំប្រមាណ ៦០០លានដុល្លារ ដើម្បីបំពេញសម្រាប់ការចំណាយក្នុងឆ្នាំ២០២៣នេះ។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជា យល់ឃើញថា ដោយសារកន្លងមក សេដ្ឋកិច្ចកម្ពុជា បានរងផលប៉ះពាល់ដោយសារវិបត្តិមួយចំនួន ដែលរាជរដ្ឋត្រូវចំណាយថវិកាអស់ជាច្រើន ទើបនៅឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជា ហាក់មានការរឹតត្បិតទៅលើការចំណាយផ្សេងៗ។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី បណ្ឌិត ហុង វណ្ណៈ នៅតែយល់ឃើញថា ការចំណាយរបស់រាជរដ្ឋាភិបាលនៅឆ្នាំ២០២៣នេះ ហាក់មិនទាន់មានកម្រិតខ្ពស់នៅឡើយ បើធៀបទៅនឹងឆ្នាំ២០២២។ សម្រាប់អ្នកជំនាញសេដ្ឋកិច្ចរូបនេះ ការរឹតត្បិតលើការចំណាយពីសំណាក់រាជរដ្ឋាភិបាល មិនបានធ្វើឲ្យប៉ះពាល់ដល់ចរន្តសេដ្ឋកិច្ចនោះទេ ក៏ប៉ុន្តែ វាបានបង្ហាញពីភាពវិជ្ជមាន និងយកចិត្តទុកដាក់ខ្ពស់សម្រាប់ការចំណាយសាធារណៈ។ ម្យ៉ាងវិញទៀត វាក៏បានបង្ហាញឲ្យឃើញថា ការចាយវាយរបស់រាជរដ្ឋាភិបាលកម្ពុជា មានការគិតគូយ៉ាងលម្អិត និងត្រឹមត្រូវច្បាស់លាស់ សមស្របទៅតាមតម្រូវការរបស់សង្គម ថែមទៀតផង។
សូមបញ្ជាក់ថា នៅឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាប្រមាណ ៩ពាន់៦រយលានដុល្លារ ស្មើនឹងជិត ៣០% នៃផលិតផលក្នុងស្រុកសរុប មានកំណើន ១៣% ធៀបនឹងច្បាប់ឆ្នាំ២០២២។ ដោយឡែក សម្រាប់ផែនការប្រមូលចំណូលក្នុងប្រទេស ថវិការដ្ឋ ឬថវិកាជាតិ ត្រូវបានគ្រោងចំនួន ៧ពាន់ ២០០លានដុល្លារ ស្មើនឹងជាង ២២% នៃ ផលិតផលក្នុងស្រុកសរុប មានកំណើន ១៤.៥% ធៀបនឹងច្បាប់ថវិកាឆ្នាំ ២០២២។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ជាក់ថា ថវិកាជាតិឆ្នាំ២០២៣ ត្រូវបានគិតគូរ ផងដែរ ដល់ការធានាជោគជ័យនៃកិច្ចដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ និងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ជាដើម៕




អត្ថបទបន្ទាប់


អាស៊ីអាគ្នេយ៍កំពុងក្លាយជាទីផ្សារសក្តានុពល និងជាមជ្ឈមណ្ឌលផលិតរថយន្តអគ្គិសនី

ព័ត៌មាន
តំបន់អាស៊ីអគ្នេយ៍កំពុងតែត្រូវបានប្រែក្លាយជាទីផ្សារ និងជាមជ្ឈមណ្ឌលផលិតកម្មរថយន្តអគ្គិសនីដ៏សំខាន់របស់ពិភពលោក ។ ទីផ្សារយានយន្ដអគ្គិសនីនៅក្នុង…

គណបក្សភឿថៃ កំពុងតែទទួលភ្លើងខៀវពីព្រឹទ្ធសមាជិក និង គណបក្ស៣ទៀត ដែលមានអសនៈនៅសភា

ព័ត៌មាន
គណបក្សភឿថៃ ក្រោយពីបោះបង់គណបក្សឆ្ពោះទៅមុខមកជួបចរចាជាមួយនឹងគណបក្សភូមិចៃថៃ ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ បាននិងកំពុងតែទទួលភ្លើងខៀវ និង សមា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ